ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានចាប់ផ្ដើមពីចុងខែកុម្ភៈ នេះតទៅហើយ ដោយមានការប្រកួតដែលបែងចែកចេញជា ២វគ្គដូចកាលពីឆ្នាំ២០១៨ ដែរគឺវគ្គប្រកួតជម្រុះថ្នាក់ខេត្ត និងវគ្គប្រកួតជម្រុះថ្នាក់ជាតិ។
យោងតាមប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការប្រកួតវគ្គថ្នាក់ខេត្តនឹងចាប់ផ្ដើមមុនគេ ដោយចាប់ប្រកួតពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈមានក្រុមទាំងអស់ចំនួន ២៣ចូលរួម មកពី២៣ខេត្ត ដែលបែងចែកចេញជា ៦ពូលដែល១ពូលមាន ៤ក្រុម លើកលែងតែពូល F ដែលមានតែ៣ក្រុម ធ្វើការប្រកួតចំនួនមួយជើងប៉ុណ្ណោះ រៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធ នៃសប្ដាហ៍នីមួយៗ។
សម្រាប់សមាសភាពក្រុមទាំង២៣ ដែលនឹងត្រូវប្រកួតក្នុងវគ្គថ្នាក់ខេត្តរួមមានពូល A មានបាត់ដំបង , ប៉ៃលិន , ពោធិ៍សាត់ និង បន្ទាយមានជ័យ ពូល B មានស្វាយរៀង , ព្រៃវែង , ត្បូងឃ្មុំ និង កណ្ដាល ពូល C មានស្ទឹងត្រែង , រតនគិរី , ក្រចេះ និង មណ្ឌលគីរី ពូល D មានកំពត , កែប , ព្រះសីហនុ និង កោះកុង ពូល E មានកំពង់ធំ , សៀមរាប , ឧត្តរមានជ័យ និងព្រះវិហារ ពូល F មាន តាកែវ , កំពង់ស្ពឺ និងកំពង់ឆ្នាំង។
ចំពោះលទ្ធផលវគ្គនៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩ នេះក្រុមខេត្តកំពត ប្រកួតស្មើគ្នាជាមួយក្រុមខេត្តកែប ១ទល់១ លើទីលានកីឡដ្ឋានខេត្តកំពត ហើយក្រុមខេត្តព្រះសីហនុ ស្មើគ្នាជាមួយក្រុមខេត្តកោះកុង ០ទល់០ លើទីលានកីឡដ្ឋានខេត្តព្រះសីហនុ និងខេត្តកំពង់ធំ ឈ្នះក្រុមខេត្តសៀមរាប លើទីលានកីឡដ្ឋានខេត្តកំពង់ធំ។ នៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ វិញក្រុមខេត្តឧត្តរមានជ័យ ចាញ់ក្រុមខេត្តព្រះវិហារ ៣ទល់២ លើទីលានកីឡដ្ឋានខេត្តឧត្តរមានជ័យ និងខេត្តតាកែវ ចាញ់ក្រុមខេត្តកំពង់ស្ពឺ ៤ទល់២ លើទីលានកីឡដ្ឋានខេត្តតាកែវ។
តាមគម្រោងការប្រកួតដែលមានតែ ១ជើង ក្រុមចំនួន១៦ នឹងត្រូវរើសចេញពីចំណោមក្រុមទាំង២៣ គឺក្រុមលេខ ១ និងលេខ ២ ប្រចាំពូលទាំង៦ បូកបញ្ចូលជាមួយក្រុមលេខ ៣ល្អចំនួន ៤ក្រុមផ្សេងទៀត ដើម្បីប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ និងជាបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់មក ក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃវគ្គថ្នាក់ខេត្តចំនួន២ក្រុម នឹងទទួលបានកៅអីឡើងមកប្រកួតវគ្គថ្នាក់ជាតិ បន្តទៀត ជាមួយក្រុមចំនួន១៤ ដែលជាសមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ប្រកួតចំនួន២ជើង ( ក្នុងដី និងក្រៅដី ) លើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួតតែ ១ជើង។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments