Ad Code

ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចេញលិខិត​បញ្ជាក់​ផ្សេងៗ​សម្រាប់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា



ភ្នំពេញ​ ៖ ក្រសួងមហាផ្ទៃ បាន​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ជួយ​សម្របសម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចេញ​លិខិត​បញ្ជាក់​ផ្សេងៗ​ជូន​ដល់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​។



លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត នឹង​ចាប់ផ្ដើម​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​។ ដើម្បី​ធានា​ឲ្យ​ដំណើរការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ស្របតាម​ប្រតិទិន​របស់ គ​.​ជ​.​ប ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត ណែនាំ​ដល់​អាជ្ញាធរ ឃុំ សង្កាត់ ជួយ​សម្របសម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចេញលិខិត​បញ្ជាក់​ផ្សេងៗ​ជូន​ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​គណបក្ស​នយោបាយ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុងការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា តាមច្បាប់​ស្ដីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត អាណត្តិ​ទី​៣ ឆ្នាំ​២១០៩​ខាងមុខ។

សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទៅ​២៦ ខែឧសភា ឆ្នាំ​២០១៩ ហើយ​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត បាន​ចាប់ផ្តើម​ដំណើរ កាលពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ មាន​រយៈពេល​១៣​ថ្ងៃ ដោយ​មិន​រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផ្លូវការ​។ ក្នុង​នោះ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​១,៦៤៦ នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​បើក​ព្រមៗ​គ្នា​ក្នុង​ថ្ងៃ​តែមួយ​។ អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា គឺជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង ដែលមាន​សមាជិក​សរុប​ចំនួន​១១,៥៧២ នាក់ ទូទាំងប្រទេស​។



លោក មាន ស​ទិ សមាជិក គ​.​ជ​.​ប បាន​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ២០១៩ ថា គណបក្ស​នយោបាយ​ដែលមាន​បំណង​ចូលរួម​ប្រ​កូត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ត្រូវ​ចាប់ផ្តើម​ដាក់ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ បោះឆ្នោត​នៅ​គណៈកម្មការ​រា​ធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) យ៉ាងតិច​៨០ ថ្ងៃ មុន​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត មានន័យថា ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​រយៈពេល​តែ ៥ ថ្ងៃ ប៉ុណ្ណោះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩។

ចំណែក កែវ ផល្លា ទីប្រឹក្សា គ​.​ជ​.​ប និង​ជា​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម បាន​អះអាង​ថា រហូតមកដល់​ពេលនេះ គ​.​ជ​.​ប មិនអាច​សន្និដ្ឋាន​បាន​ថា មាន​គណបក្ស​នយោបាយ​ចំនួន​ប៉ុន្មាន នឹង​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ទេ ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​ចំនួន ៤ តែងតែ​ទាក់ទង​មក​មន្ត្រី​ជំនាញ ដើម្បី​សួរ​ព័ត៌មាន ហើយ​គណបក្ស​នយោបាយ​ទាំង​៤ នោះ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ហ៊្វុនស៊ិនប៉ិច​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu