យោងតាមសន្និសីទសារព័ត៌មានស្ដីពីពិធីបើកការប្រកួតក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ នៅរដូវកាលថ្មីដែលនឹងចូលមកដល់ថ្ងៃសៅរ៍ ទី១៦ ពាក់កណ្ដាលខែមីនា ឆ្នាំ២០១៩ ហើយក្នុងនោះក៏មានរឿងរ៉ាវមួយចំនួនដែលទស្សនិកជនគួរដឹងផងដែរ។
ចំពោះបញ្ហាបន្ថែមកីឡាករបរទេសម្នាក់ទៀតនៅកៅអីបម្រុង គឺអំឡុងពេលប្រកួត គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅតែគោរពគោលការណ៍ ៣+១ ដដែល ដោយឡែកកីឡារបរទេសទី៥នោះអាចចុះឈ្មោះក្នុងបញ្ជីការប្រកួតដើម្បីត្រៀមផ្លាស់ប្តូរ។ ចំណែកពេលវេលាប្រកួតគឺប្រកួតទាំងអស់មានចំនួនពីរពេល គឺចាប់ពីម៉ោង៣និង៣០នាទីរសៀល និងមួយពេលទៀតចាប់ផ្ដើមពីម៉ោង៦ល្ងាច។
ចំណែកក្លិបជាសមាជិកគឺមានចំនួន១៤ក្រុមគឺ,ណាហ្គាវើល,បឹងកេត,វិសាខា,ក្រសួងការពារជាតិ,ភ្នំពេញក្រោន,ព្រះខ័នរាជស្វាយរៀង,អាស៊ីអឺរ៉ុបយូណាយធីត,អង្គរថាយហ្គឺរ,អគ្គស្នងការដ្ឋាននគរបាលជាតិ,សូលទីឡូអង្គរ,អគ្គិសនីកម្ពុជា,គិរីវង់សុខសែនជ័យ, មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី,ក្លិបកំពង់ចាម។
សម្រាប់កីឡដ្ឋានដើម្បីដំណើរការប្រកួតនោះ គឺចំពោះកីឡដ្ឋាន គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា មិនអនុញ្ញាតឲ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិកទៀតទេ គឺតម្រូវឲ្យក្លិបនីមួយៗរៀបចំកីឡដ្ឋានរៀងៗខ្លួន ដោយក្លិបមួយចំនួនបានកំពុងសាងសង់កីឡដ្ឋានរបស់ខ្លួនទៅតាមស្តង់ដារដែល គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានដាក់ឲ្យនៅក្នុងនោះក្លិបដែលមានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ប្រកួតរដូវកាលថ្មីឆ្នាំ២០១៩នេះ មានដូចជាក្លិបភ្នំពេញក្រោន ដែលបានប្រើកីឡដ្ឋាន R.S.N ក្លិព្រះខ័នរាជស្វាយរៀង ដែលបានប្រើកីឡដ្ឋាន ខេត្តស្វាយរៀង ក្លិបក្រសួងការពារជាតិ ដែលបានប្រើកីឡដ្ឋាន ស្តាតចាស់ ក្លិបបាល់ទាត់វិសាខា ដែលបានប្រើកីឡដ្ឋាន វិសាខា ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ដែលបានប្រើកីឡដ្ឋាន A.E.U Sport Park ក្លិបអគ្គិសនីកម្ពុជា ដែលបានប្រើកីឡដ្ឋាន អគ្គិសនីកម្ពុជា ក្លិបអង្គរថាយហ្គឺរ និង ក្លិបសូលទីឡូអង្គរ ដែលបានប្រើកីឡដ្ឋានខេត្តសៀមរាប ក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំ ដែលបានប្រើកីឡដ្ឋាន សាលាបាល់ទាត់ជាតិបាទី ក្លិបគីរីវង់សុខសែនជ័យ ដែលបានប្រើកីឡដ្ឋាន ខេត្តតាកែវក្រុមបាល់ទាត់ខេត្តកំពង់ចាម ដែលបានប្រើកីឡដ្ឋាន វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនមេមត់។ ដោយឡែកមានក្លិបចំនួន ៣ ដែលសង់កីឡដ្ឋានមិនទាន់រួចរាល់មានដូចជាក្លិបណាហ្គាវើល ត្រូវបានយកកីឡដ្ឋានស្តាតចាស់ ធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនបណ្តោះអាសន្ន ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយកីឡដ្ឋាន 7NG កំពុងស្ថិតក្នុងការសាងសង់ក៏ត្រូវបានយកកីឡដ្ឋានអគ្គិសនីកម្ពុជា ធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនបណ្តោះអាសន្នក្នុងការប្រកួតជើងទី១ ក្នុងពានរង្វាន់ Metfone Cambodian league ឆ្នាំ២០១៩ និងការប្រកួតជើងទី២ ក្លិបនឹងយកកីឡដ្ឋាន 7NG ធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនវិញ។ ក្លិបបឹងកេត ដែលកីឡដ្ឋានផ្ទាល់ខ្លួនកំពុងសាងសង់ និងបានរួចរាល់ក្នុងរយៈ២ខែខាងមុខ ក៏ត្រូវបានខកខានការប្រកួតក្នុងទឹកដីរបស់ខ្លួន ៣ ប្រកួតដំបូង។ ក្លិបបឹងកេត ក៏បានស្នើមក គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហើយក្លិបទាំងអស់ក៏បានយល់ព្រមការស្នើដើម្បីលើក៣ប្រកួតក្នុងទឹកដីដំបូងរបស់ខ្លួន ទៅប្រកួតជាក្រុមភ្ញៀវវិញ។
សម្រាប់រូបមន្តគិតចំណាត់ថ្នាក់ វិញ គឺក្នុងករណីបើក្លិបណាមួយមានពិន្ទុស្មើគ្នាគឺ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា គិតទៅលើ ទី១) គ្រាប់ចំណេញ ទី២)គ្រាប់ស៊ុតចូល ទី៣) Head to Head ទី៤)តាមពិន្ទុ Fair Play។ ក្លិបមានពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតវិលជុំទាំងអស់ នឹងក្លាយជាជើងឯក។ សូមបញ្ជាក់ថាតាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments