Ad Code

ក្រុម​បង់​ក្លា​ដេ​ស ធ្វើដំណើរ​មកដល់​រាជធានី​ភ្នំពេញ ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ម្ចាស់ផ្ទះ​កម្ពុជា



​ក្រុមបាល់ទាត់​ជម្រើសជាតិ​បង់​ក្លា​ដេ​ស បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​ពុធ ទី​៦​ខែ មីនា ឆ្នាំ​២០១៩ នេះ​តាម​ច្រក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការដឹកនាំ​ពី​សំណាក់ ​លោក Jamie Day ដែលជា​គ្រូបង្វឹក មុន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ម្ចាស់ផ្ទះ​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ​។



យោង​តាម​ការ​បង្ហាញ​ឈ្មោះ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដេ​ស បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់​ដូចជា​សម្រាប់​អ្នកចាំទី​មាន​កីឡាករ​Ashraful Islam Rana,Shahidul Yousuf Sohel,Anisur Rahman Zico ហើយ​ខ្សែការពារ​មាន​កីឡាករ Yeasin Khan,Monjurur Rahman Manik,Topu Barman,Tutul Hossain Badsha,Bishwanath Ghosh,Sushanto Tripura​ ​,Rahmat Mia ចំណែក​ខ្សែបម្រើ​មាន​កីឡាករ Jamal Bhuyan (​ប្រធាន​ក្រុម​),Atiqur Rahman Fahad,Mohammad Ibrahim,Biplu Ahmed,Masuk Mia Jony,Robiul Hasan,Mohammad Sohel Rana,Emon Mahmud Babu​។ ងាក​មក​មើល​ខ្សែប្រយុទ្ធ​វិញ​មាន​កីឡាករ Nabib Newaj Jibon,Tawhidul Alam Sabuz,Rubel Miya,Mahbubur Rahman Sufil,Motin Mia​។

យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លើកឡើងថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​កោះហៅ​ប្រមូល​ផ្តុំ​កីឡាករ​ចាប់ពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៧ ខែមីនា នេះ​តទៅ ខណៈ​នៅពេលនេះ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា បាន​ប្រកាស​លក់​សំបុត្រ​សម្រាប់​ទស្សនិកជន​ចូល​ទស្សនា​ហើយ​នៅមុខ​ច្រកចូល​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​បង់​ក្លា​ដេ​ស ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ ចំណែក​សំបុត្រ​មាន​បែង​ចែក​ជា​២​តម្លៃ​គឺ ប្រភេទ ទី​១ តម្លៃ​១០,០០០៛ និង​ប្រភេទ​ទី​២ ចំនួន​៥,០០០៛​។ ប្រកួត​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។



សូម​រំលឹក​ថា ​ក្រុម​បង់​ក្លា​ដេ​ស ជា​ក្រុម​ស្ថិតនៅ​ទ្វីបអាស៊ី​ភាគខាងត្បូង ខណៈ​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្លាប់​បាន​ប្រកួត​ជាមួយ​ក្រុម​បង់​ក្លា​ដេ​ស ផ្លូវការ​ចំនួន​៣​លើក​មក​ហើយ គឺ​នៅ​លើក​ទី​១ នៅ​ខែមេសា ឆ្នាំ​២០០៦ ដោយ​កាលនោះ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Challenge Cup តែ​កម្ពុជា បាន​បរាជ័យ​ដោយ​លទ្ធផល ២​ទល់​១ តែ​នៅ​ឆ្នាំ​២០០៧ ក្រុម​ទាំង​២​ប៉ះគ្នា​ម្តង​ទៀត ក្នុង​ពានរង្វាន់ Nehru Cup ក្នុង​ប្រទេស​ឥណ្ឌា លើ​ទីលាន​កីឡដ្ឋាន Dr. Ambedkar Stadium ក្នុង​ទីក្រុង New Delhi ខណៈ​ការប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា​១​ទល់​១​។ ចុងក្រោយ​នៅ​ឆ្នាំ​ខែមេសា ឆ្នាំ២០០៩ ក្រុម​ទាំង​២​ប៉ះគ្នា​ជា​លើកចុងក្រោយ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​ក្រុម​បង់​ក្លា​ដេ​ស បន្ត​ជ័យជម្នះ​ដោយ​លទ្ធផល​១​ទល់​០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu