ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ដែលគេស្គាល់ថា ជាអតីតមន្ដ្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់រាជធានីភ្នំពេញ បានក្លែងបន្លំខ្លួនធ្វើជាបុគ្គលិកមន្ទីររៀបចំដែនដី ដើរទារលុយគេឯងតាមការដ្ឋានសាងសង់នានាតែមកប៉ះចំប្រជាពលរដ្ឋមានខ្សែស្រឡាយធ្វើការដូចគ្នា ទើបសាកសួរហើយដឹងថា មិនមែនបុគ្គលិកត្រូវកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលក្លែងបន្លំខ្លួនត្រូវបានគេស្គាល់ឈ្មោះ តៃ អេង អាយុ ៧៥ឆ្នាំមុខរបរមន្ត្រីចូលនិវត្តន៍ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតភូមិក្រាំងស្ពឺ ឃុំរលាំងកែន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនបុរសនេះ ត្រូវបានប្រជាពលរដ្ឋម្នាក់បានមកប្ដឹងកម្លាំងនគរបាលថា បុរសរូបនេះ ក្លែងបន្លំខ្លួនជាបុគ្គលិកមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ដើរទារលុយគេឯង ខណៈនោះប៉ះចំការដ្ឋានសាងសង់មួយកន្លែងមានបងប្អូនធ្វើការងារនៅមន្ទីរដែរ ទើបសាកសួរទៅប្រធានមិនមានបុរសវ័យចំណាស់ម្នាក់នេះធ្វើការនៅក្នុងការិយាល័យទើបប្ដឹងកម្លាំងនគរបាលឲ្យឃាត់ខ្លួនមកកាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យតែម្ដង។
តាមប្រភពព័ត៌មានពីបុគ្គលិកមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បុរសវ័យចំណាស់ខាងលើនេះ ជាមន្ត្រីចូលនិវត្តន៍អស់រយៈកាលជាង១០ឆ្នាំមកហើយៗធ្លាប់ក្លែងបន្លំខ្លួនជាបុគ្គលិកមន្ទីរធ្វើបែបនេះ រួចត្រូវកម្លាំងនគរបាលឃាត់ខ្លួនម្ដងហើយដែរ ប៉ុន្តែមិនរាងចាល រហូតមកដល់ថ្ងៃកើតហេតុខាងលើប៉ះចំផ្ទះប្រជាពលរដ្ឋម្នាក់ដែលមានបងប្អូនគេធ្វើការនៅមន្ទីរនោះដែរ សាកសួរមិនស្គាល់ទើបប្ដឹងកម្លាំងនគរបាលឲ្យឃាត់ខ្លួនម្ដងទៀត តែមិនប្ដឹងផ្ដល់អ្វីនោះទេ សូមឲ្យកម្លាំងនគរបាលសាកសួរធ្វើកិច្ចសន្យាសម្រេចតាមច្បាប់ចុះ។
តាមប្រភពព័ត៌មានពីបុរសវ័យចំណាស់ខាងលើនេះ បានឲ្យដឹងថា កាលដំបូងឡើយរូបគាត់បុគ្គលិកមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ហើយចូលនិវត្តន៍អស់រយៈកាលជាង១០ឆ្នាំមកហើយ ប៉ុន្តែដោយសារជីវភាពគ្រួសារខ្វះខាតថែមទាំងមានជំងឺប្រចាំកាយផងនោះ ទើបសម្រេចចិត្តដើរធ្វើបែបនេះដើម្បីរកលុយចិញ្ចឹមជីវភាពគ្រួសារ។
បច្ចុប្បន្ននេះបុរសវ័យចំណាស់ខាងលើ ត្រូវកម្លាំងនគរបាលកំពុងសាកសួរនិងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments