Ad Code

ហេតុផល​ដែល​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ជប៉ុន សម្រេច​បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ ប្រាក់ ធី​វ៉ា ជា​អ្នកតំណាង​នៅ​ប្រទេស​កម្ពុជា



ខ្សែប្រយុទ្ធ ប្រាក់ ធី​វ៉ា សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ត្រូវបាន​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​ជប៉ុន​ដែលមាន​ឈ្មោះថា Mizuno បន្ត​តែងតាំង​ឲ្យ​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​តំណាង​ក្រុមហ៊ុន​មួយ​នេះ​ប្រចាំ​ប្រទេស​កម្ពុជា មួយឆ្នាំ​ទៀត បន្ទាប់ពី​ជោគជ័យ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​។



លោក Tai Saito ប្រធាន​ក្រុមហ៊ុន GFA Soriya ដែលជា​ដៃគូ​ផ្លូវការ​របស់​ផលិតផល MIZUNO បាន​ថ្លែង​បញ្ជាក់​អំពី​មូល​ហេតុដែល​សម្រេច​ជ្រើស​រើស​យក​កីឡាករ ប្រាក់ ធី​វ៉ា ជា​អ្នកតំណាង​នោះ​គឺ​មកពី​ក្រុមហ៊ុន​ត្រូវការ​កីឡាករ​ឆ្នើម​មួយរូប​ដែល​ប្រកបដោយ​សក្តានុពល និង​មាន​ភាព​លេចធ្លោ​នៅក្នុង​អាជីព​របស់ខ្លួន​។ ដូច្នេះ ប្រាក់ ធី​វ៉ា គឺជា​ជម្រើស​ដ៏​ល្អ​មួយរូប​ដោយ​រូបគេ​មិន​ត្រឹមតែ​បានរួម​ចំណែក​ក្នុង​ក្លិប​របស់ខ្លួន​នោះទេ ប៉ុន្តែ​រូបគេ​ក៏​ធ្លាប់​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ បើ​ទោះបី​ជា​កីឡាករ​វ័យក្មេង​រូប​នេះ​ ទើបតែ​បាន​លេចមុខ​ក្នុង​វិស័យ​បាល់ទាត់​ក្នុងស្រុក​ក៏ដោយ​។ ម្យ៉ាងទៀត​កីឡាករ ប្រាក់ ធី​វ៉ា មាន​អត្ត​ចរិតល្អ និង​មាន​ការគោរព​ចំពោះ​មិត្ត​រួម​ក្រុម​របស់ខ្លួន​ដែល​ស័ក្តិសម​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​របស់​ផលិតផល​នេះ​តែម្តង​។

ក្រោយ​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ ​ជាមួយ​ផលិតផល​របស់​ប្រទេស​ជប៉ុន​មួយ​នេះ កីឡាករ ប្រាក់ ធី​វ៉ា បាន​លើក​ឡើង​ថា «​ស្បែកជើង​ម៉ាក Mizuno ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​បាល់​ដែល​ខ្ញុំ​ធ្លាប់​ប្រើ​ប្រាស់​កាល​លេង​បាល់ទាត់​នៅ​ប្រទេស​ថៃ​។ ការ​ក្លាយជា​ទូត​សុច្ឆន្ទៈ​នេះ ជា​ការ​លើកទឹកចិត្ត​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​លេង​បាល់ទាត់​អោយ​ខ្លាំង​ជាង​មុន​និង​ឲ្យ​បាន​ល្អ​ថែមទៀត​»​។



សូម​រំលឹក​ថា កីឡាករ​វ័យ​២០​ឆ្នាំ​ខាងលើ បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ក្រោយ​រូបគេ​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ (​កូន​ខ្មែរ​តែ​ដឹងក្តី​នៅ​ប្រទេស​ថៃ​) ដោយបាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ រហូត​មានឱកាស​ជាប់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា និង​បន្ត​ជាប់​ជម្រើសជាតិ​កម្ពុជា ក្នុង​ឆ្នាំ​តែមួយ​ដែល​ខ្លួន​ចាប់ផ្ដើម​ជា​កីឡាករ​បាល់ទាត់​អាជីព​ដំបូង​។ កីឡាករ ប្រាក់ ធី​វ៉ា ជា​កីឡាករ​មួយរូប​អាចជា​អនាគត​តារា​ឆ្នើម​របស់​ក្រុម​កម្ពុជា នៅ​ថ្ងៃ​ខាងមុខ​។ ម្យ៉ាង​គេ​លេង​នៅ​ក្លិប​ល្អ​មួយ ហើយ​មាន​មូលដ្ឋានគ្រឹះ​បាល់ទាត់​រឹងមាំ​មួយ​នៅ​ប្រទេស​ថៃ អំឡុង​ពេលដែល​ឪពុក​ម្តាយ​របស់គេ​ស្នាក់នៅ​និង​រកស៊ី​នៅ​ទីនោះ​។

នេះ​មិនមែនជា​លើកដំបូង​ទេ ​ដែល​កីឡាករ​របស់​កម្ពុជា ទទួល​ងារ​ជា​ទូត​សុច្ឆន្ទៈ​របស់​ផលិតផល​សម្ភារៈ​កីឡាករ ជាក់ស្តែង​កីឡាករ ឃួន ឡា​បូ​រ៉ាវី និង គូ​ច សុ​កុម្ភៈ ធ្លាប់ជា​តំណាង​ឲ្យ Puma ប្រចាំ​កម្ពុជា ហើយ ធារី ចន្ថាប៊ីន​ ​កំពុង​ឈរ​តំណាង​ឲ្យ​ផលិតផល Adidas ​ប្រចាំ​កម្ពុជា​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu