Ad Code

លោកជំទាវ​កិ​ត្ដិ​សង្គហ​ម៉ែន សំអន​ ៖ តាមរយៈ​ទិវា​នារី​សិទ្ធិ​អន្ដរជាតិ​៨​មីនា នារី​ត្រូវបាន​រំដោះ​ពី​សម្ពាធ​ជាច្រើន ហើយ​រហូត​មាន​សមភាព​ស្មើនឹង​បុរស​ដែរ



ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា តាមរយៈ​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​នេះ​នារី​ត្រូវបាន​រំដោះ​ចេញពី​សម្ពាធ​ជាច្រើន​រហូត​មាន​សមភាព​ស្មើនឹង​បុរស​ដែរ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ​ខណៈ​ជួប​សំណេះសំណាល ជាមួយ​នារី​ក្រសួង អធិការកិច្ច ប្រមាណ​ជាង​៤០០​នាក់ ក្នុងឱកាស​ទិវា​ប្រារព្ធ​សិទ្ធិនារី ៨​មីនា ឆ្នាំ​២០១៩ នៅ​ក្រសួង​អធិការកិច្ច ក្រោម​ប្រធានបទ លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស ពិធី​នេះ​បាន​ប្រ​ព្រឹ​ត្ដ​ធ្វើ​នៅ​ថ្ងៃ​ពុធ ០១​កើត​ខែផល្គុន ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី ០៦មីនា ឆ្នាំ​២០១៩។



លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រី​ក្រសួង​កិច្ចការនារី បាន​បញ្ជាក់ថា ស្ត្រី​នៅក្នុង​សង្គម​កម្ពុជា មាន​ស្ត្រី​ជា​ច្រើន​រូប​បាន​ឋានៈ ជា​អ្នក​សម្រេចចិត្ត នៅលើ​វិស័យ​សាធារណៈ និង​នយោបាយ នៅក្នុង​នោះ មាន​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៧ ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ​កើនឡើង ជា​លំដាប់​ពី ៣៤% ទៅ​៤១%​។ រាជរដ្ឋាភិបាល​បានតែងតាំង​ស្ត្រី​ជា​អភិបាលរង​ខេត្ត នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​២៦​រូប អភិបាលក្រុង ស្រុក ខណ្ឌ ជា​ស្ត្រី​៦​រូប ស្ត្រី​ជា​អភិបាលរង នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ​១៨៦​រូប​។ ក្នុង​ឆ្នាំ​២០១៩ ស្ត្រី​ជា​ឯកអគ្គរាជទូត មាន​ចំនួន​០៤​រូប និង​មន្ត្រីការទូត​ជា​ស្ត្រី​ដែល​កំពុង​ប្រចាំការ​នៅ​បរទេស​មាន​ចំនួន​៤៩​រូប​។



​លោកស្រី​បាន​បញ្ជាក់​ថា កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​សហ​វត្សរ៍​មុន​ឆ្នាំ​កំណត់ លើ​សុខភាព​មាតា​និង​ទារក​។ អំពើហិង្សា​និង​ការរំលោភ​នានា​លើ​ស្ត្រី​ក៏បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ។ ក្រសួង​កិច្ចការ​នារី គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ក្នុងការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ជីវភាព សិទ្ធិ ឋានៈ និង​តួនាទី​របស់​ស្ត្រី​កម្ពុជា​។ ជោគជ័យ​ដ៏​ធំធេង​ទាំងអស់​នេះ បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ដើម្បី “​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​” និង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​របស់​ក្រសួង​កិច្ចការនារី​។ សម្តេច​ប្រធានរដ្ឋសភា លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​កិច្ចការនារី បន្ត និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ខាងលើ​នេះ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ស្ត្រី និង​ក្មេងស្រី ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ថ្លែង​បន្ថែម​ថា ដើម្បី​លើកស្ទួយ​នូវ​តួនាទី​ស្ត្រី​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ក្នុង​កិច្ច​គាំពារ​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ សូម​អំពាវនាវ​ដល់​អគ្គនាយកដ្ឋាន​ទាំង​៥ នៃ​ក្រសួង​អធិការកិច្ច ត្រូវ​បន្ដ​អនុវត្ដ បង្កើន​ស្នាដៃ និង​សហការ​ឲ្យ​បានល្អ​ជាមួយ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន។



ថ្ងៃនេះ ក្រសួង​អធិការកិច្ច បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៨ ក្រោម​ប្រធានបទ លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ និង​កិត្តិសព្ទ​បំផុត។ ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ត្រូវ​បាន​ពិភពលោក​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ ដើម្បី​រំលឹក​នូវ​ការ​តស៊ូ និង​គំរូ​វីរភាព​របស់​នារីៗ​ក្នុង​ការ​ទាមទារ​សិទ្ធិសេរីភាព និង​គេច​ផុតពី​ទង្វើ​ជិះជាន់​នានា​។ សម្រាប់​នៅ​កម្ពុជា​មិនថា​តែ​សិទ្ធិនារី ឬ​បុរស​នោះឡើយ គឺ​ត្រូវ​បាន​បាត់​បង់អស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ប៉ុល ពត​។ សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ស្ត្រី​ផង​បាន​កើតមាន​ជាថ្មី​ក្រោយ​របប​ដ៏​យង់ឃ្នង​របស់ ប៉ុល ពត ត្រូវ​បាន​វាយ​ផ្តួល​រំលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ចាប់តាំងពី​ថ្ងៃ​រំដោះ​រហូតដល់​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​យកចិត្តទុកដាក់​ជានិច្ច​ក្នុង​កា​រ​លើកកម្ពស់​ស្ត្រី រហូត​បង្កើត​បាន​ជា​ពាក្យស្លោក​ថា ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ។ នារី​បាន​ធ្វើ​សកម្មភាព​បង្កើត​ស្នាដៃ និង​បាន​ចូលរួម​ចំណែក​ទទួល​និង​ការតែងតាំង​ដោយ​រាជរដ្ឋាភិបាល​បាន​ផ្ដល់នូវ​ការលើក​ទឹក​ចិ​ត្ដ។ ជាទី​បញ្ចប់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​ថា នារី​យើង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​ផ្លូវ​ចិ​ត្ដ ផ្លូវកាយ ក្នុងនោះ ក៏បាន​មាន​សិទ្ធិសេរីភាព​គ្រប់យ៉ាង ដូច​ជាមាន​សិទ្ធិ​ប្រកប មុខរបរ​ក្នុង​ការធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្ប​ធ​ម៌ ទេសចរ​ណ៍ និង​ការគោរព​នូវ​ទំនៀមទម្លាប់​ប្រពៃណី ច្បាប់​ពី​ការ​ដឹងគុណ ដល់​បងប្អូន​ញាតិមិត្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu