ភ្នំពេញ ៖ គណៈប្រតិភូប្រទេសកេនយ៉ាដឹកនាំដោយលោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រីក្រសួងការងារ និងការគាំពារសង្គម នៃសាធារណរដ្ឋកេនយ៉ា បានទៅធ្វើទស្សនកិច្ចសិក្សានៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងយល់និងដកស្រង់បទពិសោធន៍អំពីដំណើរការផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ, ការបង្កើត និងអនុវត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជា ដើម្បីយកទៅកែលំអសេវាផ្តល់ការងារដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងពិធីបង្ហាញស្តីពីការផ្តល់សេវាការងារដល់គណៈប្រតិភូកេនយ៉ាដឹកនាំដោយលោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រីក្រសួងការងារ និងការគាំពារសង្គម នៃសាធារណរដ្ឋកេនយ៉ា កាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០១៩ លោក ហុង ជឿង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានជម្រាបគណៈប្រតិភូកេនយ៉ាថា កម្ពុជាមានគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ ផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ដើម្បីឲ្យប្រទេសកេនយ៉ាយកទៅធ្វើជាបទពិសោធន៍អនុវត្តបន្តឲ្យទទួលបានជោគជ័យដូចកម្ពុជាដែរ។
លោកបានបន្តថា ទន្ទឹមនឹងផ្តល់បទពិសោធន៍ដល់ប្រទេសកេនយ៉ាទីភ្នាក់ងារជាតិមុខរបរ និងការងារបាននឹងកំពុងអនុវត្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក សំដៅដកស្រង់បទពិសោធន៍ ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាពីគ្នាទៅវិញទៅមក។
លោក Jillo Abdul Bahari Ali បានមានប្រសាសន៍ថា ការដែលកេនយ៉ាមកដកស្រង់បទពិសោធន៍ពីប្រទេ សកម្ពុជានេះដោយសារតែមើលឃើញពីដំណើរការផ្តល់សេវាការងាររបស់កម្ពុជាល្អមានការគាំទ្រនិងទាក់ទាញពីបណ្តាក្រុមហ៊ុននិងអ្នកស្វែងរកការងារយ៉ាងច្រើនតាមរយៈការរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ ការជ្រើសរើសបុគ្គលិកនៅតាមមូលដ្ឋាន ការប្រមូលនិងគ្រប់គ្រងទិន្នន័យស្ថិតិការងារ ជាពិសេសការពង្រីកវិសាលភាពផ្តល់សេវាគ្របដណ្តប់បានទូលំទូលាយ។
លោកបានលើកឡើងទៀតថា នឹងយកបទពិសោធន៍ស្តីពីការផ្តល់សេវាការងារពីកម្ពុជានេះទៅរៀបចំជាគោលនយោ បាយអនុវត្តនៅប្រទេសកេនយ៉ាដើម្បីផ្តល់ព័ត៌មានស្តីពីទីផ្សារការងារដល់ប្រជាពលរដ្ឋឲ្យទទួលបានការងារធ្វើឲ្យបានច្រើនដូចនៅកម្ពុជាដែរព្រោះថា កេនយ៉ាទើបបានបង្កើតអាជ្ញាធរជាតិការងារកាលពីឆ្នាំ ២០១៦កន្លងទៅ ដែលរហូតមកដល់បច្ចុប្បន្ននេះនៅពុំទាន់បានដំណើរការពេញលេញនៅឡើយទេដែលទាមទារឲ្យកេនយ៉ា ត្រូវធ្វើការសិក្សាស្វែងយល់បន្ថែមពីបណ្តាប្រទេសនានាក្នុងនោះរួមទាំងកម្ពុជាផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៩ ខែមីនាឆ្នាំ២០១៩នេះ គណៈប្រតិភូនៃក្រសួងការងារប្រទេសកេនយ៉ា បានចូលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ព្រមទាំងធ្វើទស្សនកិច្ចសិក្សានៅតាមមជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅរាជធានីភ្នំពេញ និងខេត្តតាកែវដើម្បីសិក្សាអំពីដំណើរការនៃការផ្តល់សេវាការងារដល់យុវជន និងអ្នកស្វែងរកការងារទូទៅនិងទស្សនាវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីស្វែងយល់ពីការបណ្តុះបណ្តាលជំនាញដល់សិស្ស/និស្សិត។
គួរបញ្ជាក់ថា ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះ ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បច្ចុប្បន្នទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណជនទូទៅ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១៣រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ ព្រះសីហនុ ស្ទឹងត្រែង និងពោធិ៍សាត់ ហើយពេលថ្មីៗនេះមជ្ឈមណ្ឌលការងារចល័តមួយទៀត៕
Source: Kampuchea Thmey Daily
0 Comments