រតនគិរី ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចខ្សែ.ក មាស និងទូរស័ព្ទដៃ គ្មានស្ថានទម្ងន់ទោស។ ករណីលួចទូរស័ព្ទ និងមាស បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលោក ស៊ិន សុខន (អូរចេង) ស្ថិតក្នុងភូមិតាអង១ ឃុំតាអង ស្រុកកូនមុំ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចមកលាក់ខ្លួននៅផ្ទះសំណាក់(យីហោសុខ) ក្នុងក្រុងបានលុង ខេត្តរតនគិរី។
បន្ទាប់មក កម្លាំងអធិការនគរបាលក្រុងបានលុង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត ចុះស្រាវជ្រាវតាមប្រព័ន្ធទូរស័ព្ទដៃរបស់ជនរងគ្រោះ ពេលនោះសមត្ថកិច្ចបានតេចូលលោតសញ្ញានៅទីតាំងខាងលើ។ ដោយមានការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះឃាត់ខ្លួនបានជនសង្ស័យ២នាក់តែម្ដង។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ស៊ិន សុខន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទេសអន្លង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យ២នាក់ ១- ឈ្មោះ ឃុត វិឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ២-ឈ្មោះ ហៀង រតនះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា។
ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតសម្ភារៈបាត់បង់រួមមាន ៖
១-ខ្សែ.ក មាសទម្ងន់ជាង ៣តម្លឹង
២-បន្តោងព្រះអង្គចំនួន២
៣-ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក(iphone x និង nokai)។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments