បាត់ដំបង ៖ ក្រុមអ្នកញៀនល្បែងអាប៉ោង១វង់ ដែលមានគ្នាច្រើននាក់ បានប្រព្រឹត្តលួចលាក់រាប់ខែបានយ៉ាងរលូននោះ ពេលនេះអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប កាលពីថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ថ្មីៗនេះ នៅវេលាម៉ោង១៤និង៣០នាទី នៅចំណុចក្រុម១៨ក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការឲ្យដឹងពីពលរដ្ឋនៅជិតផ្ទះបើកល្បែងនេះខ្សឹបប្រាប់សមត្ថកិច្ចថា ដោយសារតែមានសម្តីឈ្លោះប្រកែកគ្នាខ្លាំងៗនៅពេលកំពុងលេងពេក ទើបគាត់ទ្រាំមិនបាន ក៏ប្តឹងដល់សមត្ថកិច្ចឲ្យបង្ក្រាបតែម្តង។
សមត្ថកិច្ចបានឲ្យដឹងដែរថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលបានចុះឆ្មក់បង្ក្រាបតែម្ដង និងឃាត់ខ្លួនបានមនុស្សចំនួន០៧នាក់ រួមនឹងវត្ថុតាងជាច្រើនទៀតផងដែរ។
សមត្ថកិច្ចបន្តថា អ្នកដែលសមត្ថកិច្ចឃាត់ខ្លួនទាំង០៧នាក់ ក្នុងចំណោមអ្នកលេងជាច្រើនទៀតដែលបានរត់គេចខ្លួននោះរួមមាន ១/ឈ្មោះ ស៊ុយ ស៊ិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃទទឹងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង(ម្ចាស់ផ្ទះ)។ ២/ឈ្មោះ ជួប សៀន ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល(ផ្ទះម្ចាស់)។ ៣/ឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង (អ្នកលេង)។ ៤/ឈ្មោះ ប៊ុន ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល (អ្នកលេង)។ ៥/ឈ្មោះ សេន នី ភេទប្រុស អាយុ៨៤ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល (អ្នកលេង)។ ៦/ឈ្មោះ លី ប៊ុនធៀង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល(អ្នកលេង)។ ៧/ឈ្មោះ វៀន វ៉ើយ ភេទស្រីអាយុ៥២ឆ្នាំ រស់នៅភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (អ្នកលេង)។
ក្រៅពីនេះ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងបានដូចជា ម៉ូតូចំនួន០៤គ្រឿង,ចានអាប៉ោង០១,ផ្តិល០១,ប៉ាយសម្រាប់ចាក់០១,កន្ទេលក្រាល០៣,កម្រាលកៅស៊ូតូច០២ និងស្បែកជើងមួយចំនួនទៀត។
សមត្ថកិច្ចបានបន្តថា ក្រោយការបង្ក្រាប និងឃាត់ខ្លួនបានអ្នកទាំង០៧នាក់ខាងលើ សមត្ថកិច្ចបានយកមកធ្វើការណែនាំ ជាមួយនឹងកិច្ចសន្យា ដើម្បីបញ្ឈប់ការបើក និងលេងបន្តទៀត បើថ្ងៃមុខម្ចាស់ផ្ទះនៅតែប្រព្រឹត្តបន្តទៀត សមត្ថកិច្ចនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់មិនខាន៕
.
Source: Kampuchea Thmey Daily
0 Comments