Ad Code

កម្ពុជា​និង​ចិន​ នឹង​រួមគ្នា​ធ្វើ​សមយុទ្ធ​ហនុមាន​ឆ្នាំ​២០១៩​ជា​លើកដំបូង​នៅ​ដើមខែ​ឧសភា​ខាងមុខ



​ភ្នំពេញ ​៖ ​កម្ពុជា​និង​ចិន​នឹង​រួមគ្នា​ធ្វើ​សមយុទ្ធ​ហនុមាន​កងទ័ពជើងគោក​ឆ្នាំ​២០១៩​ជា​លើកដំបូង​នៅ​ដើមខែ​ឧសភា​ខាងមុខនេះ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត ហ៊ុន សែន ជុំ​គិរី​ស្ថិតនៅ​ស្រុក​ជុំ​គិរី ​ខេត្តកំពត។

លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពីពេល​ថ្មីៗ​នេះ​ថា ​សមយុទ្ធ​ហនុមាន​ឆ្នាំ​២០១៩​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​រហូតដល់​ថ្ងៃទី​៦​ខែឧសភា​ខាងមុខនេះ​ដើម្បី​បង្កើន​សហប្រតិបត្តិការ​និង​ផ្តល់​បទ​ពិ​សោធន៍​លើ​វិស័យ​យោធា​ជើងគោក​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។



លោក ម៉ៅ ផល្លា​បាន​បន្ត​ថា ​សមយុទ្ធ​ហនុមាន​នេះ គឺ​ធ្វើ​ដូចគ្នា​ទៅ​នឹង​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០ ១៩​ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅ ប៉ុន្តែ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ជាង​ដោយ​សារ​មានការ​ចូលរួម​ត្រឹម​កំរិត​កងទ័ពជើងគោក​ប៉ុណ្ណោះ​ខណៈ​សមយុទ្ធ​នាគ​មាស​ធ្វើឡើង​ដោយ​អគ្គមេបញ្ជាការ​នៃ​ប្រទេស​ទាំងពីរ​ដោយ​មាន​ប្រើ​រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើង ត្បាល់ ឧទ្ធម្ភាគចក្រ អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម​។

តែ​យ៉ាងណាក៏ដោយ លោក អ្នកនាំពាក្យ​កងទ័ពជើងគោក​បាន​ឲ្យ​ដឹង​ទៀតថា ​ចំពោះ​សកម្មភាព​លំអិត​នៅក្នុង​សមយុទ្ធ​ហនុមាន​នេះ​ក្រសួងការពារជាតិ​នឹង​ចេញ​សេចក្តីលំអិត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដល់​សាធារណជន​បានដឹង​កុំ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​ទីលាន​បាញ់​គ្រាប់​ពិត ហ៊ុន សែន ជុំ​គិរី ដែល​ស្ថិតនៅ​ស្រុក​ជុំ​គិរី ខេត្តកំពត​។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ធ្លាប់​បាន​ថ្លែង​នៅពេល​បិទ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩​នៅ​ស្រុក​ជុំ​គី​រី ខេត្តកំពត​កាលពី​ថ្ងៃទី​២៥​ មីនា​ ឆ្នាំ២០១៩​ថា ​ការ​ធ្វើ​សមយុទ្ធ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នឹង​ជួយ​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ចិន​ទទួលបាន​ការ​ផ្លាស់ប្តូរ​ចំណេះដឹង បទពិសោធន៍​និង​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក​ព្រោះថា​ការ​ហ្វឹកហ្វឺន​បាន​ដើរតួ​សំខាន់​ណាស់​សម្រាប់​ពង្រឹងសមត្ថភាព ដល់​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​មាន​វិជ្ជាជីវៈ​ចំណេះដឹង​និង​ចំណេះធ្វើ​ពិតប្រាកដ​ដែល​ជា​យុទ្ធសាស្ត្រ​យូរអង្វែង សំដៅ​លើកកម្ពស់​ធនធាន​មនុស្ស​និង​ថ្នាល​កសាង​មនុស្ស​បន្តវេន​ជំនាន់​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu