ភ្នំពេញ ៖ តារាចម្រៀងប្រុសរបស់ផលិតកម្មសាន់ដេនិយមលេងស្ទាយសក់វែង លោក អ៊ីណូ ថ្មីៗនេះត្រូវបានអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកធ្វើការរិះគន់បើកចំហមិនក្រែងរអាចិត្ត ដោយបានប្រៀបធៀបប្រដូចសំឡេងច្រៀងរបស់លោកថា ស្រែកដូចសត្វគោ។ ប៉ុន្តែបន្ទាប់ពីមានការរិះគន់នេះឡើងភ្លាមៗនោះដែរ ស្រាប់តែគេឃើញវត្តមានតារាចម្រៀងលោក អ៊ីណូ ចេញមុខបកស្រាយ ដោយស្នើដល់មហាជនឲ្យចូលរួមលើកតម្កើងសិល្បៈខ្មែរ និងរិះគុណដោយប្រើពាក្យថ្លៃថ្នូរ។
ឆ្លើយតបការរិះគន់នេះ តារាចម្រៀងលោក អ៊ីណូ បានចេញមុខប្រតិកម្មធ្វើឡើងនៅក្នុងឃ្លីបវីដេអូមានរយៈពេលជិត៧នាទី ហើយត្រូវបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយនិយាយថា ខ្ញុំមានអារម្មណ៍ហួសចិត្ត និងឆ្ងល់ ហេតុអ្វីបានជាពុកម៉ែបងប្អូនអត់យល់ពីការលេងស្តាយ ក៏ដូចជាការប្រើសំឡេងរបស់ខ្ញុំ ដែលបានធ្វើឡើងនៅតាមឆាកប្រគំតន្ត្រីនានា។ ជាក់ស្ដែង ដូចកាលពីថ្មីៗនេះ ខ្ញុំបានយកបទចម្រៀងបែបរ៉ុក ដើម្បីឡើងច្រៀងលើប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ ប៉ុន្តែគ្រានោះ បែរជាមានមិត្តភ័ក្ដិក្នុងហ្វេសប៊ុកខ្លះបានធ្វើការរិះគន់ដោយប្រើពាក្យសម្ដីធ្ងន់ៗមកលើខ្ញុំ ដែលគិតថាវាមិនអាចទទួលយកបានឡើយ។
លោក អ៊ីណូ បានបញ្ជាក់ថា ថ្មីៗនេះមានមិត្តភ័ក្ដិ និងប្រជាពលរដ្ឋខ្មែរមួយចំនួនតូច មិនថាប្រុស ឬស្រីទេ ពួកគាត់បានធ្វើការរិះគន់ខ្ញុំ មិនមែនដើម្បីស្ថាបនាឡើយ គឺមានអ្នកខ្លះរិះគន់លក្ខណៈជេរ និងថែមទាំងប្រើពាក្យសម្ដីអសុរោះមិនគួរគប្បីមកលើរូបខ្ញុំទៀតផង។ ដូច្នេះហើយ ទើបខ្ញុំមិនអស់ចិត្ត ចង់បកស្រាយប្រាប់វិញថា សូមប្រើពាក្យរិះគន់អ្នកសិល្បៈខ្មែរ មិនថាខ្ញុំ ឬអ្នកដទៃទៀតទេសូមប្រើពាក្យដែលមានលក្ខណៈសមរម្យ និងថ្លៃថ្នូរសមជាខ្មែរផង ព្រោះយើងមិនបានឈ្លោះគ្នាឯណា ហើយជាខ្មែរដូចគ្នាទេតើ។
តារាចម្រៀងលោក អ៊ីណូ បានបន្ថែមថា តារាចម្រៀងម្នាក់មិនអាចប្រើស្តាយ ឬសំឡេងដូចគ្នាទេ។ ម្យ៉ាងទៀត អ្វីដែលលោកមាន គឺជាស្តាយ និងសំឡេងស្អកមកពីធម្មជាតិ។
ហេតុនេះក៏សុំស្នើដល់អ្នករិះគន់ទាំងនោះ មេត្តាកុំប្រើការរិះគន់ដោយពាក្យអសុរោះបន្តទៀតព្រោះយើងសុទ្ធតែខ្មែរដូចគ្នា ហើយបើនៅតែមានបែបនេះទៀតតម្លៃសិល្បករខ្មែរ នឹងមានការធ្លាក់ចុះ។ ដូច្នេះ សូមទស្សនិកជនស្តាប់នូវការលើកឡើងទាំងស្រុងរបស់លោក អ៊ីណូ ខាងក្រោមនេះ ៖
អ៊ីណូ ចេញវីដេអូឆ្លើយតបការរិះគន់ពីទស្សនិកជន
0 Comments