Ad Code

អាល្លឺម៉ង់​ផ្អាក​ដំណើរការ​កម្មវិធី​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​សម្រាប់​ជនជាតិ​ស៊ី​រី​មួយចំនួន



យោងតាម​របាយការណ៍​មួយ​នៅ​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹងថា ប្រទេស​អាល្លឺម៉ង់​បាន​បញ្ឈប់​ដំណើរការ​ការដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​មួយចំនួន​ដោយ​ជនភៀសខ្លួន​ស៊ី​រី ​ខណៈ​ខ្លួន​កំពុង​រង់ចាំ​ការវាយតម្លៃ​ថ្មី​ស្តីអំពី​ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ Funke ដែល​ដកស្រង់​ប្រភព​ក្រសួងមហាផ្ទៃ​បាន​រាយការណ៍​ថា ការសម្រេចចិត្ត​លើ​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​មួយចំនួន​ពី​ជនជាតិ​ស៊ី​រី​ត្រូវបាន​ពន្យារពេល​ខណៈ​ការផ្លាស់ប្តូរ​ត្រូវបាន​គេ​រំពឹងថា​នឹង​អនុវត្ត​ទៅតាម​សេចក្តីណែនាំ​របស់​ក្រសួង​។​

ស្របពេល​ជាមួយគ្នា​នោះដែរ គណៈប្រតិភូ​មកពី​ប្រទេស​អ៊ីរ៉ង់ រុស្ស៊ី​និង​ទួរគី​បាន​ជួបប្រជុំគ្នា​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ស្វែងរក​ការបញ្ចប់​ជម្លោះ​ស៊ី​រី​។​
Funke បាន​រាយការណ៍​ថា ជា​លទ្ធផល​នៃ​ការផ្អាក​កម្មវិធី​សុំ​សិទ្ធិ​ជ្រកកោន​របស់​អាល្លឺម៉ង់​, បណ្តា​អង្គការ​ជនភៀសខ្លួន​មានការ​ភ័យខ្លាច​ថា រដ្ឋាភិបាល​របស់លោក​ស្រី Angela Merkel នឹង​បដិសេធ​ការដាក់​ពាក្យសុំ​ជាច្រើន​ទៀត​ពី​ប្រទេស​ស៊ី​រី​ប្រសិនបើ​មិនមាន​ជម្លោះ​ប្រដាប់អាវុធ​នៅ​ទីនោះ​បន្តទៀត​ទេនោះ​។​

យោងតាម​របាយការណ៍​របស់ Funke បាន​បង្ហាញថា អ្នក​ដែល​រង​ផលប៉ះពាល់​គឺជា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​ទទួលបាន “​ការការពារ​បន្ទាប់បន្សំ​”​។ ពួកគេ​គឺជា​អ្នក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ សកម្មភាព​សង្គ្រាម ទោស​ប្រហារជីវិត​ឬ​ទារុណកម្ម​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ​។​

យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា ជនជាតិ​ស៊ី​រី​ចំនួន​១៧,៤១១​នាក់​ត្រូវ​បានផ្តល់​ឋានៈ “​ការការពារ​បន្ទាប់បន្សំ​” នៅក្នុង​ឆ្នាំ​២០១៨​។​

ប្រទេស​អាល្លឺម៉ង់​បានទទួល​ការរិះគន់​យ៉ាងខ្លាំង​ដោយ​ការសម្រេចចិត្ត​ឆ្នាំ​២០១៥​របស់លោក​ស្រី​អធិការបតី Angela Merkel ក្នុងការ​បើកចំហ​ព្រំដែន​របស់​ប្រទេស​នេះ​ចំពោះ​ពួក​អ្នក​ដែល​រត់​ភៀសខ្លួន​ចេញពី​ជម្លោះ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ចំពេល​វិបត្តិ​ចំណាកស្រុក​របស់​អឺរ៉ុប​បាន​ឈានដល់​កម្រិត​កំពូល​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu