កំពង់ឆ្នាំង ៖ ដោយសារតែធាតុអាកាសក្តៅពេក រថយន្តដឹកស៊ីម៉ងត៍ក្រឡុកបេតុងមួយគ្រឿង បានផ្ទុះកង់មុខ បណ្ដាលឲ្យឆាបឆេះស្ទើរទាំងស្រុង ខណៈដែលរថយន្តនោះ កំពុងបើកបរលើផ្លូវជាតិលេខ 5 នៅចំណុចភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។
ហេតុការណ៍ខាងលើនេះនេះបានកើតឡើងនៅវេលាម៉ោង1និង30នាទីរសៀល ថ្ងៃទី 30 ខែមេសាឆ្នាំ 2019។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកស៊ីម៉ងត៍ក្រឡុកបេតុងខាងលើ បានបើកបរក្នុងដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ដោយសារតែអាកាសធាតុក្តៅខ្លាំង បណ្ដាលឲ្យផ្ទុះកង់មុខ ក្លាយជាអណ្ដាតភ្លើងឆាបឆេះកាប៊ីនមុខតែម្តង។ ភ្លាមៗនោះ អ្នកបើកបររថយន្ត ក៏បានហក់គេចចេញគេចខ្លួនពីគ្រោះថ្នាក់បានដោយសុវត្ថិភាព។
សមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍ខាងលើនេះដែរ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញជួយ អន្តរាគមន៍បាញ់ពន្លត់អស់ទឹក២រថយន្ត ទើបទប់ស្កាត់ករណីនេះបាន តែរថយន្តបានខ្ទេចកាប៊ីនមុខស្ទើរទាំងស្រុងទៅហើយ។
ករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្ដាលមកពីអាកាសធាតុក្តៅខ្លាំងពេក ទើបបណ្ដាលឲ្យផ្ទុះកង់បែបនេះបង្កជាភ្លើងឆេះរថយន្តបែបនេះ តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ ប៉ុន្តែបង្កឲ្យស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៥ នៅចំណុចកើតហេតុជាងមួយម៉ោងផងដែរ ៕
Source: Kampuchea Thmey Daily
0 Comments