ភ្នំពេញ ៖ ក្រុមអ្នកសេពនិងចែកចាយថ្នាំញៀនចំនួន៣នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យតាមស្រាវជ្រាវ បន្ដស្វែងរកចាប់ខ្លួនបានជាបន្ដទៀតខណៈពួកគេកំពុងសម្ងំសេពថ្នាំញៀននៅក្នុងផ្ទះសំណាក់យីហោ១៦៨ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ដែលប្រតិបត្តិការនេះធ្វើងឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០១៥។
ជនសង្ស័យពាក់ព័ន្ធថ្នាំញៀនទាំងនោះទី១មានឈ្មោះគង់ ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២មានឈ្មោះនី ចន្ដា ភេទស្រីអាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៣មានឈ្មោះកាក់ រដ្ឋាភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ការខាត់ខ្លួននេះកម្លាំងសមត្ថកិច្ចដកហូតបានតែឧបករណ៍សម្រាប់ជក់តែប៉ុណ្ណោះ រកមិនឃើញថ្នាំញៀនទេដោយសារក្រុមនេះបានប្រគល់ថ្នាំទាំងនោះឲ្យទៅក្រុមខ្លួន ដែលសមត្ថកិច្ចចាប់បាន៤នាក់កាលពីថ្ងៃទី៦មករានោះអស់ហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនក្រុមអ្នកសេព និងចែកចាយថ្នាំញៀនបានបីនាក់ទៀតនេះគឺដោយសាបានចម្លើយសារភាពពីក្រុម៤នាក់នោះ ដែលបានប្រាប់សមត្ថកិច្ចថា ក្រុមខ្លួនតែងតែមកសម្ងំដេកពួននៅក្នុងផ្ទះសំណាក់យីហោ១៦៨ក្នុងភូមិត្រពាំងល្វានេះ។ បន្ទាប់ពីបានចម្លើយសារភាពហើយនោះកម្លាំងសមត្ថកិច្ច បានបន្ដតាមដាននៅចំណុចផ្ទះសំណាក់ខាងលើនេះជាបន្ដទៀតដោយមានការសហការជាមួយសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននៅទីបំផុត ទើបឈានទៅដល់ការឆែកឆេររកឃើញក្រុមជនពាក់ព័ន្ធថ្នាំញៀននេះ បានបីនាក់ទៀតក្នុងនោះមានស្រីពីរនាក់។
ប្រភពបន្ដថាឈ្មោះគង់ ប៊ុនឈឿននេះជាមេលោងធំ បន្ទាប់តែមេក្លោងធំពិតប្រាកដរបស់គេកំពុងបន្ដគេចខ្លួនបាត់ហើយ ពេលនេះសមត្ថកិច្ចកំពុងកសាងឯកសារបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថក្រុងចាត់ការបន្ដ ជាមួយគ្នានេះកម្លាំងក៏នៅតែបន្ដស្វែងរកចាប់ខ្លួនបក្ខពួករបស់គេបន្ដទៀត៕

0 Comments