កំពង់ឆ្នាំង ៖ កូនប្រុសអកត្តញូម្នាក់ ត្រូវបានសមត្ថកិច្ចលើកគ្នាចាប់ខ្លួន ខណៈដែលបានវាយធ្វើបាបម្តាយទាំងរបូតសារុងទាញបញ្ចូលលើផ្លូវជាតិឲ្យឡានបុក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ាង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅលំនៅដ្ឋាន ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរលាប្អៀរបាននិយាយឲ្យដឹងថា កូនអកត្តញូរូបនោះមានឈ្មោះ ផា សុភា អាយុ៣៣ឆ្នាំ នៅលីវ ជាមនុស្សស្រវឹងខួបរាល់ថ្ងៃ មានម្តាយឈ្មោះ សែន អៀច អាយុ៧២ឆ្នាំ និងឪពុកឈ្មោះ ចិន ភិ អាយ៧៧ឆ្នាំ គ្រួសារនេះមានកូន៣នាក់។ ហើយកូនស្រវឹងខួបនេះជាកូនទី២ក្នុងចំណោមកូន៣នាក់។ ចំពោះករណីធ្វើបាបឪពុកម្ដាយនេះ សមត្ថកិច្ចធ្លាប់បានធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាជាច្រើនលើករួចមកហើយ តែមិនគេរាងចាល។ នៅព្រឹកកើតហេតុនេះ ប្រជាពលរដ្ឋបានរាយការណ៍ថា ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលស្រុករលាប្អៀរបានទៅដល់កន្លែងកើតហេតុបានឃើញជនប្រមឹកជាកូន កំពុងចាប់កាច់ដៃម្តាយ ពេលនោះសមត្ថកិច្ចមានគ្នា៤នាក់ព្រួតគ្នាចាប់ជនរូបនោះស្ទើរមិនចង់ឈ្នះទេ។ ហើយបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ ចំណែកឪពុកម្ដាយក៏បានសម្រេចចិត្តដាក់ពាក្យប្ដឹង ដោយមិនយោគយល់ទៀតឡើយ។
ស្ត្រីជាម្តាយបាននិយាយឲ្យដឹងក្នុងក្តីឈឺចាប់ថា កូនគាត់ធ្វើបាបគាត់រយៈពេល៤ឆ្នាំហើយគាត់ចេះតែទ្រាំរហូត ប៉ុន្តែលើកនេះគាត់ទ្រាំមិនបានទេ ព្រោះកូនគាត់បានចាប់រុញគាត់បញ្ចូលឡានប្រុងសម្លាប់គាត់ ពេលគាត់របូតសារុង គាត់សុំកូនថា "ម៉ែរបូតសារុងហើយ វាថារបូតអីរបូតទៅ" ពេលនោះបានឈ្មោះ មុំ ជាកូនប្រសាបានស្ទុះមកជួយស្លៀកសារុងឲ្យទាំងដៃគាត់ទាំង២ ត្រូវកូនស្រវឹងខួបនោះចាប់កាច់ជាប់ និងបានវាយប្អូនស្រីខ្លួនម្នាក់ឲ្យរបួសហើមមុខទៀតផង នៅពេលនាងចូលមកជួយម្តាយ។
ស្ត្រីជាម្តាយបាននិយាយបន្តថា រយៈពេល៤ឆ្នាំកន្លងទៅកូនប្រុសគាត់តែបានធ្វើបាបគាត់ស្ទើរតែរាល់ថ្ងៃឲ្យតែស្រវឹង នៅរាល់យប់ម៉ោង១០ ទៅម៉ោង១១ ពេលត្រឡប់មកពីផឹកវិញបានស្រែកសម្លុតឲ្យគាត់ងើបដួសបាយឲ្យវាស៊ី ម្ហូបមានត្រឹមត្រីប្រឡាក់ ត្រីអាំង ឬសម្លកកូរ វាមិនស៊ីទេ វាជះបាយម្ហូបចោល វាទារស៊ីឡើងគឺសម្លសាច់មាន់ សាច់ជ្រូក ទើបស៊ី។ ពេលខ្លះគាត់មិននៅកូនអកត្តញូរូបនោះ បានលួចកើបស្រូវយកទៅលក់ផឹកទៀត។ ប៉ុន្មានថ្ងៃមុននោះ វាគំរាមអោយគាត់ជាម្តាយ ទៅទិញស្រាឲ្យវាមួយលីត្រ សាច់ផាក់ឡូវយកមកក្លែម៣ពាន់រៀល ពេលនោះគាត់គ្រាន់តែយឺតបន្តិច វាទៅដុតជន្លង់ចំបើងឆេះបានគេជួយពន្លត់ទាន់ ទើបគាត់ក៏ព្រមទៅទិញស្រាឲ្យវាទៅរាល់ថ្ងៃវាទារលុយចាយពី៥ពាន់ទៅ១ម៉ឺនរៀល និងទារខោអាវ ស្បែកជើងថ្មីទៀត ហើយគាត់ពិតជាឈឺចាប់ខ្លាំងណាស់។
នៅក្នុងប៉ុស្តិ៍នគរបាលសមត្ថកិច្ចមិនអាចសាកសួរយកចម្លើយពីជនស្រវឹងខួបបានទេ ព្រោះគេគិតតែស្រែកយំឲ្យម៉ែ ឲ្យឪជួយទៅវិញព្រោះដឹងខ្លួនថាជិតជាប់ពន្ធនាគារហើយ។ តែម្តាយឪពុកមិនអាចជួយបានទេ ព្រោះជ្រុលពេលហើយ កូនអកត្តញ្ញូរូប ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជូនទៅកាន់តុលាការខេត្តចាត់ការបន្ត៕
ឈៀង ថារិទ្ធ )






0 Comments