Ad Code

អាំងវែកទ័រ​ឆក់​ត្រី​ចំនួន​១២៣​គ្រឿង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ជូន​អាជ្ញាធរ​ស្រុក​ជលគីរី​

កំពង់ឆ្នាំង ៖ ក្រោយពី​អាជ្ញាធរ​ស្រុក​ជល​គី​រី​បាន​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​លេខ​០៩ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៥ របស់​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ស្ដីពី​ការ​ចាត់​វិធានការណ៍​លុប​បំបាត់​ឧបករណ៍​ឆក់​ត្រី​រួចមក ​អាំង​វែក​ទ័​រ​ឆក់​ត្រី​ចំនួន​១២៣​គ្រឿង ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ប្រគល់​ជូន​អាជ្ញាធរ​ស្រុក​ជល​គី​រី តែ​ឧបករណ៍​ឆក់​ត្រី​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ទៀត​នៅ​លាក់​លៀម​មិន​ទាន់​បាន​ប្រគល់​ជូន​នៅឡើយ។​
លោក យិន សា​វ៉េ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជល​គី​រី​បាន​និយាយ​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ម៉ោង​១១​និង​១០​នាទី​ ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា ក្នុង​ការ​ចាត់​វិធានការ​លុបបំបាត់​ឧបករ​ណ៍​ឆក់​ត្រី​តាម​សេចក្តី​ណែនាំ​លេខ​០៩​របស់​ឯកឧត្តម​អភិបាលខេត្ត អាជ្ញាធរ​ស្រុក​បាន​ចាត់​វិធានការ គឺ​ការ​ចុះ​ផ្សព្វផ្សាយ​ក្នុង​វេទិកា​គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព ដែល​បាន​ធ្វើ​រួច​ចំនួន​២០​លើក​ លើ​២៦​ភូមិ មាន​អ្នកចូលរួម​ចំនួន​៩០២​នាក់ និង​បាន​ចុះ​ចែក​សេចក្តី​ណែនាំ​ជូន​ប្រជាពលរដ្ឋ​តាម​ផ្ទះ និង​មុខសញ្ញា​ឆក់​ត្រី​ចំនួន​៣.១២៥​សន្លឹក។ ក្នុង​នោះ​ដែរ ​លោក​បាន​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ជលផល​ចុះ​ស្រង់​មុខសញ្ញា​ដែល​មាន​ឧបករណ៍​ឆក់​ត្រី មាន​២៨៧​នាក់ ក្នុង​នោះ​មាន​ឃុំ​ព្រៃ​គ្រី ​មាន​២៤​មុខសញ្ញា ឃុំ​កោះ​ថ្កូវ​ មាន​៧៦​មុខសញ្ញា ឃុំ​ពាម​ឆ្កោក​១២០​មុខសញ្ញា ឃុំ​កំពង់​អុស​ ២៣​មុខសញ្ញា ឃុំ​ជលសា ​និង​មាន​៤៤​មុខសញ្ញា។​
ក្រោយពី​អាជ្ញាធរ​ស្រុក​បាន​អនុវត្ត​ចលនា​ប្រជាពលរដ្ឋ​តាម​ខ្លឹមសារ​លិខិត​នែ​នាំ​ដែល​បាន​ចែក​ជូន​រួចមក អាំង​វែក​ទ័​រ​ឆក់​ត្រី​ចំនួន​១២៣​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​៤​ឃុំ ស្ម័គ្រចិត្ត​យក​មក​ប្រគល់​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​របស់​ស្រុក​ជល​គី​រី។​
លោក​អភិបាលស្រុក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៤ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជល​គី​រី បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​បូកសរុប និង​លើក​វិធាន​ការ​សម្រាប់​អនុវត្ត​បន្ត ទី​១-គឺ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប វិធានការ​សរុប មធ្យោបាយ​សរុប​ ដោយ​សហការ​ជាមួយ​កម្លាំង​ទាំងអស់​ដែល​នៅក្នុង​ស្រុក​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្លាំងក្លា និង​ផុលផុស​តាម​សេចក្តី​ណែនាំ​លេខ​០៩​របស់​លោក​អភិបាលខេត្ត​។ ​ទី​២-គឺ​ត្រូវ​ចុះ​ជួប​មុខសញ្ញា​ផ្ទាល់​ដល់​ផ្ទះ​តែម្តង ​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការប្រព្រឹត្ត​បទល្មើស​នេសាទ។ ​ទី​៣​-គឺ​ត្រូវ​ប្រើ​វិធានការ​ឃ្លាំមើល​ទាំង​មុខ​សញ្ញា​ដែល​បាន​ប្រគល់​ឲ្យ ​ហើយ​នឹង​មុខសញ្ញា​ដែល​កំពុង​លាក់​ទុក​ឧបករណ៍​ឆក់។​
វិធានការណ៍​ទាំង​៣​ចំណុច​ខាង​លើ​នេះ អាជ្ញាធរ​ស្រុក​នឹង​បន្ត​អនុវត្ត​ចាប់ពី​ថ្ងៃទី​០៥ រហូតដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ នឹង​ធ្វើការ​បូកសរុប​ម្តង​ទៀត ដើម្បី​ដឹង​ថា​តើ​ការ​ស្ម័គ្រចិត្ត​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ប្រគល់​នូវ​ឧបករណ៍​ល្មើស​នេះ​បាន​ប៉ុន្មាន​ភាគរយ ហើយ​អ្នក​ដែល​កំពុង​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ឆក់​នេះ​នឹង​ត្រូវ​ទទួលទោស​តាម​បញ្ញត្តិ​ច្បាប់​ជាប់គុក​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ ព្រោះថា​បទល្មើស​ឆក់​ត្រី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ពូជ​មច្ឆា​ជាតិ​ ព្រមទាំង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ក្នុង​មូល​ដ្ឋាន​ទៀត​ផង៕
( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu