Ad Code

ចង.ក​ សម្លាប់​ខ្លួន​ព្រោះ​តូចចិត្ត​ប្រពន្ធ​រត់ចោល​ទៅ​មាន​ប្រុស​ថ្មី

កំពង់ឆ្នាំង ៖ ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​បុរស​ម្នាក់​បាន​ចង.ក សម្លាប់​ខ្លួន​ចោល​កូន​តូចៗ​២​នាក់ ព្រោះតែ​តូចចិត្ត​នឹង​ប្រពន្ធ​រត់ចោល​ទៅ​មាន​ប្រុស​ថ្មី​ជាង​១​ឆ្នាំ​ទៅ​ហើយ មិន​ព្រម​វិល​មក​វិញ​សោះ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ដូន​ទយ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច។​
លោក ហ៊ុល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា បុរស​ធ្វើ​អត្តឃាត​នេះ​មានឈ្មោះ ហាត ស៊ីថា អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ តែ​បាន​មក​រស់នៅ​ជា​មួយ​ប្រពន្ធ​នៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ។ ប្រពន្ធ​មានឈ្មោះ មា​ច មុំ អាយុ​៣៤​ឆ្នាំ គ្រួសារ​ក្រីក្រ​នេះ​មាន​កូន​២​នាក់ កូនប្រុស​បង​ អាយុ​១១​ឆ្នាំ និង​កូនស្រី​ប្អូន ​អាយុ​៨​ឆ្នាំ​។
បុរស​ខាង​លើ​នេះ​ជា​អ្នក​ផឹក​ស្រឹង​រាល់ថ្ងៃ និង​តែង​រករឿង​ប្រពន្ធ​កូន​កាលពី​ជាង​១​ឆ្នាំមុន ដោយ​ទ្រាំ​មិនបាន​ប្រពន្ធ​របស់​បុរស​រូប​នោះ​បាន​រត់ចោល​ទៅ​មាន​ប្ដី​ថ្មី​នៅ​ខេត្ត​ប៉ៃលិន ដោយ​បន្សល់​ទុក​កូន​២​នាក់​ឲ្យ​ប្ដី​ជា​អ្នក​មើលថែ ហើយ​យូរៗ​ម្តង​បាន​មក​លេង​ផ្ទះ​យក​ប្រាក់​មក​ឲ្យ​កូន។ នៅពេល​ប្ដី​មក​ផ្ទះ​ម្តងៗ​ ប្ដី​តែ​អង្វរ​ប្រពន្ធ​ឲ្យ​ត្រឡប់មកវិញ តែ​ប្រពន្ធ​មិន​ព្រម​ឡើយ ។
ពេល​គ្មាន​ប្រពន្ធ​នៅ​ជាមួយ​បុរស​រូប​នោះ​មិន​ចោល​ទម្លាប់​ផឹកស្រា​ឡើយ និង​ពេល​ស្រវឹង​ម្តងៗ​គេ​តែង​វាយ​ធ្វើបាប​កូន ធ្វើ​ឲ្យ​កូនៗ​មិន​ហ៊ាន​ដេក​ជាមួយ លួច​ទៅ​ដេក​ជាមួយ​អ្នកស្រុក​អ្នក​ជិត​ខាង​។ នៅ​ថ្ងៃ​កើត​ហេតុ​គេ​មិនបាន​ដឹង​ថា បុរស​រូប​នោះ​បាន​ចង.ក​សម្លាប់​ខ្លួន​កាលពី​ពេលណា​នោះ​ទេ ស្រាប់តែ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភៈ អ្នកជិតខាង​បាន​ឲ្យ​កូនៗ​ទៅ​ហៅ​ឪពុក​ប្រាប់​ថា​ទៅ​រក​ត្រី ពេល​នោះ​កូនៗ​បាន​ទៅ​ហៅ​ឪពុក​ដេក​នៅ​លើ​ផ្ទះ ស្រាប់តែ​ឃើញ​ឪពុក​ខ្លួន​ចង.ក​ស្លាប់​បាន​ទៅ​ហើយ ទើប​ស្រែក​ឆោឡោ​។ បុរស​រូប​នោះ​បាន​ចង.ក​ស្លាប់​នៅផ្ទះ​ឪពុកក្មេក ដែល​ខ្លួន​មក​ដេក​រាល់ថ្ងៃ តែ​ជា​ផ្ទះ​ឪពុកក្មេក​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​គ្មាន​មនុស្ស​រស់នៅ ចំណែក​ផ្ទះ​ខ្លួនឯង​ដំបូល​ជញ្ជាំង​ធ្លុះ​ធ្លាយ​មិនអាច​រស់នៅ​បានទេ។​
នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​សព​បុរស​ធ្វើ​អត្តឃាត​ដល់​កន្លែង​កើត​ហេតុ និង​ក្រោយពី​បាន​ពិនិត្យ​ដឹង​ថា​ពិតជា​ករណី​ធ្វើ​អត្តឃាត​មែន បន្ទាប់​មក​សព​បុរស​រូប​នោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​អ្នកជិតខាង​ក្នុងភូមិ​ជួយ​រៀបចំ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី។ ជា​មួយ​គ្នា​នេះ​ដែរ​ អាជ្ញាធរ​មូលដ្ឋាន សូម​អំពាវនាវ​ដល់​សាច់ញាតិ​បុរស​រូប​នោះ​ដែល​នៅ​ខេត្តកំពង់ធំ និង​ប្រពន្ធ​ដែល​កំពុង​រស់នៅ​ខេត្ត​ប៉ៃលិន សូម​ប្រញាប់​វិល​មក​រៀប​បុណ្យសព​បុរស​ខាង​លើ​នេះ​ផង ព្រោះ​គ្មាន​សាច់ញាតិ​ជិត​ស្និត​ទេ​ ហើយ​ពេលនេះ​កូនៗ​ទាំង​២​នាក់​កំពុងតែ​រស់​តែល​តោល​យ៉ាង​កំសត់​ទៀត​ផង​៕ . ( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu