Ad Code

នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ជនសង្ស័យ​៤​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ទៅ​តុលាការ​

ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ដឹក​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់។​
ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១​-ឈ្មោះ យ៉ុ​ន សុភ័ណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែក​កំពិស សង្កាត់​ព្រែកកំពិស ខណ្ឌ​ដង្កោ ទី​២​-ឈ្មោះ សីហា ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិ សុខ​មណ្ឌល​សុខភាព​ជើងឯក រស់នៅ​ភូមិ​រលួស សង្កាត់​ជើង​ឯក ខណ្ឌដង្កោ ទី​៣-​ឈ្មោះ អ៊ុង សិលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ដាក់​វាំងនន រស់នៅ​ភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ និង​ទី​៤-ឈ្មោះ ហឹម ណា​រ័ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​សែន​សុខ។​
មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជាក់ស្តែង​នៅក្នុង​ផ្ទះ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ព្រែកកំពិស សង្កាត់​ព្រែកកំពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៤​រសៀល ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយមាន​ការ​បញ្ជា​ពី​លោក យឹម សុជាតិ អធិការ​ខណ្ឌដង្កោ ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពិស​ចុះ​បង្ក្រាប ក្នុង​នោះ​ដកហូត​បាន​ថ្នាំញៀន​០៧​កញ្ចប់ ប្រដាប់​ប្រើប្រាស់​មួយចំនួន ដាវ កាំបិត ពូថៅ កន្ត្រៃ ជុំ​ពុះ​ទង់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ព្រមទាំង​ម៉ូតូ​០២​គ្រឿង ក្នុង​នោះ​ម៉ូតូ ម៉ាក​វ៉េវ​០១​គ្រឿង និង​ម៉ូតូ​ម៉ាក​ស្តេ​ប​០១​គ្រឿង​។​
មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ យ៉ុ​ន សុភ័ណ គឺជា​អ្នក​ជួញដូរ និង​ផ្តល់​ទីតាំង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ចំណែក​៣​នាក់​ទៀត គឺជា​អ្នកប្រើប្រាស់​។ ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៤​នាក់ គឺ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​សំងាត់​ពី​ប្រជាពលរដ្ឋ​ល្អ ទើប​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​ជា​មួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពិស​ចុះ​បង្ក្រាប រួច​នាំ​យក​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែម្តង៕
រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu