Ad Code

សៀវភៅ លោក ​ស៊ី ជីន​ពីង ៖ អភិបាលកិច្ច​នៃ​ប្រទេស​ចិន ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​កម្ពុជា​

ភ្នំពេញ ៖ សៀវភៅ​ដែល​មាន​ចំណងជើង​ថា "​លោក​ស៊ី​ជីន​ពីង ​៖ អភិបាលកិច្ច​នៃ​ប្រទេស​ចិន​" ​ត្រូវ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ក្រោម​ការ​រៀបចំឡើង​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា និង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត​សភាចារ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​មន្ត្រី​អង្គទូត រួម​ទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត។​
ឯកឧត្តម​បណ្ឌិត​សភាចារ សុខ អាន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ការប្រកាស​ផ្សព្វផ្សាយ​នៃ​សៀវភៅ​នេះ គឺ​មាន​បំណង​ផ្តល់​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​នៅ​កម្ពុជា​អំពី​ចំណេះដឹង​របស់​មេ​ដឹកនាំ និង​គំនិត​របស់​គាត់​នៅ​លើ​អភិបាលកិច្ច​របស់​ចិន។​
ឯកឧត្តម​បណ្ឌិត​សភាចារ​បាន​មានប្រសាសន៍​បញ្ជាក់​ថា «​សៀវភៅ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន មាន​គោលដៅ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ស្ដីពី​អភិបាលកិច្ច​ដ៏​រឹងមាំ​របស់​លោក។ វា​នឹង​ធ្វើ​ឱ្យ​ពិភពលោក​យល់ដឹង​អំពី​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន ក៏ដូចជា​គោលនយោបាយ​ក្នុង​ស្រុក និង​បរទេស ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយបារម្ភ​របស់​សហគមន៍​អន្តរជាតិ​»។​
លោកស្រី ពូ ជៀង​ហ្គ័​រ (Bu Jianguo) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ជាមួយនឹង​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​សភាចារ សុខ អាន និង​ រាជ្យ​បណ្ឌិតសភា​កម្ពុជា ដែល​បាន​គាំទ្រ​ការ​ផ្សព្វផ្សាយ​សៀវភៅ "​លោក​ស៊ី​ជីន​ពីង​ ៖ អភិបាលកិច្ច​នៃ​ប្រទេស​ចិន​" បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា សៀវភៅ​នេះ រួមបញ្ចូល​នូវ​សុន្ទរកថា បទសម្ភាសន៍ និង​សំណេរ​របស់​ឯកឧត្តម ស៊ី ជិន​ពីង ចំនួន​៧៩ ចន្លោះ​ពី​ខែវិច្ឆិកា ឆ្នាំ​២០១២ ដល់​ខែមិថុនា ឆ្នាំ​២០១៤ ដែល​ផ្តល់​នូវ​ការ​យល់​ដឹង​ពី​មេដឹកនាំ​របស់​ប្រទេស​ចិន នៅ​លើ​បញ្ហា​នយោបាយ និង​រដ្ឋបាល​នៃ​ប្រទេស។ វា​ក៏​រួមបញ្ចូល​រូបថត​របស់​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ចំនួន​៤៥ ផង​ដែរ។​
លោកស្រី​ឯកអគ្គរដ្ឋទូត​ចិន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា សៀវភៅ​នេះ​បាន​ផ្តល់​ឲ្យ​មានការ​យល់​ដឹង​ជា​ប្រព័ន្ធ ឆ្លើយតប​យ៉ាង​ទូលំទូលាយ​ទៅ​នឹង​ទ្រឹស្ដី​ជា​ចម្បង និង​បញ្ហា​អនុវត្ត​ជាក់ស្តែង ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន នៅក្នុង​រយៈពេល​នៃ​ការ​ផ្លាស់ប្ដូរ​ដោយ​រួមបញ្ចូល​នូវ​ទស្សនវិជ្ជា​មេ​ដឹកនាំ​ចិន និង​យុទ្ធសាស្ត្រ​នៃ​អភិបាលកិច្ច។​
លោកស្រី​ឯកអគ្គរដ្ឋទូត​មាន​ប្រសាសន៍​បញ្ជាក់​ថា «​សៀវភៅ​នេះ​គឺជា​បង្អួច​សម្រាប់​សង្គម​អន្តរជាតិ​អាច​ចូល​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ស្វែងយល់ និង​ជា​កូនសោ​ដើម្បី​ផ្តល់​ចម្លើយ​ចំពោះ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​ផង​ដែរ​»។​
សៀវភៅ "​លោក​ស៊ី​ជីន​ពីង ​៖ អភិបាលកិច្ច​នៃ​ប្រទេស​ចិន​" បាន​បោះពុម្ពផ្សាយ​ចំនួន​៣,១៧​លាន​ក្បាល ក្នុង​ប្រាំបួន​ភាសា រួមមាន ចិន អង់គ្លេស បារាំង រុស្ស៊ី ភាសា​អារ៉ាប់ ភាសា​អេស្ប៉ាញ ព័រទុយហ្គាល់ អាល្លឺម៉ង់ និង​ជប៉ុន។​
សម្រាប់​កម្ពុជា លោកស្រី ពូ ជៀង​ហ្គ័​រ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា សៀវភៅ "​លោក​ស៊ី​ជីន​ពីង ៖ អភិបាលកិច្ច​នៃ​ប្រទេស​ចិន​" នឹង​ផ្តល់​នូវ​ចំណេះដឹង​ដ៏​មាន​ប្រយោជន៍​សម្រាប់​មិត្តភក្ដិ​កម្ពុជា ដែល​ធ្វើ​ឲ្យ​គេ​អាច​គិត​និង​ការស្វែងរក​នៅ​លើ​រឿងរ៉ាវ​របស់​ប្រទេស​ចិន​ដែល​ទទួល​បាន​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​"។​
ឯកឧត្តម​បណ្ឌិត​សភាចារ សុខ អាន ក្រៅពី​សង្ឃឹមថា​នឹង​មាន​ការបកប្រែ​ជា​ភាសា​ខ្មែរ ដោយ​រាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា​សៀវភៅ​នេះ​នឹង​អាច​រក​ទិញ​បាន​នៅក្នុង​ប្រទេស​កម្ពុជា៕

Post a Comment

0 Comments

Close Menu