Ad Code

ប្រារឰ​មហោស្រព​សិល្បៈ​យុវជន​ក្រោម​ប្រធានបទ​« យុវជន​ដើម្បី​វប្បធម៌​ជាតិ »


កំពង់ឆ្នាំង ៖ មហោស្រព​សិល្បៈ​យុវជន​ខេត្តកំពង់ឆ្នាំង ក្រោម​ប្រធានបទ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរ​ទទួល​បាន​ការអប់រំ​បណ្តុះបណ្តាល​អំពី​ការ​សម្ដែង​សិល្បៈ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត​នៃ​លក្ខណៈ​វប្បធម៌​ជាតិ ស្រប​ពេល​លំហូរ​វប្បធម៌​សកលភាវូប​នីយកម្ម​បរទេស​កំពុង​ជ្រៀត​ចូល។ មហោស្រព​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាល​ប្រជុំ​មន្ទីរ​នយោបាយ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ រៀបចំ​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ដោយមាន​ការចូលរួម​របស់​ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​មន្ត្រី​រាជការ​ជុំវិញ​ខេត្ត​និង​សិស្ស​វិទ្យាល័យ​ជា​ច្រើន​រូប​ទៀត។​

លោក អ៊ុន សំអុល អភិបាលរង​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ចូលរួម​ក្នុង​មហោស្រព​សិល្បៈ​យុវជន​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ប្រារឰ​មហោស្រព​សិល្បៈ​យុវជន​ក្នុងថ្ងៃនេះ គឺ​ក្នុង​គោលបំណង និង​ទិសដៅ​ផ្តល់​ឱកាស​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​​ក្នុង​ប្រព័ន្ធ​សិក្សា និង​ក្រៅ​ប្រព័ន្ធ​ឲ្យ​ទទួល​បាន​នូវ​ការអប់រំ​បណ្តុះបណ្តាល​អំពី​ការ​សម្ដែង​សិល្បៈ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​នៃ​លក្ខណៈ​ជាតិ និង​លើកស្ទួយ​ថែរក្សា​វប្បធម៌​ជាតិ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស នៅក្នុង​កាលៈទេសៈ វប្បធម៌​ជាតិ​កំពុង​ប្រឈម​ និង​​ការ​ហូរ​ចូល​វប្បធម៌​សកលភាវូបនីយកម្ម​ពី​បរទេស​បច្ចុប្បន្ន​នេះ។​

តាមរយៈ​មហោស្រព​នេះ​ចង់​ឲ្យ​យុវជន​ខ្មែរ​មានការ​ពិចារណា​ និង​មានគំនិត​ច្នៃប្រឌិត​ចំពោះ​សកលភាវូបនីយកម្ម​ពេលនេះ​ដើម្បី​ឲ្យ​យុវជន​ចូលរួម​អភិរក្ស ​អភិវឌ្ឍន៍​វប្បធម៌​ជាតិ និង​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​នូវ​ការ​អនុវត្តន៍​គោលដៅ​ថ្មី «​កម្ពុជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​» ដែល​ជា​ចលករ​ជួយ​ជំរុញ​បន្ថែម​ការប្រើ​ប្រាស់​សក្ដានុពល​វប្បធម៌​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ។​

នៅក្នុង​មហោស្រព​នេះ​ដែរ​ យុវជន​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត និង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​បាន​សម្ដែង​របាំ​តំណាង​ឲ្យ​ការ​ប្រមុខ​របរ​ធ្វើ​ស្រែចម្ការ ស្មូនឆ្នាំង ធ្វើ​កញ្ជើ​ល្អី របស់​អ្នក​ខេត្តកំពង់ឆ្នាំង និង​ល្ខោននិយាយ​ខ្លី អប់រំ​ដល់​សិស្ស​ឲ្យ​លះបង់​ការ​ដើរ​លេង​ពាលា​អាវាសែ ត្រូវ​ខិត​ខំ​រៀន​សូត​ដើម្បី​អនាគត​របស់​ខ្លួន​ដែល​ជា​សសរទ្រូង​របស់​ជាតិ​ និង​ជា​ទំពាំង​ស្នង​ឫស្សី ​ធ្វើ​ឲ្យ​អ្នកចូលរួម​មហោស្រព​ពេញចិត្ត​គ្រប់ៗ​គ្នា។​

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា របាំ និង​ល្ខោន​និយាយ​អប់រំ​ខាង​លើ​នេះ​នឹង​ត្រូវ​អប់រំ​ហ្វឹកហាត់​បន្ថែម ដោយ​លោកគ្រូ អ្នកគ្រូ​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​ត្រៀម​យក​ទៅ​ប្រឡង​នៅ​ថ្នាក់​ជាតិ​ក្នុង​ពេល​ខាងមុខ​។ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៤​កន្លងមក ក្រុម​សិល្បៈ​អាយ៉ៃ​រឿង​របស់​ខេត្តកំពង់ឆ្នាំង​បាន​ទទួល​ជ័យលាភី​ឆ្នើម​ក្នុង​ការ​ប្រកួត​សិល្បៈ​មហាជន​នៅ​ថ្នាក់​ភូមិភាគ​។​ ដោយឡែក​សិល្បៈ​ការិនី​ម្នាក់​ផ្នែក​ស្មូត​កំណាព្យ ក៏​ទទួល​បាន​ជ័យលាភី​លេខ​១​ទូទាំង​ប្រទេស​ពេល​ប្រឡង​មហោស្រព​ថ្នាក់​ជាតិ​នៅ​កោះ​ពេជ្រ។ លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​មាន​មតិ​សំណេះ​សំណាល​និង​ផ្តាំផ្ញើ​ថា​ លោក​សូម​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ការ​រាំ​របាំ​ជូនពរ ការ​សម្ដែង​របាំ​ទាក់ទង​នឹង​ជីវភាព​រស់នៅ​របស់​អ្នក​ខេត្តកំពង់ឆ្នាំង និង​ការ​សម្ដែង​ល្ខោននិយាយ​អប់រំ​របស់​ក្មួយៗ​សិស្ស​វិទ្យាល័យ​ទាំង​២​។​ ការ​សម្ដែង​និង​រាំ​របាំ​នេះ​ពិតជា​គួរ​ឲ្យ​ទាក់ទាញ​ណាស់ ទោះបី​មានការ​ខ្វះ​ខាត​តិចតួច​ត្រូវ​កែលំអ​ក៏ដោយ តែ​អាច​ទទួល​យក​បាន​។ លោក​សូម​ឲ្យ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ហ្វឹកហាត់​រៀនសូត្រ​ដល់​ក្មួយ​សិស្ស​វិទ្យាល័យ​ទាំង​២​ឲ្យ​ក្លាយជា​អ្នក​សិល្បៈ និង​អ្នក​សម្ដែង​ដ៏​ល្អ​ទៅ​អនាគត​។ ​ទន្ទឹម​នេះ មន្ទីរ ត្រូវ​ខិតខំ​ស្រាវជ្រាវ​រៀបចំ​ជួសជុល​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ទាំងឡាយ​នៅក្នុង​ខេត្ត និង​បណ្ដា​ស្នាដៃ​ច្នៃប្រឌិត​វត្ថុ​ប្រើប្រាស់​នានា ដែល​តំណាង​ឲ្យ​មរតក​វប្បធម៌​ជាតិ​របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ឲ្យ​មាន​គុណភាព និង​សោភ័ណភាព ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ៕

( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu