ភ្នំពេញ ៖ ៤ក្រុម គឺក្រុមខេត្តស្វាយរៀង ណាហ្គាវើល អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុម Tri Asia នឹងជួបគ្នានៅល្ងាចនេះនៅកីឡដ្ឋានខេត្តស្វាយរៀង ដើម្បីប្រជែងគ្នារកកៅអីសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Hun Sen Cup2015 នោះ។
ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Hun Sen Cup2015 នាល្ងាចថ្ងៃពុធ ទី១១ ខែកុម្ភៈនេះ ការប្រកួតលើកទី១ជាការជួបរវាងក្រុមអតីតជើងឯក Hun Sen Cup លើកទី៨អគ្គស្នងការនគរបាលជាតិ ជាមួយក្រុមណាហ្គាវើល ដែលជាអតីតជើងឯក Hun Sen Cup លើកទី៧។ ២ក្រុមនេះសុទ្ធតែធ្លាប់ឈ្នះចាញ់គ្នាទៅវិញទៅមកក្នុងការប្រកួតរដូវកាលចាស់ ពិសេសកាលពីជួបគ្នាវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៤ ហើយណាហ្គាចាញ់នោះ។ ពេលនេះប៉ះគ្នានិងមានភាពតឹងតែងរៀងៗខ្លួន។
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិមុននឹងឡើងមកនេះបានយកឈ្នះបៀលប្រាយ យូណាយធីត ក្នុងលទ្ធផល៣ ទល់ ១ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ចំណែកក្រុមណាហ្គាវើលវិញ ក៏បានលត់ក្រុមខ្លាំងបឹងកេតអង្គរFC ក្នុងលទ្ធផល៣-០ ផងដែរ។
ចាំមើល រវាងអតីតជើងឯកលើកទី៨ និងលើកទី៧ជួបគ្នានេះ តើក្រុមណាដែលរកបានកៅអីសម្រាប់វគ្គផ្តាច់ព្រ័ត្រនោះ? ចំពោះការប្រកួតមួយគូទៀត ជាការជួបគ្នារវាងក្រុមអតីតជើងឯកleagueខេត្តស្វាយរៀង ជាមួយក្រុមចំណូលថ្មីTri Asia ។ នេះជាជំនួបមួយដែលថាស្រួលក៏បាន លំបាកក៏បានសម្រាប់ក្រុមខេត្តស្វាយរៀងនោះ។
ក្រុមខេត្តស្វាយរៀងបានធ្វើឲ្យក្រុមភ្នំពេញក្រោនជើងឯកLeagueឆ្នាំមុន យំមិនចេញនៅក្នុងការប្រកួត៨ក្រុមចុងក្រោយ ដោយលត់ភ្នំពេញក្រោន៤ទល់១ ធ្វើឲ្យភ្នំពេញក្រោនហាលអាវនោះ។ ឯ ក្រុមចំណូលថ្មីTri Asiaវិញ បានយកឈ្នះក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនAlbirex Niigata ក្នុងលទ្ធផល២ ទល់ ០។ ទោះជាយ៉ាងណា ក្រុមខេត្តស្វាយរៀងមិនអាចមើលស្រាលក្រុមចំណូលថ្មីTri Asia បានឡើយ ក្នុងការប្រកួតដ៏សំខាន់មួយនេះ ដើម្បីឈានទៅរក្សាការពារតំណែងជើងឯករបស់ខ្លួននោះ។
វិសិទ្ធ
0 Comments