បន្ទាយមានជ័យ ៖ ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបានរិះគន់ខ្លាំងៗចំពោះអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធលើភ្លើងស្តុបដែលដាច់ជាងមួយខែមិនទាន់មានភ្លើងបញ្ជាចរាចរណ៍ឆ្លងកាត់ប្រកបដោយគ្រោះថ្នាក់។ ភ្លើងស្តុបដែលបានដាច់ខាងលើស្ថិតនៅផ្លូវកែងបំបែកជាបួន រវាងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥៦ ក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកើតទ្បើងអំឡុងឆ្នាំ២០០៨ ហើយមានតែមួយចំណុចនេះទេទូទាំងខេត្តក្នុងអាណត្តិឯកឧត្ដម អ៊ុង អឿន ជាអភិបាលខេត្តបានឧបត្ថម្ភមួយបង្គោល និងជាអំណោយឯកឧត្តម អឹម ភាន់សុផល អភិបាលរងខេត្តមួយបង្គោល និងលោក តៃ ហាំង មួយបង្គោលភ្លើងស្តុបនេះបានដាច់ច្រើនថ្ងៃមកហើយ ធ្វើឲ្យគ្រប់មធ្យោបាយអ្នកធ្វើដំណើរលំបាកឆ្លងកាត់។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា លោកត្រូវបានខេត្តប្រគល់ឲ្យគ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍នៅស្តុបនេះ តែត្រូវខូចខាតជួសជុលជាបន្តបន្ទាប់ ហើយលោកបានកុម្ម៉ង់សម្ភារៈសម្រាប់ជួសជុលលើកនេះចំណាយថវិកាផ្ទាល់ខ្លួនជាង១លាន៥សែនរៀលរួចហើយ តែសម្ភារៈទាំងនេះមិនទាន់មកដល់ និងនៅមិនរករថយន្តបច្ចេកទេសមកភ្ជាប់បាន។
សូមបញ្ជាក់ថា ភ្លើងសញ្ញាចរាចរណ៍ធ្លាប់បានដាច់ភ្លើងជាញឹកញាប់តែត្រូវជួសជល់វិញភ្លាមៗ តែដាច់ភ្លើងសញ្ញាចរាចរណ៍លើកនេះមានរយៈពេលយូរ៕
អ ពៅ
0 Comments