ភ្នំពេញ ៖ ម៉ឺន សុភា អ្នកប្រដាល់ក្លិបក្រសួងការពារជាតិនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់អឺរ៉ុបជនជាតិស្វីសឈ្មោះ Gligor Stojanoy នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើសង្វៀនស្ទឹងមានជ័យក្នុងកម្មវិធីប្រដាល់មិត្តភាពកម្ពុជា-ថៃ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៧០គីឡូក្រាម។
សុភា កាលពីជាងកន្លះខែមុន (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥) គេបានឡើងប្រកួតជាមួយអ្នកប្រដាល់ថៃ Kong Kiat Muang Kaeo ហើយគេបានយកវាយចាញ់អ្នកប្រដាល់ថៃនោះដោយពិន្ទុ ហើយកាលពីចុងខែធ្នូ ឆ្នាំ២០១៤កន្លងមកនេះដែរ សុភា បានវាយឈ្នះអ្នកប្រដាល់ថៃThan Vallek ដោយពិន្ទុ។ និយាយរួម ក្នុងការប្រកួតជាមួយអ្នកប្រដាល់បរទេសចំនួន១១នាក់ ដែលមានថៃ បារាំង អង់គ្លេស ប្រេស៊ីល និងអ៊ីរ៉ង់នោះ សុភា វាយចាញ់ពិន្ទុប្រេស៊ីលម្នាក់ បារាំងម្នាក់ និងថៃម្នាក់ប៉ុណ្ណោះ ក្រៅពីហ្នឹងគេវាយឈ្នះទាំងអស់។
ចំពោះអ្នកប្រដាល់ស្វីសដែលនឹងមកជួប ម៉ឺន សុភាវិញ គេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងណានោះទេ។ Gligor Stojanoy នេះបើតាមអ្នកផ្គូផ្គងឲ្យដឹងនោះថា មានស្នៀតប្រដាល់ល្អ និងខ្លាំងគួរសមដែរ ប៉ុន្តែបទពិសោធន៍លើរេញរបស់គេមិនជាប៉ុន្មានទេ ព្រោះគេមានប្រវត្តិប្រកួតទើបតែបាន២០ដងប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ១៦ដង និងចាញ់៤ដង មិនដែលស្មើ និងមិនដែលវាយដៃគូឲ្យសន្លប់នោះឡើយ។
ដូច្នេះ ម៉ឺន សុភា ដែលជួបប្រកួតជាមួយ Gligor Stojanoyលើកនេះប្រហែលជាមិនយ៉ាប់ប៉ុន្មានទេ ព្រោះបើតាមកម្រិតសមត្ថភាពរបស់ ម៉ឺន សុភា អាចថា សុភា ស៊ីផុយហើយ។ សុភា គេមានប្រវត្តិប្រកួតត្រឹមតែ៤២ដង ក្នុងនោះឈ្នះ៣៥ដង ចាញ់៦ដង និងស្មើម្តង ហើយសុភាធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន៩ដង។ តែយ៉ាងណា សុភា ក៏ត្រូវប្រយ័ត្នដែរ។ ម៉ឺន សុភា ខ្លាំងកណ្ដាប់ដៃ ពិសេសកណ្ដាប់ដៃឆ្វេង។ ដូច្នេះចាំមើល តើនរណាឈ្នះរវាង ម៉ឺន សុភា និង Gligor Stojanoy នេះ?
អ្នកប្រដាល់ ពេជ្រ សីហា ជើងខ្លាំងរបស់កម្ពុជាដែលមានបទពិសោធន៍ជោគជាំជាមួយប្រដាល់នោះនឹងជួបជាមួយអ្នកប្រដាល់ថៃ ឈ្មោះTilek Pithak Meungkan ដោយប្រកួតក្នុងទម្ងន់៦៩ គីឡូក្រាម។ សីហា កាលពីឡើងប្រកួតលើកមុនគេប្រកួតឈ្នះអ្នកប្រដាល់អាមេរិកដោយពិន្ទុ(ថ្ងៃទី០១ ខែកុម្ភៈ) និងវាយស្មើពិន្ទុជាមួយថៃRarueng Luk Cha pachai (ថ្ងៃទី០៤ ខែមករា)ដោយសារតែអ្នកប្រដាល់ថៃរូបនោះខ្ពស់ពេក។ សម្រាប់ការជួបជាមួយអ្នកប្រដាល់ថៃលើកនេះ មានកម្ពស់ប្រហាក់ប្រហែលគ្នា ដោយ សីហា១,៧០ទល់១,៧៣ម៉ែត្រ ដូច្នេះមិនមានបញ្ហាអ្វីឡើយ។
អ្នកប្រដាល់ថៃ Rarueng Luk Cha pachai រូបនេះ មើលទៅប្រហែលជាមិនអន់នោះទេ ព្រោះគេមានស្ថិតិប្រកួតច្រើនគួរសមដែរ គឺបាន៨០ដង ក្នុងនោះឈ្នះ៦៥ដង ចាញ់១៥ដងមិនដែលស្មើ។ ចំណែក ពេជ្រ សីហា គេកំណត់ត្រាប្រកួត៩៧ដង ឈ្នះ៧៥ដង ចាញ់១៦ដងនិងស្មើ៦ដង។ គ្រាន់តែ សីហា វាយដៃគូឲ្យសន្លប់មានចំនួន២៦ដង ឯថៃ Rarueng Luk Cha pachai គេធ្លាប់ផ្ដួលដៃគូបានតែ១២ដងប៉ុណ្ណោះ។
ទោះជាយ៉ាងណារវាង ពេជ្រ សីហា និង ថៃRarueng Luk Cha pachai នេះ ការឈ្នះចាញ់នោះ គឺមិនអាចទស្សន៍ទាយមុនបានឡើយ ព្រោះជួបអ្នកប្រដាល់ថៃមិនអាចមើលស្រាលបានឡើយ៕
វិសិទ្ធ
0 Comments