ភ្នំពេញ ៖ អ្នកប្រដាល់សៀវ ង៉ុយ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិនឹងជួបប្រកួតជាមួយ ម៉ន សាម៉េត អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ នៅលើសង្វៀនSEA-TV ដើម្បីសាកកណ្ដាប់ដៃគ្នា។
សៀវ ង៉ុយ និង ម៉ន សាម៉េត នេះ ពួកគេមិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក។ ង៉ុយ ធ្លាប់តែជួបជាមួយ ម៉ន វិរះ ម៉ន ភីរម្យ ដែលជាមិត្តរួមគ្រូរបស់ សាម៉េត។ ការជួបជាមួយត្រកូល ម៉ននេះ សៀវ ង៉ុយ ពិបាកស៊ីណាស់ព្រោះពួកគេនោះសុទ្ធតែស៊ូ និងខ្លាំងក្នុងការប្រកួត។
ជាការពិបាកសម្រាប់ សៀវ ង៉ុយ ក្នុងការយកឈ្នះលើ ម៉ន សាម៉េត ដោយសារ សាម៉េត គេខ្លាំងជាង ម៉ន វិរះ ម៉ន ភីរម្យទៅទៀត។ ម៉ន សាម៉េត គេជាម្ចាស់ខ្សែក្រវាត់ស្រាបៀកម្ពុជាទម្ងន់៥៧គីឡូក្រាម ក្រោយពីគេបានយកឈ្នះ ឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីដើមខែវិច្ឆិកាកន្លងមកនោះ។
សាម៉េត មានកណ្ដាប់ដៃ និងជើងទាត់ខ្លាំង ជង្គង់ក៏ល្អដែរ។ ជាមួយនឹងមានស្នៀតប្រដាល់ល្អ សាម៉េត គេហ៊ានថែមទៀត នៅពេលដែលគេដឹងខ្លួនចាញ់ប្រៀបគូប្រកួតនោះ សាម៉េត រឹតតែហ៊ានប្ដូរមិនខ្លាចញញើតនោះឡើយ។ សៀវ ង៉ុយ គេខ្លាំងនិងល្អកែងនិងជង្គង់។ ក្នុងខណៈដែលគេខ្ពស់ស្រាប់នោះ ង៉ុយ គេពូកែធាក់ និងពូកែជង្គង់ ប៉ុន្តែគេអាចចាញ់កម្លាំងរបស់ សាម៉េត និងចាញ់កលល្បិចប្រកួត។ ប៉ុន្តែយ៉ាងណា ម៉ន សាម៉េត ក៏ពិបាកធ្វើ សៀវ ង៉ុយដែរ ប្រសិនបើ ង៉ុយ គេរឹងមាំបន្តិច និង វាយប្រយោលមិនចូលកៀកនោះ គឺ សាម៉េត យ៉ាប់ជាមួយស្នៀតជើងទាត់ និងជង្គង់របស់ ង៉ុយហើយ។ ដូច្នេះ ចាំមើលរវាងពីរនាក់នេះជួបគ្នា តើនរណាជាអ្នកឈ្នះនោះ?
ការប្រកួតចុងក្រោយរបស់ សៀវ ង៉ុយ គឺវាយឈ្នះ ហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបងដោយពិន្ទុ ឯការប្រកួតចុងក្រោយរបស់ ម៉ន សាម៉េតវិញ គឺវាយឈ្នះ សួង សុវណ្ណថា អ្នកប្រដាល់ក្លិបកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុដែរ។
សេក ណារ៉ាក់ អ្នកប្រដាល់ក្លិបសឹករងសៀមរាបនឹងឡើងសងសឹកជាមួយតូច ទូ អ្នកប្រដាល់ក្លិបកងយោធពលខេមរភូមិន្ទ។ ពីរនាក់នេះ ជួបគ្នាម្តងកាលពីមួយឆ្នាំមួយមុន ដោយ សេក ណារ៉ាក់ចាញ់តូច ទូដោយពិន្ទុ។
តូច ទូ និង សេក ណារ៉ាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៥គីឡូក្រាម។ ការឡើងសងសឹករបស់ណារ៉ាក់នេះ ទំនងជាមិនបានសម្រេចនោះទេ ព្រោះថា តូច ទូ គេល្អ និងខ្លាំងជាង ដែលផ្ទុយពីណារ៉ាក់ មានចិត្តប្រដាល់តូចនិងអន់ផ្លែនោះ។
សេក ណារ៉ាក់ ប្រកួតចុងក្រោយនេះ វាយចាញ់ នេន វណ្ណា អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ៣ដោយពិន្ទុ។ ចំណែក តូច ទូ ប្រកួតចុងក្រោយនេះ ក៏វាយចាញ់ ពុធ ផនកុសល អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡាក្នុងទឹកទី២។
សុខ ទូ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ត្រូវគេផ្គូឲ្យប្រកួតជាមួយ សយ សី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ដោយប្រកួតក្នុងទម្ងន់៥១គីឡូក្រាម។ ពួកគេពីរនាក់នេះ ពុំ ដែលប៉ះគ្នានោះទេកន្លងមក។ ទោះជាយ៉ាងនេះក្តីសម្រាប់ការជួបគ្នាលើកដំបូងនេះ ក្រុមអ្នកវិភាគប្រដាល់អះអាង ថា សយ សី ប្រហែលជាទៅមិនរួចជាមួយ សុខ ទូ នោះទេ។ សុខ ទូ គេមានផ្លែល្អជាងសយ សី។ ការប្រកួតចុងក្រោយរបស់ សុខ ទូ គឺវាយឈ្នះ ធឿន គឹមសេក អ្នកប្រដាល់ក្លិបកងពលលេខ៨ភ្នំទ្រព្យក្នុងទឹកទី៤ រីឯការប្រកួតចុងក្រោយរបស់ សយ សីវិញ គឺវាយចាញ់ សំណាង ឌីណា អ្នកប្រដាល់ក្លិបបាត់ដំបងពាយ័ព្យដោយពិន្ទុ៕
វិសិទ្ធ
0 Comments