ភ្នំពេញ ៖ ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសសិក្សានៅកម្រិតឧត្តមសិក្សាជូនដល់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំកន្លងមក និងជាពិសេសក្នុងឆ្នាំ២០១៥នេះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំនូវការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ២០១៥ ដើម្បីទទួលនូវអាហារូបករណ៍១០០ភាគរយ ៧០ភាគរយ និង៥០ភាគរយពីសាកលវិទ្យាល័យដែលក្នុងនោះមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន៨៣០នាក់។
ការប្រឡងអាហារូបករណ៍នេះត្រូវបែងចែកជាបួនផ្នែកធំៗទីមួយ គឺផ្នែកវិទ្យាសាស្ត្រដែលតំរូវឲ្យបេក្ខជនប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា ទីពីរគឺផ្នែកសិល្បៈ មនុស្សសាស្ត្រ និងភាសា បរទេស ដែលបេក្ខជនប្រឡងប្រជែងលើវិញ្ញាសា ភាសាអង់គ្លេស ទីបីគឺផ្នែកវិទ្យាសាស្ត្រសង្គម ដែលបេក្ខជនត្រូវប្រឡងលើវិញ្ញាសា ចំណេះដឹងទូទៅ និងទីបួនគឺផ្នែកកម្មវិធីសិក្សាអន្តរជាតិដែលតំរូវឲ្យបេក្ខជនប្រឡងលើវិញ្ញាសាគណិតវិទ្យា និងភាសាអង់គ្លេស។
លោកបាន ថេរ៉ូសកលវិទ្យាធិការរងសាកលវិទ្យាល័យមេគង្គកម្ពុជាមានប្រសាសន៍ថា ការប្រឡងជ្រើសរើសអាហារូបករណ៍ប្រចាំឆ្នាំរបស់សាកលវិទ្យាល័យនេះគឺធ្វើឡើង ដើម្បីជ្រើសរើសបេក្ខជនដែលមានសមត្ថភាពមានទឹកចិត្តស្រឡាញ់ការសិក្សាពិតប្រាកដ និងមានឆន្ទៈខ្ពស់ក្នុងការបន្តការសិក្សាកម្រិតឧត្តមសិក្សា ដើម្បីទទួលបានអាហារូបករណ៍លើថ្លៃសិក្សាពីសាកលវិទ្យាល័យមេគង្គកម្ពុជាដែលជាសាកលវិទ្យាល័យមួយយកចិត្តទុកដាក់ពីតម្លៃនៃការអប់រំ និងតែងផ្តល់នូវការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ជូនដល់សិស្សនិស្សិតគ្រប់រូប ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារក្នុងតំបន់អាស៊ាន។
ឈរនៅលើបាវចនារបស់សាកលវិទ្យាល័យ “ជាសាកលវិទ្យាល័យដែលយកចិត្តទុកដាក់ពីតម្លៃនៃការអប់រំ” សាកលវិទ្យាល័យធានាជូនដល់និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមេគង្គកម្ពុជាឲ្យចេះជំនាញចំនួន៤ គឺជំនាញឯកទេសដែលខ្លួនជ្រើសរើស ភាសាអង់គ្លេស និងភាពជាសហគ្រិន។ ម្យ៉ាងវិញទៀត ទោះបីជាកម្រិតភាសាអង់គ្លេសរបស់សិស្ស និស្សិតស្ថិតនៅក្នុងកម្រិតណាក៏ដោយសាកលវិទ្យាល័យនឹងធ្វើការបណ្តុះបណ្តាលដោយប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីសិក្សាដែលមានប្រសិទ្ធភាពខ្ពស់ដែលធានាថាសិស្ស និស្សិត ពិតជាអាចប្រើប្រាស់ភាសាអង់គ្លេសបានក្នុងកម្រិតខ្ពស់៕
សាកលវិទ្យាល័យមេគង្គកម្ពុជាប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ២០១៥
0 Comments