Ad Code

ដូនតា​ខ្មែរ​បុរាណ​ ចាត់ទុកគោក្របីជា អាទិទេព

កសិករខ្មែរ​ជាយូរលង់ណាស់មកហើយដែល​គេគិតតាំង​ពីសម័យ​បុរេប្រវត្តិសាស្ត្រ មកម៉្លេះ​តែង​បានប្រើប្រាស់​គោក្របីក្នុងការ​ភ្ជូររាស់ និង​អូស​រទេះ។ សំខាន់​គឺអ្នកស្រែ​ពីបុរាណមិនអាច​ខ្វះបាននូវ​កម្លាំងអូសទាញពីគោក្របី​នោះ​ឡើយ។ ដូចនេះ​គុណ​បំណាច់​នៃសត្វ​ពាហនៈ​​នេះ​​​​​​ក្នុង​​​ផ្នត់​គំនិតដូន​តាខ្មែរ​បានចាត់​ទុក​​ជា សត្វមាន​គុណស្មើនឹង​អា​ទិទេពថ្នាក់​​ក្រោម​ក្នុង​​​ការរួមរស់​ជាមួយ​មនុស្ស​យ៉ាងនោះដែរ។


​តាមរយៈ​ឯកសារ​វប្បធម៌​អារ្យ​ធម៌អង្គរបុរីរបស់​អ្នកនិពន្ធ​មី សែលត្រាណេ ពីសតវត្សរ៍ទី១ ដល់​ទី៦ ភាគ​២ ជំពូក​២ ទំព័រ​៧៤ បានបញ្ជាក់ថា សត្វក្របីជាសត្វមួយដែល​មានប្រជាប្រិយភាព​ដូចសត្វគោដែរ និងមានសារៈសំខាន់ក្នុងរឿង​វប្បធម៌ខ្មែរ​ដែលមានកសិករ​ជាមូលដ្ឋាន​។ ដោយ​សារគុណ​សម្បតិ្ត​ទាំងនោះ​ទើប​បាន​ជាខ្មែរបុរាណ​ចាត់ទុក​វាស្មើ​នឹង​ព្រះអាទិទេព​ដែល​ជា​ប្រភពនៃ​ភាពសម្បូរស​ប្បាយ​។


បើយើង​ធ្វើការ​រំលឹក​ឡើងវិញតាមការជាក់ស្តែង​នោះគឺកសិករ​ខ្មែរ​ពីបុរាណ​និងបន្តមកដល់​បច្ចុប្បន្ននេះនៅ​តែប្រើប្រាស់​កម្លាំងគោក្របី​សម្រាប់ជាជំនួយការប្រកបដោយប្រសិទ្ធភាព​បំផុតក្នុងការងារកសិកម្ម។ ប៉ុន្តែបច្ចុប្បន្ននេះ​វិទ្យាសាស្ត្រទំនើប​កាន់តែ​ឈានមកគ្រប់គ្រងលើ​វិស័យ​កសិកម្មនោះ តែងបណ្តាលឲ្យការប្រើ​ប្រាស់កម្លាំងគោក្របីបានប្រែក្លាយជាគោយន្ត​និងជាត្រាក់ទ័រ​មកជំនួស​វិញ។ ហេតុនេះ​ហើយ​ទើប​នាពេលនេះកសិករ​ជឿនលឿនដែលមាន​ផ្ទៃដីស្រែច្រើន​ហិកតានោះ គេបានទិញគោយន្ត​និងត្រាក់ទ័រ​មកភ្ជូររាស់ និងមានរហូតដល់​ម៉ាស៊ីនស្ទូងស្រូវនិង​ម៉ាស៊ីនច្រូតកាត់បោកបែន​ទៀតផង។ នេះហើយ​ដែលជា​មូលហេតុ​ដែលនាំ​ឲ្យ​កសិករ​ខ្មែរយើង​បានកាត់​បន្ថយ​អំពីការ​ប្រើប្រាស់កម្លាំងគោក្របីនោះ។


ប៉ុន្តែ​ក្នុងខណៈនេះខ្ញុំ​នឹងធ្វើការ​រំលឹក​ឡើងវិញ​អំពីការងារ​កសិកម្មពីបុរាណដែលធ្វើឲ្យខឿន​សេដ្ឋកិច្ច​ជាតិមានការ​រីកចម្រើន​នោះវាអាស្រ័យ​លើការ​ប្រើប្រាស់នូវ​កម្លាំងអូសទាញដោយគោឬ​ក្របី​តែម្តង។ នៅ​ពេលដែល​កសិផល​ទាំងអស់​បានទទួល​ដោយ​គ្រួសារ​កសិករ​នីមួយៗ​នោះគឺ​តែងនាំឲ្យមានភាព​ធូរធារសំបូរសប្បាយព្រោះ​មានស្រូវ។ ដូចពាក្យ​ចាស់​បាន​និយាយថា “មាន​ស្រូវ​គឺមានអ្វីៗទាំងអស់”។ បានសេចក្តីថា បើមានស្រូវ​ក៏ទុកជាមាន​ម្ហូបចំណីដែរ ព្រោះ​​បើ​មានស្រូវ​អាច​ចិញ្ចឹម​ជ្រូក​មាន់ ទា បានរីកចម្រើន​ក្នុង​គ្រួសារ។ ឯជ្រូក​មាន់ទា​ទាំងនោះ​គឺជា​ម្ហូប​ផង និង​សម្រាប់​លក់ដូរបានមាសប្រាក់​ផង។ ទាំងអស់​នេះ​ហើយទើបពាក្យ​ចាស់បាន​ផ្តែផ្តាំ​មកថា “មានស្រូវ​មានអ្វីៗទាំងអស់” ពិតមែន។


យ៉ាងនេះហើយ​ទើប​ដូនតាខ្មែរពីបុរាណដែល​បាន​គិតឃើញ​ពីគុណ​បំណាច់ខ្ពស់​របស់​គោក្របី​ក្នុងការជួយបង្កបង្កើនផលផ្តល់​ឲ្យគ្រួសារ​របស់គាត់មានជីវភាពកាន់តែ​ប្រសើរនោះក៏គាត់​បានចាត់ទុកគោក្របី​ជាអាទិទេពរួម​រស់ជាមួយ​គាត់​យ៉ាងជិតស្និទ្ធបំផុត។ ជាពិសេស​អ្នក​ស្រែ​មានការ​ចិញ្ចឹម​និងថែរក្សាគោក្របីយ៉ាងដិតដល់​បំផុតដូចជា ការស្វែងរកស្មៅ​ និងចំបើង​ទុកឲ្យ​គោក្របី​ស៊ី។ ទោះជា​មានការ​នឿយហត់ ឬមាន​ភ្លៀង​រលឹមយ៉ាងណាក៏កសិករ​ស្ពាយ​ជាលទៅ​ច្រូត​ស្មៅយកមកឲ្យ​គោបានស៊ីឆ្អែតរាល់ថ្ងៃ​មិនដែល​ខកខាននោះដែរ។ នៅពេល​យប់​កសិករ​បំពក់ភ្នក់​ភ្លើង​ដោយការបង្ហុយ​ផ្សែងដើម្បី​កុំឲ្យ​មូស​ខាំគោ។​ ឯកសិករ​ដែល​មានជីវភាពធូរធារ​នោះបាន​ទិញស្បៃមុង​ដាក់ឲ្យ​គោទៀតផង។


លក្ខណៈម្យ៉ាងទៀតដែលជាប្រពៃណីបន្តមក​ដល់បច្ចុប្បន្ននេះ​ដែរគឺ នៅថ្ងៃ​១កើតខែអស្សុជ​ជាថ្ងៃ​ជូន​ដូនតា​បន្ទាប់​ពីថ្ងៃ​ភ្ជុំបិណ្ឌនោះ​កសិករ​ខ្មែរបុរាណ​តែង​បានប្រារព្ធពិធីលាប​ប្រេងលាប​ម្ស៉ៅដាក់លើ​ស្វែងគោ​ក្របី​និងមាន​ពិធី​រៀបចំម្ហូប​អាហារ​សែន​ព្រេន​ផងដើម្បីជា​កិច្ច​នឹក​គុណ​ដល់​​គោក្របី​ជាអ្នក​ជួយធ្វើ​ស្រែ។ ជាងនេះទៅទៀត​ក៏កសិករ​មានការ​លើកដៃ​សំពះ​គោក្របី​តាមរយៈ​ការសុំ​ខមាទោស​ចំពោះ​ការជេរ ឬវាយ​ដំក្នុងពេល​ធ្វើការកន្លងមកផង។ នេះហើយ​ដែល​ជាផ្នត់​គំនិតកសិករ​ខ្មែរពីបុរាណបាន​ចាត់ទុក​គោក្របី​ជាអាទិទេពជួយ​ខ្លួន​ពិតប្រាកដនោះ៕


 



ដូនតា​ខ្មែរ​បុរាណ​ ចាត់ទុកគោក្របីជា អាទិទេព

Post a Comment

0 Comments

Close Menu