Ad Code

កីឡាករ ស្វាយរៀង​អែ​ហ្វ​ស៊ី៨ នាក់​បញ្ចប់​យុទ្ធនាការ​ហ្វឹកហាត់ ២ សប្ដាហ៍​នៅ​អង់គ្លេស

កីឡាករ​របស់​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី ទាំង ៨ នាក់​ដែល​ភាគច្រើន​ក្នុង​ឈុត​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ (U-19) រួម​ទាំង​គ្រូបង្វឹក ២ នាក់​ទៀត​នោះ បាន​បញ្ចប់​យុទ្ធនាការ​ហ្វឹកហាត់​ជាង ២ សប្ដាហ៍​នៅ​ប្រទេស​អង់គ្លេស ហើយ គឺ​គិត​ចាប់តាំងពី​ថ្ងៃទី ១ ខែវិច្ឆិកា មកម្ល៉េះ។


លោក សុក វាសនា គ្រូបង្វឹក​ក្រុមយុវជន​ប្រចាំ​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី ដែល​ជា​គ្រូបង្វឹក​ដឹកនាំ​កីឡាករ​ទៅ​ប្រទេស​អង់គ្លេស បានបង្ហាញ​ពី​សកម្មភាព​របស់​កូនក្រុម ទាំង​លើ​ទីលាន និង​ទៅ​ទស្សនកិច្ច​ក្លិប​ធំៗ ដូចជា Arsenal, Manchester United, Leicester ជាដើម​។ នៅ​ថ្ងៃ​ចុងក្រោយ​ក្រុម​លោក​បាន​ប្រកួត​មិត្តភាព​ឈ្នះ​ក្រុម សាលា Brooke House College ដោយ​លទ្ធផល ២ ទល់ ១។


កីឡាករ​ទាំង ៨ នាក់​ដែល​មាន​ឈ្មោះ​ចេញទៅ​ហ្វឹកហាត់​លើ​ទឹកដី​ប្រទេស​ល្បី​ខាង​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ​មាន​កីឡាករ អឿន ប៊ី​លី​, ផន ភា​រ៉ា​, ឡាយ រស្មី​, គ​ន្ធា រ៉ា​វ៉ាន់​, គឹម ហាប់​, អោម ឧ​ត្ត​ម​, អ៊ុក វ៉ាន់​ណេ និង ទេព វា​នា​កុមារ​ពិទូរ្យ ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក សុក វាសនា និង​លោក សំអែល ណា​សា អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា។


កន្លងមក​លោក សុក វាសនា បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​តាំង​នាម​ខ្ញុំបាទ​តំណាង​ឲ្យ​គ្រូ​និង​កីឡាករ​ស្វាយរៀង​អេ​ហ្វ​ស៊ី ទាំងអស់ សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្លិប​ស្វាយរៀង​អេ​ហ្វ​ស៊ី គ្រប់​ជាន់ថ្នាក់​ដែល​មាន​ឯកឧត្តម ឌី វិជ្ជា ជា​ប្រធាន​ក្លិប រួម​ទាំង​លោកជំទាវ ស៊ុយ សុផាន់ និង លោកជំទាវ ជុំ ស្រី​ទូច នាយក​ក្រុមហ៊ុន RTV Tours នឹង​ក្រុម​គ្រួសារ​ដែល​បាន​ជួយ​រៀបចំ​គម្រោង​ស្នើសុំ ហើយ​ផ្តល់​ឱកាស និង​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​ក្រុម​កីឡាករ​របស់​យើងខ្ញុំ​។ ជា​ចុងក្រោយ​ក្រុម​យើងខ្ញុំ​ទាំងអស់​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​ព្រមទាំង​លោកជំទាវ​និង​ក្រុម​គ្រួសារ សូម​ឲ្យ​ជួប​តែ​សំណាងល្អ សុខភាព​ល្អ និង មុខរបរ​ជំនួញ​រឹតតែ​រីកចម្រើន​ទៅមុខ​ជានិច្ច​»។


យោង​តាម​ប្រភព​មកពី​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​លើក​ឡើង​ថា ក្រុម​ទាំងមូល​នឹង​ត្រឡប់មក​ប្រទេស​កម្ពុជា វិញ​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខ បន្ទាប់ពី​បញ្ចប់​ការហ្វឹកហាត់​រួមគ្នា​នៅ​នៅ​ទីនោះ​រយៈពេល​ជាង ២ សប្ដាហ៍​រួចមក​។ ការ​ហ្វឹកហាត់​នឹងធ្វើ​ឡើង​នៅក្នុង​សាលា Brooke House College ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង Leicester ប្រទេស​អង់គ្លេស។


សម្រាប់​គម្រោង​ស្នើសុំ​ទៅ​ខាង​អង់គ្លេស គឺ​តាមរយៈ​ក្រុមហ៊ុន​RTV Tours ដែល​មាន​កូនប្រុស​រប​ស់លោក​ជំទាវ ស៊ុយ សុផាន់​ឈ្មោះ តាន់ រិទ្ធី​វិវឌ្ឍន៍​។ រិទ្ធី​វិវឌ្ឍន៍ ជា​យុវជន​ថ្នាល​ស្វាយរៀង ហើយ​គេ​កំពុង​សិក្សា​និង​ហ្វឹកហាត់​នៅ​ទីនោះ ព្រមទាំង​ហ្វឹកហាត់ ផង​បាន​ស្នើសុំ​ទៅ​សាលា ដើម្បី​នាំ​មិត្ត​រួម​ក្រុម​ទៅ​ហ្វឹកហាត់​តែម្ដង។


នេះ​ជា​ការ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​កម្រិត​អន្តរជាតិ ​របស់​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី ក្រោម​ការ​ជួយជ្រោមជ្រែង​យ៉ាងសកម្ម​ ពី​ឯកឧត្តម ឌី វិជ្ជា ជា​ប្រធាន ខណៈ​នៅ​កម្ពុជា​មិន​ទាន់​មាន​ក្លិប​ណា​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​តំបន់​អឺរ៉ុប​ឡើយ ​នា​ពេល​កន្លងមក៕


T-11-13-15-i-fullT-11-13-15-ii-full



កីឡាករ ស្វាយរៀង​អែ​ហ្វ​ស៊ី៨ នាក់​បញ្ចប់​យុទ្ធនាការ​ហ្វឹកហាត់ ២ សប្ដាហ៍​នៅ​អង់គ្លេស

Post a Comment

0 Comments

Close Menu