Ad Code

សេចក្តី​ព្រាងច្បាប់​សហជីព​បាន​ឆ្លង​ផុត​គណៈរដ្ឋមន្ត្រី​ជាមួយ​នឹង​ក្តី​បារម្ភ​មួយចំនួន​ពី​អ្នក​ពាក់​ព័ន្ធ

ភ្នំពេញ ៖ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព ដែល​មាន​១៧ ជំពូក និង​៩១ មាត្រា​បាន​ឆ្លង​ផុត​គណៈរដ្ឋមន្ត្រី​ហើយ តាមរយៈ​កិច្ច​ប្រជុំ​ពេញ​អង្គ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប៉ុន្តែ​សេចក្តីព្រាង​ច្បាប់​នេះ មាន​មន្ទិល​លើ​ចំណុច​មួយចំនួន ហើយ​សមាគម​រោងចក្រ​កាត់ដេរ ក៏បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ផងដែរ លើ​ច្បាប់​នេះ។


លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា ថា នេះ​ជា​សិទ្ធិ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការ​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ ប៉ុន្តែ​អ្វី​ដែល​សហជីព​សោកស្តាយ សេចក្តី​ព្រាងច្បាប់​នេះ ក្រសួង​ការងារ​មិនបាន​ឲ្យ​យើង​ពិនិត្យមើល​ចុងក្រោយ គឺ​សេច​ក្តី​ព្រាង​ចុងក្រោយ​នោះ​ទេ ហើយ​យើង​គិតថា ការ​ដែ​ល​យើង​សុំ​ហើយ​មិន​ឲ្យ​មើល រហូត​ធ្វើការ​អនុម័ត​បែបនេះ ហាក់ដូចជា​រឹតត្បិត​អ្វីមួយ ឬ​បិទផ្លូវ​នៅក្នុង​ដំណើរការ​ចូលរួម​ហើយ បានជា​មិន​ឲ្យ​មើល។


លោក អាត់ ធន់ បាន​បញ្ជាក់​ថា “​តាម​ការពិត​នៅ​ឆ្នាំ​២០១៥ នេះ សហជីព​បាន​ដាក់​លិខិត​ទៅ​ម្តង​កាលពី​ខែកក្កដា ហើយ​បាន​កែ​មួយ​ចំនួនធំ​ហើយ ហើយ​កែ​តែ​នៅក្នុង​ផា​វើ​ភ​ញ អត់​មាន​កែ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​ចុងក្រោយ​ទេ អីចឹង​យើង​មានការ​បារម្ភ​ថា សេចក្តី​ព្រាងច្បាប់​ចុងក្រោយ​នេះ មាន​ការ​រឹត​បណ្តឹង​ទៅលើ​សេរីភាព​សហជីព​ថែមទៀត ដោយសារតែ​យើង​មិនបាន​មើល​ចុងក្រោយ​នេះ បើ​កែ​ដូច​ក្នុង​ផា​វើ​ភ​ញ វា​មិន​អី​ទេ យើង​អាច​ទទួល​យក​បាន ក្រែងលោ​ពិបាក​ដល់​កម្មករ​កាន់​តែ​ខ្លាំង នេះ​ជា​អ្វី​ដែល​យើង​បារម្ភ​”​។


លោក​បញ្ជាក់​ដែរ​ថា ចំណុច​ដែល​សហជីព​បាន​ស្នើ​សុំ មាន​ដូច​ជា ការ​រំលាយ​សហជីព​ជាដើម ដែល​មាន​គ្នា​តែ​២៥ ភាគរយ គឺ​អាច​រំលាយ​បាន ហើយ​ការ​ធ្វើ​បាតុកម្ម​ទាល់តែ​សំឡេង​៥០ បូក​១ ទើប​ធ្វើ​បាន នេះ​ជា​កង្វល់​របស់​កម្មករ ដែល​ត្រូវ​គិត ពីព្រោះ​ការ​បិទ​អង្គភាព​មាន​សម្លេង​២​ភាគ​៣ ឬ​១០០ ភាគរយ​គេ​មិន​ចង់​បិទ​ផង ដូច្នេះ​នៅក្នុង​រឿង​នេះ សូម្បីតែ​កូនចៅ​ថៅកែ​ម្នាក់​ក៏​អាច​បិទ​សហជីព​បានដែរ។


ចំណែក​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព​នេះ មិនបាន​ពិចារណា​ដាក់បញ្ចូល​នូវ​ក្តី​បារម្ភ​របស់​និយោជក​ឡើយ ហើយ​សេចក្តី​ព្រាងច្បាប់​នេះ នឹង​មិនអាច​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​វិស័យ​ឯកជន​កំពុង​ជួបប្រទះ​ទេ​។ GMAC បាន​បញ្ជាក់​ថា ការកំណត់​ចំនួន​អប្បបរមា​តម្រូវ​សម្រាប់​សហជីព​ត្រឹម​១០ នាក់​នៅក្នុង​ច្បាប់​នេះ នឹង​បង្ក​ឲ្យ​មាន​សហជីព​ច្រើន​លើសលប់​ក្នុង​គ្រឹះស្ថាន​សហគ្រាស​មួយៗ។


ជាមួយគ្នា​នោះ GMAC រំពឹង​ទុក​ថា ច្បាប់​ស្តី​ពី​សហជីព នឹង​មាន​ការពិនិត្យ និង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​បញ្ជូន​ទៅ​ដៃ​សភា ហើយ​បាន​ស្នើ​ឲ្យ​មេដឹកនាំ​សហជីព​មាន​កម្រិត​អប់រំ​អប្បបរមា​ត្រឹម​បឋមភូមិ​ឡើង​ទៅ ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​មានការ​ពិភាក្សា​ចរចា​ប្រកបដោយ​ប្រសិទ្ធភាព លើ​បញ្ហា​សំខាន់ៗ ដែល​ប៉ះពាល់​ដល់​កម្មករ និយោជិត និង​ឧស្សាហកម្ម។


អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​សហជីព​នេះ មាន​គោលបំណង ផ្តល់​សិទ្ធិ និង​សេរីភាព ដល់​គ្រឹះស្ថាន​ទាំងឡាយ ដែល​ស្ថិត​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្តី​ពី​ការងារ និង​បុគ្គលិក​ធ្វើការ តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ​។ កំណត់​ពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។​


ដោយឡែក​លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា សេចក្តី​ព្រាងច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​មាន​ភាព​សុខដុមរមនា និង​សន្តិភាព លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។


លោក​បញ្ជាក់​ថា តាម​ការប្រជុំ​ត្រីភាគី​ចុងក្រោយ​សេចក្តី​ព្រាងច្បាប់​សហជីព​ត្រូវ​បាន​កែសម្រួល​នូវ​កង្វល់​ធំៗ​មួយចំនួន​ដូចជា ទី​១-​ការបង្កើត​សហជីព នៅក្នុង​សេចក្តី​ព្រាង​ដំបូង​អាច​បង្កើត​សហជីព​នៅ​ក្រុមហ៊ុន​មួយ​បាន លុះត្រា​មានកម្ម​ករ​ចូលរួម​ចំនួន​២០​ភាគរយ​សិន ទើប​អាច​បង្កើត​បាន ដែល​នេះ​ជា​ចំណុច​ក្តៅ​របស់​សហជីព ពីព្រោះ​បើ​មិន​ទាន់​មាន​សហជីព​ជាមុន​ទេ គឺ​មិនអាច​រក​កម្មករ​២០​ភាគរយ​បានទេ។


តែ​សេចក្តី​ព្រាងច្បាប់​ចុងក្រោយ គឺ​កំណត់​តែ​ចំនួន​កម្មករ​១០​នាក់​ប៉ុណ្ណោះ ក្នុង​មួយ​រោងចក្រ​គឺ​អាច​បង្កើត​សហជីព​បាន។


ទី​២-​ការកំណត់​អាយុ​ថ្នាក់ដឹកនាំ​សហជីព នៅក្នុង​ច្បាប់​ស្តី​ពី​ការងារ​ដែល​កំពុង​អនុវត្ត​សព្វថ្ងៃ​គឺ​កម្មករ ដែល​មាន​អាយុ​ចាប់ពី​២៥​ឡើង ទើប​អាច​ធ្វើជា​ថា្នក់​ដឹកនាំ​សហជីព​បាន តែ​សេចក្តី​ព្រាងច្បាប់​ចុងក្រោយ គឺ​កំណត់​អាយុ​តែត្រឹម​១៩​ឆ្នាំ​ប៉ុណ្ណោះ​មាន​សិទ្ធិ​ធ្វើជា​ថ្នាក់ដឹកនាំ​សហជីព​បាន​ហើយ​។ ទី៣-​ការ​ធ្វើ​លិខិត​ថ្កោលទោស ការអនុវត្ត​បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​សហជីព​៣ រូប​ត្រូវ​ធ្វើ​លិខិត​ថ្កោលទោស​នៅ​ក្រសួង​យុត្តិធម៌ ទើប​អាច​មាន​សិទ្ធិ​ចុះ​បញ្ជិកា​សហជីព​នៅ​ក្រសួង​ការងារ​បាន​។


ការ​ធ្វើ​លិខិត​ថ្កោលទោស​នេះ ត្រូវការ​ឯកសារ​ស្មុគស្មាញ ចំណាយពេល​យូរ និង ចំណាយ​ថវិកា​ច្រើន​។ តែ​សេច​ក្តី​ព្រាង​ច្បាប់​ចុងក្រោយ មិន​តម្រូវ​ឲ្យ​ធ្វើ​លិខិត​ថ្កោលទោស​ពី​ក្រសួង​យុត្តិធម៌​ទេ  គឺ​តម្រូវ​ឲ្យ​សាមី​ខ្លួន​គ្រាន់តែ​ធ្វើ​សេចក្តី​ប្រកាស​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។


ទី​៤-​សិទ្ធិ​ស្នើសុំ​ភាពជា​តំណាង​បំផុត នៅក្នុង​ច្បាប់​សី្ត​ពី​ការងារ និង​សេចក្តី​ប្រកាស​លេខ​៣០៥ សហជីព​ដែល​មាន​សិទ្ធិ​ស្នើសុំ​ភាពជា​តំណាង​បំផុត​(MRS) បាន​លុះត្រា​តែ​មាន​សមាជិក​៥០%+១​ឡើង តែ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​ថ្មី​ គឺ​តម្រូវ​ឲ្យ​សហជីព​មាន​សមាជិក​ត្រឹមតែ​៣០%+១ ប៉ុណ្ណោះ​គឺ​មាន​សិទ្ធិ​ស្នើសុំ​ភាពជា​តំណាង​បំផុត​បាន​ហើយ​។ ទី​៥-​អំពី​ទោសទណ្ឌ នៅក្នុង​សេចក្តី​ព្រាងច្បាប់​ដំបូង​គឺ​សហជីព​ដែល​អនុវត្ត​ខុសច្បាប់ គឺ​ត្រូវ​មានទោស តែ​ចំណុច​នេះ​ត្រូវ​បាន​លុបចោល​ទាំងស្រុង​ហើយ។


ទាក់ទង​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ ការិយាល័យ​យើង​មិនអាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ​បានទេ ដោយ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ ប៉ុន្តែ​ក្រសួង​ការងារ​ធ្លាប់​បាន​ប្រកាស​ថា ច្បាប់​សហជីព​នេះ បាន​រៀប​ចំ​តាក់តែង​៧ ឆ្នាំ​មក​ហើយ ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលដៅ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ ព្រមទាំង​ធានា​នូវ​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក​។


ក្នុង​នោះ ក៏​ដើម្បី​ជំរុញ​ឲ្យ​មាន​សុខដុមរមនា នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ រួមចំណែក​ក្នុង​ការ​បង្កើត​ការងារ​សមរម្យ បង្កើន​ផលិតភាព​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​របស់​កម្មករ។


ក្រសួង​បាន​បញ្ជាក់​ថា ចាប់ពី​ពេល​ផ្តើម​កសាង​ច្បាប់​នេះ តាម​សំណូមពរ​របស់​ភាគី​កម្មករនិយោជិត និង​និយោជក កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៨ រហូតដល់​ពេលនេះ ក្រសួង​បាន​សហការ​ជាមួយ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO និង​បាន​ដាក់​ជូន​ភាគី​ពាក់ព័ន្ធ​ជាពិសេស​សហជីព និង​និយោជក ពិនិត្យ​ពិភាក្សា​ជា​បន្តបន្ទាប់ និង​បាន​រៀប​ចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចំនួន​៧ លើក ហើយ​មតិយោបល់​របស់​ភាគី​នីមួយៗ ត្រូវ​បាន​យក​មក​បញ្ចូល​ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់ ក្នុង​នោះ​ក្រុម​សហជីព ដែល​កំពុង​ជំទាស់​នឹង​ច្បាប់​នេះ ក៏បាន​ចូលរួម​ពិភាក្សា​ផង​ដែរ​។


ក្រសួង​ការងារ​បញ្ជាក់​ដែរ​ថា ខ្លឹមសារ​នៃ​ច្បាប់​នេះ ត្រូវ​បាន​កសាង​ឡើង ដោយ​ឈរ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុសញ្ញា​លេខ​៨៧ និង​លេខ​៩៨ របស់​អង្គការ​ILO ក៏ដូចជា​ឈរ​លើ​បទពិសោធន៍​របស់​បណ្តា​ប្រទេស​មួយចំនួន​លើ​ពិភពលោក ហើយ​សេចក្តី​ព្រាងច្បាប់​មាន​ទម្រង់ និង​លក្ខណៈ​ស្របតាម​បទដ្ឋាន​អន្តរជាតិ ជាពិសេស​ស្របតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា ហើយ​ច្បាប់​នេះ ក៏មាន​គោលដៅ​ទប់ស្កាត់​មជ្ឈដ្ឋាន​មួយចំនួន​តូច ដែល​មាន​ចេតនា​អាក្រក់​ចង់​បន្ត​ប្រើប្រាស់​កម្មករ និយោជិត ឬ​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា បម្រើ​ដល់​ផលប្រយោជន៍​របស់ខ្លួន និង​បក្ខពួក ដោយ​មិន​បានគិត​អំពី​ផលប្រយោជន៍​ពិតប្រាកដ​របស់​កម្មក​រ​និយោជិត​ផងដែរ។​


តាម​ខ្លឹមសារ​សង្ខេប នៃ​សេចក្តី​ព្រាងច្បាប់​សហជីព​បាន​ឲ្យ​ដឹង​ថា ការបង្កើត​ច្បាប់​នេះ អនុលោម​ទៅតាម ទី​១, រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣៦ ដែល​បាន​ចែងថា “​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព និង​ចូល​ជា​សមាជិក​សហជីព​នេះ​”​។ ទី​២, ច្បាប់​ស្តីពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំពូក​ទី​១១ ស្តីពី “​សេរីភាព​សហជីព និង​តំណាង កម្មករនិយោជិត​នៅក្នុង​សហគ្រាស​”​។ ទី​៣, អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ ស្តីពី​សេរីភាព​នៃ​សមាគម និង​ការ​ការពារ​សិទ្ធិ​នៃ​ការបង្កើត​សមាគម ឆ្នាំ​១៩៤៨ និង​អនុសញ្ញា​លេខ​៩៨ ស្តី​ពី​ការអនុវត្ត​គោលការណ៍​ស្តីពី​សិទ្ធិ​នៃ​ការបង្កើត​សមាគម និង​សិទ្ធិ​នៃ​ការចរចា​ជា​សមូហភាព ឆ្នាំ១៩៤៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​១៩៩៩​។  ទី​៤, យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា។ ទី​៥, សភាពការណ៍​រីកចម្រើន នៃ​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា យ៉ាង​ឆាប់រហ័ស​ដែល​គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សហជីព​មូលដ្ឋាន​ចំនួន​៣២១៤ សហជីព សហព័ន្ធ​សហជីព​ចំនួន​៨៤​សហព័ន្ធ សហភាព​សហព័ន្ធ​សហជីព​ចំនួន​១៣ សហភាព និង​សមាគម​និយោជក​ចំនួន​៥​សមាគម ដែល​តម្រូវ​ឲ្យ​មាន​បទប្បញ្ញត្តិ​កាន់​តែ​ច្បាស់ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ  ហើយ​ជានិច្ចកាល​ រាជរដ្ឋាភិបាល​ចាត់ទុក​បណ្តាល​សហជីព និង​អង្គការ​វិជ្ជាជីវៈ​ទាំង​អស់​ នៃ​អង្គការ​វិជ្ជាជីវៈ​ទាំងអស់​ជា​ដៃគូ​សង្គម ហើយ​សហជីព និង​អង្គការ​វិជ្ជាជីវៈ ទាំងនេះ​ក៏បាន​ចូល​រួម​ចំណែក ក្នុង​ការ​ការពារ​សិទ្ធិ ​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ និង​លើកកម្ពស់​ការអភិវឌ្ឍន៍​ជាតិ បើ​ទោះបី​ជា​នៅ​មាន​ការ​ប្រឈម​ខ្លះ​ក៏ដោយ។


តាម​ខ្លឹមសារ​នោះ បាន​បញ្ជាក់​ងា គោលបំណង​ច្បាប់​នេះ គឺ​ទី​១, ដើម្បី​ផ្តល់​សិទ្ធិ និង​សេរីភាព​ដល់​គ្រឹះស្ថាន​និង​ជន​ទាំងឡាយ​ដែល​ស្ថិត នៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ តាមផ្លូវ អាកាស​និង​ផ្លូវ​សមុទ្រ​។ កំណត់​ពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​, ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយ ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្តី​ពី​ការងារ និង​បុគ្គលិក ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ​, ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ ចរចា​ជា​សមូហភាព​រវាង​កម្ម​ករ និយោជិត និង​និយោជក​។ ជំរុញ​ឲ្យ​មាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួម ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការ​វិនិយោគ។


ទី​២, សិទ្ធ​ក្នុង​ការបង្កើត និង​ការចូលរួម​នៅក្នុង​សហជីព ឬ​សមាគម និយោជក ដោយ​គ្មាន​ការ​ប្រកាន់​អ្វី​ទាំងអស់ កម្មករ និយោជិត និង​និយោជក មាន​សិទ្ធិ​បង្កើត​សហជីព​ឬ​សមាគម​និយោជក​តាម​ការ​ជ្រើសតាំង​របស់​ខ្លួន ក្នុង​គោលបំណង​សម្រាប់​តែ ការសិក្សា​ស្រាវជ្រាវ ការ​បណ្តុះបណ្តាល ការលើកតម្កើង​ផលប្រយោជន៍ និង​ការ​ការពារ​សិទ្ធិ ក៏ដូចជា​ផលប្រយោជន៍​ផ្នែក​ស្មារតី និង​សម្ភារៈ​ជា​សមូហភាព និង​ជា​ឯកត្តជន​ចំពោះ​បុគ្គល​ដែល​លក្ខន្តិកៈ​របស់​សហជីព ឬ​សមាគម​និយោជក​នោះ​បាន​កំណត់​។


តាមច្បាប់​នេះ កម្មករ និយោជិត មាន​សិទ្ធ​ដូចជា ចូលរួម​បង្កើត​សហជីព​, អាច​ជា​សមាជិក​របស់​សហជីព ហើយ​ស្ថិត​នៅ​ក្រោម​វិធាន​របស់​សហជីព​នោះ​, អាច​ចូលរួម​នៅក្នុង​សកម្មភាព​ស្របច្បាប់​សហ​ជីព​ដែល​គាត់​ជា​សមាជិក​, អាច​ស្វះស្វែង និង​ទទួល​បាន​មុខងារ​នៅក្នុង​សហជីព​ណាមួយ​ដែល​ខ្លួន​ជា​សមាជិក​ហើយ​ស្ថិត​នៅ​ក្រោម​វិធាន​របស់​សហជីព​នោះ។


ទី​៣, សេរីភាព នៃ​ការ​មិន​ចូលរួម សេរីភាព​របស់​បុគ្គល​គ្រប់រូប​ដូច ដែល​មាន​ចែង​នៅក្នុង​មាត្រា​៥ (​សិទ្ធិ​ក្នុង​ការបង្កើត​និង​ការចូលរួម​នៅក្នុង​សហជីព​ឬ​សមាគម​និយោជក​) នៃ​ច្បាប់​នេះ ក៏​សំដៅ​ដល់​សេរីភាព​ក្នុង​ការ​មិន​ចូលរួម​ក្នុង​សហជីព ឬ​ក្នុង​សមាគម​និយោជក​ផង​ដែរ ព្រមទាំង​សេរីភាព​ក្នុង​ការ​ដកខ្លួន គ្រប់ពេល​ចេញពី​សហជីព​ឬ​សមាគម​និយោជក​ទាំង​ឡា​យ ដែល​ខ្លួន​បាន​ចូលរួម​។


កម្មករ និយោជិត អាច​ដកខ្លួន​ចេញពី​សហជីព​មួយ​តាមរយៈ​លិខិត​ដែល​បាន​ចុះហត្ថលេខា ឬ​ផ្តិត​ម្រាមដៃ រួច​ដាក់​ជូន​ទៅ​សហជីព​និង​និយោជក​របស់​ខ្លួន​។ បន្ទាប់ពី​ការ​ជូនដំណឹង​នេះ សាមីជន​ត្រូវ​បាន​ចាត់ទុកថា​លែង​ជា សមាជិក​សហជីព​នោះ​ដោយ​ស្វ័យប្រវត្តិ​ភ្លាម​ហើយ​និយោជក​ត្រូវ​បញ្ឈប់​ការ​កាត់​ប្រាក់​ឈ្នួល​សាមីជន​សម្រាប់​បង់​ភាគទាន​សហជីព​។ គ្មាន​បុគ្គល​ណា​អាច​រារាំង​ដល់​សិទ្ធិ​របស់​កម្មករ និយោជិត​ក្នុង​ការ​ចូលរួម ឬ​ការ​ចាកចេញ​ពី​សហជីព​ណាមួយ​នោះ​ឡើយ​៕


T-11-13-15-ee-fullT-11-13-15-e-full



សេចក្តី​ព្រាងច្បាប់​សហជីព​បាន​ឆ្លង​ផុត​គណៈរដ្ឋមន្ត្រី​ជាមួយ​នឹង​ក្តី​បារម្ភ​មួយចំនួន​ពី​អ្នក​ពាក់​ព័ន្ធ

Post a Comment

0 Comments

Close Menu