កីឡាករ ហុង បញ្ញាវឌ្ឍ សមាជិករបស់ក្រុមជើងឯកឆ្នាំចាស់ ស.ស.យ.ក កំចាយមារ បាននាំមុខក្នុងបញ្ជីអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំសប្ដាហ៍ទី១៥ នៃពានរង្វាន់លីគបាល់ទាត់ក្នុងសាលាឆ្នាំ២០១៨ (National Futsal League 2018) ក្រោមការរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីចុងសប្ដាហ៍ថ្មីៗនេះ។
បើរាប់អ្នករកគ្រាប់បាល់បានច្រើនជាងគេប្រចាំសប្ដាហ៍កីឡាករ ហុង សុបញ្ញាវឌ្ឍ របស់ក្រុមស.ស.យ.ក កំចាយមារ រកបានគ្រាប់បាល់៦គ្រាប់ម្នាក់ឯង តាមពីក្រោយដោយកីឡាករ ណន គឹមហួត របស់ក្រុម Panda FC រកបាន៤គ្រាប់ ក្រៅពីនោះមានកីឡាករ៥ នាក់ផ្សេងទៀតរកបានគ្រាប់បាល់ម្នាក់៣គ្រាប់តាមពីក្រោយ ក្នុងនោះមានកីឡាករ ឈឿន ផានី របស់ក្រុម Down Town Sport FC កីឡាករ ញឹក ថាលីដា របស់ក្រុមឱម៉ាល់ កីឡាករ នូវ រ៉ូហ្សេត របស់ក្រុម Home Sport កីឡាករ តុង ច័ន្ទមុន្នី របស់ក្រុម Home Sport និងកីឡាករ យៀប បញ្ញា របស់ក្រុមស.ស.យ.ក កំចាយមារ។
សម្រាប់ប្រកួតសប្តាហ៍ទី១៦ នៃពានរង្វាន់លីគបាល់ទាត់ក្នុងសាលនឹងបន្តធ្វើឡើងនៅចុងសប្ដាហ៍នេះដោយនៅថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមយុវជន៧មករា ប៉ះក្រុម B.A United នៅវេលាម៉ោង២:៣០នាទីល្ងាច ខណៈនៅម៉ោង៤ល្ងាចក្រុមអាណាចក្របៃតង ជួបក្រុម Down Town Sport និងនៅវេលាម៉ោង៥:៣០នាទីល្ងាចក្រុមស.ស.យ.ក កំចាយមារ ជួបក្រុមឆន្ទៈកីឡា។ នៅថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ ក្រុម Panda FC ប៉ះក្រុមឱម៉ាល់ នៅវេលាម៉ោង៤ល្ងាចនិងនៅវេលាម៉ោង៥:៣០នាទីល្ងាចក្រុម Home Sport FC ប៉ះក្រុម Fan Sport FT
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នក្រោយប្រកួតបាន១៥លើកម្នាក់មកឃើញថាក្រុម Down Town Sport FCឈរលេខ១ មាន៣៦ពិន្ទុ តាមពីក្រោយដោយក្រុម Home Sport FC ឈរលេខ២ មាន៣៣ពិន្ទុ ក្រុម ស.ស.យ.ក កំចាយមារ ឈរលេខ៣ មាន៣០ពិន្ទុ ស្មើគ្នានឹងក្រុមលេខ៤ ឱម៉ាល់ តែខុសគ្រាប់បាល់ចំណេញ។ ក្រុមលេខ៥ អាណាចក្របៃតង មាន២១ពិន្ទុ ហើយក្រុមលេខ៦ Fan Sport FT មាន២១ពិន្ទុ ដូចគ្នា។ លេខ៧ ក្រុម Panda FC មាន១៤ពិន្ទុ ហើយក្រុមឆន្ទៈកីឡាករ ឈរលេខ៨ មាន១៤ពិន្ទុដូចគ្នា ហើយក្រុមយុវជន៧មករា ឈរលេខ៩ មាន១១ពិន្ទុ និងក្រុមB.A United លេខ១០ មាន៤ពិន្ទុ។
ការប្រកួតលីគហ្វូតសាលជាលើកដំបូងនៅក្នុងស្រុកនេះធ្វើឡើងពីថ្ងៃទី០៣ ខែ មិនា រហូតដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈភាកច្រើនប្រកួតនៅថ្ងៃចុងសប្ដាហ៍ ដែលមានក្រុមជាសមាជិកចំនួន១០ក្រុមលើទីលាន ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។ ការប្រកួតមានរូបមន្តជាលក្ខណៈប្រកួតបែបលីគ តាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន៤ក្រុម (Top4) ត្រូវឡើងទៅប្រកួតគ្នាដណ្តើមជើងឯកប្រចាំរដូវកាល។ ក្រុមជើងឯកនឹងទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១និងប្រាក់រង្វាន់២០លានរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments