សៀមរាប ៖ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅមុននេះបន្តិចថា មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង ដែលបានធ្វើឲ្យមានមនុស្សស្លាប់ចំនួន៤នាក់ និងរបួស៥នាក់ បង្កដោយរថយន្តឆ្លាមរេចង្កូតទៅបុកម៉ូតូ ក្នុងទិសដៅច្រាសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
លោកបន្តថា ករណីនេះ បង្កដោយរថយន្តCamryពណ៌ស្លូញ ឆ្នាំពាក់ស្លាកលេខភ្នំពេញ2Q-0932 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកពីលិចទៅកើត ដឹកអ្នកដំណើរ៤នាក់ បានបុកម៉ូតូC125ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែស្នាក់នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខេត្ត បើកពីកើតទៅលិចដឹកប្រពន្ធនិងកូន២នាក់ បណ្ដាលឲ្យស្លាប់៤នាក់ របួសស្រាល៥នាក់ ខូចខាតរថយន្ត១ ធ្លាក់ស្នាមភ្លោះខូចខាតម៉ូតូ ១។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments