Ad Code

តុលាការ​ សម្រេច​ឃុំខ្លួន​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដាក់​ពន្ធនាគារ​១​ឆ្នាំ​ តាម​អំណាច​សាលដីកា​ស្ថាពរ​តុលាការ​កំពូល



ភ្នំពេញ​ ៖​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ធំ​ កាលពី​រសៀល​ថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៨​នេះ ​បាន​បញ្ជូន​អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយ​ទូរទស្សន៍​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ប៉ុស្តិ៍​លេខ​៥​ម្នាក់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រគល់​អោយ​អយ្យការ​អម​សាលាដំបូង។

បន្ទាប់មក​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​តុលាការ​ បាន​បង្គាប់​អោយ​សមត្ថកិច្ច​បញ្ជូន​ពិរុទ្ធជន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​តាម​ដីកា​សម្រេច​របស់​តុលាការ។

នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​លោក ហ៊ាង លី​ហាក់ អាយុ​៤៣​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ខណៈពេល​អ្នកយកព័ត៌មាន​រូបនេះ កំពុង​ធ្វើដំណើរ​មក​ភ្នំពេញ។

យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា លោក ហ៊ាង លី​ហាក់ អាយុ​៤៣​ឆ្នាំ ត្រូវ​ចាប់ខ្លួន​តាម​ដីកា បង្គាប់​របស់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បទល្មើស ឆបោក ជាច្រើន​ករណី ប្រព្រឹត្ត​នៅ ខេត្តកំពង់ធំ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​ឆបោក​នេះ​ត្រូវបាន​តុលាការ​សម្រេចសេចក្ដី​រួចហើយ នៅក្នុង​ឆ្នាំ​២០១៤ បន្ទាប់មក​តុលាការ​កំពូល​បាន​កាត់ក្ដី​រក្សាទុក​បទ​ចោទប្រកាន់​នោះ​ដដែល ហើយ​សាលដីកា​បាន​ចូល​ស្ថាពរ​នៅ​ឆ្នាំ​២០១៧ ទើប​សមត្ថកិច្ច​បាន​អនុវត្តតាម​សេចក្ដីសម្រេច​ចាប់ខ្លួន​ពិរុទ្ធជន​តាម​អំណាច​សាលដីកា​ស្ថាពរ​នោះ។

យោង​តាម​ឯកសារ​របស់​តុលាការ​តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​តុលាការ​កំពូល តុលាការ​បានសម្រេច​ផ្ដន្ទាទោស​លោក​ហ៊​ង លី​ហាក់ ដាក់ពន្ធនាគារ​មួយឆ្នាំ ក្រោម​បទចោទប្រកាន់ ឆបោក៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu