Ad Code

គ​.​ជ​.​ប ​៖​ មានតែ​ពលរដ្ឋ​ខ្មែរ​ទេ ​ដែល​ជា​ម្ចាស់​លើ​ជោគវាសនា​របស់​ប្រទេសជាតិ​ គ្មាន​អង្គការ​អន្តរជាតិ​ណា​មក​សម្រេច​ជោគវាសនា​ប្រទេស​ខ្មែរ​បានទេ



ភ្នំពេញ​ ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា មានតែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ដែល​ជា​ម្ចាស់​លើ​ជោគវាសនា​របស់​ប្រទេសជាតិ គ្មាន​អង្គការ​អន្តរជាតិ​ណា​ មក​សម្រេច​ជោគវាសនា​ប្រទេស​ខ្មែរ ជំនួស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត​នោះ​ទេ។

ការ​ប្រកាស​បែបនេះ​របស់​ គ​.​ជ​.​ប គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​អង្គការ​សេរី​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដែល​បាន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​តាមរយៈ​ការ​ទាមទារ​ចំណុច​មួយចំនួន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ បានបញ្ជាក់​នូវ​ចំណុច​ធំៗ​ចំនួន​៣ ដើម្បី​ឆ្លើយតប​ជាមួយ​អង្គការ​សេរី​អន្តរជាតិ​មួយ​នេះ​។ ចំណុច​សំខាន់ៗ​ទាំង​៣​រួមមាន​៖ ទី​១៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ត្រូវធ្វើ​ឡើង​តាម​ការកំណត់​របស់​ច្បាប់ នៃ​នីតិកាល​នីមួយៗ​របស់​រដ្ឋសភា ដែល​មាន​រយៈពេល​៥​ឆ្នាំ​ម្តង​។ គ្មាន​នរណា ឬ​ប្រទេស​ណា មករា​រាំង​ដំណើរការ​បោះឆ្នោត ដែល​ប្រព្រឹត្តទៅ​ស្រប​តាម​បែប​ប្រជាធិបតេយ្យ សេរី ពហុបក្ស បាន​នោះទេ។

ទី​២៖ គ​.​ជ​.​ប ជា​ស្ថាប័ន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នឹងត្រូវ​បានផ្តល់​ទំនុកចិត្ត​ពី​សភា ដែល​តំណាងឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។ យោងតាម​មាត្រា ១៥០​ថ្មី (​ពីរ​) រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា «​គ​.​ជ​.​ប គឺជា​អង្គការ​ដែលមាន​សមត្ថ​កិច្ច​រៀបចំ​ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ព្រមទាំង​ការបោះឆ្នោត​ផ្សេងទៀត តាម​ការ​កំណ​ត់នៃ​ច្បាប់​»​។ «​គ​.​ជ​.​ប ត្រូវអនុវត្ត​សមត្ថកិច្ច​របស់ខ្លួន ប្រកបដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។ ទី​៣៖ តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជាស​កល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់ ដូច​មានចែង​ក្នុង​មាត្រា ៧៦​ថ្មី ជំពូក​ទី​៧ នៃ​រដ្ឋធម្មនុញ្ញ នៃ​រដ្ឋធម្មនុញ្ញ​។ យោង​លើ​ស្មារតី​នៃ​មាត្រា​នេះ គ្មាន​ការបែងចែក​គណបក្ស​នយោបាយ​តូច ឬ​ធំ​ទេ ឬ​គណបក្សកាន់អំណាច ឬ​គណបក្សប្រឆាំង​ទេ គ្រប់​គណបក្ស​មាន​សិទ្ធិ​ស្មើៗ​គ្នា ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត​។ មាត្រា​នេះ មិនបាន​ចែង​ថា ទាល់​តែមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ការបោះឆ្នោត ត្រឹមត្រូវ​នោះទេ​។​

​ជាមួយគ្នានេះ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មាត្រា ២៧ ចែងថា «​ដើម្បី​ចុះបញ្ជី​គណបក្សនយោបាយ ឈ្មោះ​បោះឆ្នោត គណបក្សនយោបាយ ត្រូវធ្វើ​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត តាម​បែបបទ​ដែល​កំណត់​ដោយ គ​.​ជ​.​ប ហើយ​ត្រូវ​ភ្ជាប់​នូវ​ឯកសារ​ចំនួន​១០ ប្រភេទ ក្នុង​នោះ គណបក្ស​នយោបាយ ត្រូវធ្វើ​សេចក្តី​ចម្លង​លិខិតបញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ នៅ​ក្រសួងមហាផ្ទៃ ០១ ច្បាប់​។ បើ​គ្មាន​ឯកសារ​នេះ​ គ​.​ជ​.​ប មិន​អាច​ទទួលយក​គណបក្ស​ណា​នោះ មក​ចុះបញ្ជី​បានទេ ព្រោះ គ​.​ជ​.​ប ជា​ស្ថាប័ន​អនុវត្ត​ច្បាប់»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu