Ad Code

ក្រុម​ក្រសួងការពារជាតិ បន្ថែម​បាន​កីឡាករ​បរទេស​ម្នាក់​និង​កីឡាករ​ខ្មែរ​៣​នាក់​នៅក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា



ក្រុមបាល់ទាត់​ក្រសួងការពារជាតិ (​ទ័ព​) សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 បន្ថែម​បាន​សមាជិក​ថ្មី​មួយចំនួន​ហើយ​នៅក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ជើង​ទី​២ មួយរយៈ​ចុងក្រោយ​នេះ ខណៈ​ក្រុម​នេះ​ក៏​កំពុង​សម្លឹង​មើល​ក្រុម​បន្ថែម​ដើម្បី​ស្វែងរក​ពិន្ទុ​ប្រជែង​កៅអី​កំពូល​តារាង​ជា​បន្ត​។

លោក ភា សុភ​ត្រា គ្រូបង្វឹក​របស់​ក្រុម​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា ​ក្លិប​លោក​បាន​នាំ​យកបាន​កីឡាករ​យុវជន​ចំនួន​៣​រូប​ហើយ​មាន​ម្នាក់​ជា​ខ្មែរ​ដែល​ធ្លាប់​លេង​នៅ​ប្រទេស​ថៃ មាន​មកពី​កោះកុង និង​ប៉ៃលិន ខណៈ​កីឡាករ​បរទេស​បាន​ចុះ​កិច្ចសន្យា​នៅក្នុង​សប្ដាហ៍​នេះ​រួចរាល់​ដែរ​គឺ​កីឡាករ Muhammad Hamza ជនជាតិ​អេ​ហ្ស៊ី​ប ដែល​ធ្លាប់​លេង​នៅ​ក្លិប​អាស៊ី​អឺរ៉ុប នា​ពេល​កន្លងមក​ដើម្បី​ជំនួស​តំណែង​កីឡាករ Song Chi-hun ជនជាតិ​កូរ៉េខាងត្បូង ដែល​ក្លិប​សម្រេច​ផ្តាច់​កិច្ចសន្យា​ក្រោយ​មានរឿង​វាយតប់​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​។ យ៉ាងណា​ដំណឹង​បន្ថែម​លោក​ទុក​សិទ្ធិ​ឲ្យ​ក្លិប​ប្រកាស​ជា​ផ្លូវការ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បន្ថែម​។

យោង​តាម​លិខិតផ្លូវការ​ដែល​ចេញ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត​ហៅ​កាត់​ថា CNCC បាន​បញ្ជាក់​ថា ​ការដោះដូរ​កីឡាករ​ជើង​ទី​២​នេះ ​អាច​ធ្វើ​បាន​លើ​កីឡាករ​កម្ពុជា​៣​រូប និង​កីឡាករ​បរទេស​៣​រូប​។ គិត​ត្រឹម​ពេលនេះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ធ្វើដំណើរ​ដល់​សប្តាហ៍​ទី​១១ ហើយ​ខណៈ​ជុំ​ទី​១​នៃ​រដូវ​កាល​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែមិថុនា ខាងមុខ​។ តាម​គម្រោងការ​ប្រកួត​ជុំ​ទី​២​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ខែមិថុនា ហើយ​កីឡាករ​ថ្មីៗ​ដែល​ក្លិប​នីមួយៗ​ជា​សមាជិក​ទាំង​១២​ក្រុម​បាន​ចុះបញ្ជី​លើក​ទី​២​នេះ​នឹង​ចូល​លេង​បាន​។



ចំពោះ​ក្រុម​ទ័ព នៅសល់​ឱកាស​ចុះបញ្ជី​កីឡាករ​បរទេស​បាន​ម្នាក់ទៀត ខណៈ​បច្ចុប្បន្ន​ទើបតែ​មាន​៤​នាក់​ប៉ុណ្ណោះ​ក្នុង​បញ្ជី​ដោយ​ក្នុង​នោះ​មាន​កីឡាករ​ជប៉ុន Yudai Ogawa កីឡាករ​កូរ៉េខាងត្បូង Yoo Jae-ho កីឡាករ​កូរ៉េខាងត្បូង Na Hyo-sung និង​កីឡាករ​ចំណូល​ថ្មី Muhammad Hamza ជនជាតិ​អេ​ហ្ស៊ី​ប​។

ក្រសួងការពារជាតិ ឈរ​កៅអី​ចំណាត់ថ្នាក់​ជើងឯក​រង​២​រដូវ​កាល​ជាប់ៗ​គ្នា ខណៈ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨​នេះ​ក្លិប​បាន​បាត់បង់​កីឡាករ​សំខាន់ៗ​ជា​ជនជាតិ​កូរ៉េខាងជើង ៥​នាក់ ថែមទាំង​បាន​ផ្លាស់ប្តូរ​សម​សភាព​កីឡាករ​និង​គ្រូបង្វឹក​ផងដែរ​។ លោក ទេព ឡុង​រចនា ឡើង​តួ​នាទី​ទៅជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ស្រប​ពេល​លោក ភា សុភ​ត្រា ឡើង​តំណែង​ជា​គ្រូបង្វឹក​ម្តង​។ ឆ្លងកាត់​១០​ប្រកួត​មកនេះ​ក្រសួងការពារជាតិ ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​ក្លិប​ទាំង​១២​ក្រុម​ឈ្នះ​បាន​៦​លើក មិន​ធ្លាប់​ស្មើគ្នា​តែ​ចាញ់​ចំនួន​៤​លើក​។ ប្រកួត​បន្ទាប់​ក្រុម​ក្រសួងការពារជាតិ ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ ថ្ងៃអាទិត្យ​ទី​២៤ ខែមិថុនា លើ​ទីលាន​ពហុ​កីឡដ្ឋានជាតិ​ ​ក្នុង​រាជធានីភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu