ភ្នំពេញ ៖ កម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិធំបំផុតស្តីពីកសិកម្ម ចិញ្ចឹមសត្វនិងជលផលនៅកម្ពុជា ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និង តាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកគៀង បាវិញ(Nguyen Ba Vinh) អគ្គនាយកក្រុមហ៊ុន តាំងពិព័រណ៍ ផ្សាយពាណិជ្ជកម្ម Minh Vi Exhiobition & Advertising Co., Ltd (Veas)បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតស្តីពីការរៀបចំពិព័រណ៍កសិកម្ម ចិញ្ចឹមសត្វនិងជលផលនៅកម្ពុជាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នៅសណ្ឋាគារភ្នំពេញថា កម្មវិធីតាំងពិព៍រណ៍កសិកម្ម បសុសត្វ ជលផលសមុទ្រនេះ នឹងរៀបចំរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមដាក់តាំងពិព័រណ៍ជាង៦០និងម៉ាកជាង១០០ ដែលនឹងបង្ហាញផលិតផលរបស់ពួកគេអំពីវិស័យកសិកម្ម សត្វចិញ្ចឹម និង វារីវប្បកម្មនៅក្នុងពិព័រណ៍។
លោករំពឹងថា នឹងមានភ្ញៀវប្រមាណ៥០០០នាក់ មកពីអាស៊ីអាគ្នេយ៍ និង ជុំវិញពិភពលោកចូលរួមនៅក្នុងពិព័រណ៍នេះ ព្រោះវាគឺជាវេទិកាដ៏ល្អបំផុតដែលផ្តល់នូវការតាំងតាំងពិព័រណ៍អន្តរជាតិដ៏គួរឲ្យទុកចិត្តសម្រាប់តាំងតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិដើម្បីបង្ហាញម៉ាករបស់ពួកគេទៅកាន់ទីផ្សារកម្ពុជា ខណៈដែលពួកគេអាចស្វែងរកដៃគូអាជីវកម្ម ដែលមានសក្តានុពលអ្នកនាំចូល និង អ្នកចែកចាយក្នុងស្រុក និងក្រៅស្រុករួមជាមួយនឹងសកម្មភាពជាក់លាក់នានាផងដែរ។
ការរៀបចំតាំងពិព័រណ៍លំដាប់អន្តរជាតិនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានទទួលនូវការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ទូលំទូលាយ ជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចប្រកបដោយ ប្រសិទ្ធភាព សមត្ថភាព នៃផលិតកម្មនៅក្នុងប្រទេសបានរីកចម្រើនយ៉ាងខ្លាំង ខណៈពេលដែលតម្លៃពលកម្ម នៅតែបន្តមានការប្រកួតប្រជែង ហើយវិស័យកសិកម្ម បសុសត្វ នឹង ជលផលនៅតែជាវិស័យសេដ្ឋកិច្ចដ៏សំខាន់។
គេនឹងរំពឹងថា នឹងបន្តរក្សាកំណើនសេដ្ឋកិច្ចដ៏គួរឲ្យចាប់អារម្មណ៍នេះ ក្នុងរយៈពេល៥ឆ្នាំខាងមុខដោយសេដ្ឋកិច្ចកំពុងរីកចម្រើនកាន់តែមានភាពទាក់ទាញដល់វិនិយោគិនអន្តរជាតិ។ លើសពីនេះទៀត ប្រទេសកម្ពុជាមានគោលនយោបាយថ្មីៗ ដើម្បីលើកទឹកចិត្តនឹងពង្រឹងឱកាសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មដល់អ្នកផលិត កសិកម្ម បសុសត្វ និងជលផលមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ដែលមានគុណសម្បត្តិនៃវប្បធម៌នឹងតំបន់ផងដែរ។
សន្និសីទអន្តរជាតិធំបំផុតស្តីពីកសិកម្ម ចិញ្ចឹមសត្វនិងជលផលនៅកម្ពុជារួមមានAGRI CAMBODIA 2018 ជាការតាំងពិព័រណ៍និងសន្និបាតអន្តរជាតិលើកទី៣ស្តីអំពីកសិកម្មសម្រាប់កម្ពុជាដែលបង្ហាញអំពីការលក់គ្រឿងម៉ាស៊ីនឧបករណ៍ និង ផលិតផលជាមួយនឹងបច្ចេកវិទ្យាថ្មីៗបំផុតក្នុងវិស័យកសិកម្មដូចជាគ្រាប់ពូជ គ្រាប់ធញ្ញជាតិបន្លែ រុក្ខជាតិនិងសារធាតុ គីមីផលិតផលកាពាររុក្ខជាតិ។
ជាមួយគ្នានេះដែរ LIVESTOCK CAMBODIA 2018 គឺជាពិព័រណ៍និងសន្និបាតនឹងបង្ហាញពីការកែច្នៃសាច់សត្វ អន្តរជាតិលើកទី៣សម្រាប់ប្រទេសកម្ពុជា ដែលការតាំងពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់សហគ្រិនដើម្បីពង្រីកទីផ្សារអាជីវកម្មរបស់ខ្លួនធ្វើឲ្យទាន់សម័យនូវកាច្នៃប្រឌិតចុងក្រោយបង្អស់ ផ្សារភ្ជាប់ជាមួយនឹងអតិថិជនសក្តានុពល ប្រកបដោយប្រសិទ្ធភាពនិងមានទស្សនអំពីទីផ្សារអាស៊ីអាគ្នេយ៍ រួមជាមួយនិងសកម្មភាពជាក់លាក់នានា សិក្ខាសាលាដែលគួរឲ្យទាក់ទាញ និងផ្តល់ផលប្រយោជន៍ជាមួយប្រធានបទពិសេសដែលបង្ហាញពីអ្នកជំនាញនាំមុខក្នុងនិងក្រៅប្រទេស។
ចំណែកAQUA FISHERIES គឺជាសិក្ខាសាលាជាតិលើកទី៣ សម្រាប់ការចិញ្ចឹមសត្វនិងជលផលកម្ពុជា គឺជាពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិតែមួយគត់សម្រាប់វារីវប្បកម្ម និង ជលផលនៅក្នុងប្រទេសកម្ពុជានឹងត្រូវបានធ្វើឡើងជាមួយនឹងបច្ចេកវិទ្យា ជីវសាស្ត្រ និង សម្ភារៈផ្សេងៗដែលទាក់ទង់ទៅនឹងឧស្សាហកម្មសមុទ្រ និង គ្រឿងសមុទ្រ។
លោក មៀច យ៉ាឌី ប្រធានការិយាល័យទីផ្សារកសិកម្មនាយកដ្ឋានផែនការ និង ស្ថិតិក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃប្រទេសកម្ពុជា ដែលបានចូលរួមនៅក្នុងសន្និសីទស្តីពីពិព័រណ៍ដែរនោះ បានមានប្រសាសន៍ថា ពិព័រណ៍នេះពិតជាមានសារសំខាន់ណាស់សម្រាប់ឲ្យ កសិករទទួលបាននូវចំណេះដឹងពីបច្ចេកទេសថ្មីៗនៃការដាំដុះ ដែលទទួលបានទិន្នផលខ្ពស់។
ចំណែកឯពាណិជ្ជករក៏ទទួលបាននូវឱកាសវិនិយោគថ្មីៗពីបណ្តាក្រុមហ៊ុនដែលបានចូលរួមតាំងពិព័រណ៍ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments