អ្នកប្រដាល់ជើងខ្លាំងកម្ពុជាផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃហ្វានិមិត្ត ( Fa Nemith) នាយប់ថ្ងៃសុក្រទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងកម្មវិធីប្រដាល់គូបូតារបស់បាយ័ននៅសង្វៀនស្ទឹងមានជ័យ។
ហ្វានិមិត្ត កាលពីចុងសប្តាហ៍កន្លងមកបានផ្គូផ្គងអោយប្រកួតជាមួយឡៅ ចិត្រាក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប៉ុន្តែត្រូវអាក់ខានវិញ ។ ពេលនេះ ហ្វានិមិត្តត្រូវផ្គូផ្គងឲ្យជួបជាមួយផល សោភ័ណ្ឌម្តង ។ហ្វានិមិត្ត និង ផល សោភ័ណ្ឌ នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងពីរដងហើយកន្លងមក។ហ្វានិមិត្ត មានកំនត់ត្រាប្រកួតចំនួន៦៧លើក ឈ្នះ៥៥លើក ចាញ់១១លើក ស្មើ០១លើក ។ អ្នកប្រដាល់ថៃម្នាក់នេះ មានកាយសម្បទារឹងមាំ មានកម្ពស់ប្រហាក់ប្រហែលសោភ័ណ្ឌដែរ គឺ១,៧០ម៉ែត្រ ហើយសោភ័ណ្ឌ១,៦៨ម៉ែត្រ ។ តែយ៉ាងណា ហ្វានិមិត្ត មិនដឹងថា អាចវាយឈ្នះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាផល សោភ័ណ្ឌ បានឬអត់នោះទេ? ។
ផល សោភ័ណ្ឌ ជាអ្នកប្រដាល់ជើងខ្លាំង ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃ ច្រើននាក់មកហើយនាពេលកន្លងមក ដោយវាយចាញ់តិចតួចបំផុត ដែលការជួបថៃចុងក្រោយគេនោះ ផល សោភ័ណ្ឌ វាយឈ្នះLekpetch ក្នុងទឹកទី៤ កាលពីថ្ងៃទី២២មេសា ២០១៨កន្លងទៅនេះ ។
និយាយជារួម ក្នុងការប្រកួតចំនួន១២៨លើក ឈ្នះ១១២លើក ចាញ់១៤លើក និងស្មើ០២លើក ហើយធ្លាប់ផ្តួលគូប្រកួតអោយសន្លប់លើរេញចំនួន៤០លើក ។ យ៉ាងណា សម្រាប់ការជួបអ្នកប្រដាល់ថៃហ្វានិមិត្តលើកនេះ គេនៅតែមានជំនឿទុកចិត្តលើផល សោភ័ណ្ឌថា នឹងអាចយកឈ្នះហ្វានិមិត្តនេះបានមិនខាន ព្រោះថាអ្នកប្រដាល់ថៃរូបនេះ ។
ហ្វានិមិត្ត គេមកប្រកួតលើកមុន វាយឈ្នះថុល មករា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ដោយពិន្ទុ ហើយមកលើកចុងក្រោយនេះ ហ្វានិមិត្តចាញ់ឃុន ឌីម៉ា មុនទឹកទី៥ ។
ចំពោះ អ្នកប្រដាល់ជើងចាស់ ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ ត្រូវគេផ្តល់ឪកាសអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាសិង្ហ ខេនដា ដោយជួបប្រកួតក្នុងទម្ងន់ ៦៣,៥០០ គីឡូក្រាម ។ អ្នកប្រដាល់ថៃនេះ មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក ។
ផាសិង្ហ ខេនដា មានប្រវត្តិប្រកួតចំនួន៨៣លើក ក្នុងនោះវាយឈ្នះ៦៤លើក ចាញ់១៦នេះ និង ស្មើ០៣លើក ហេតុនេះមិនធម្មតានោះឡើយ ។
ចាន់ ប៊ុនលាភ គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួសប៊ុនលាភនោះ គឺខ្លាចតែចាញ់កម្លាំងស៊ុហ្វថៃមួយមុខប៉ុណ្ណោះ ។ ចាន់ ប៊ុនលាភ មានប្រវត្តិប្រកួតមិនតិចក្រោម១០០លើកនោះទេ ប្រកួតជាមួយថៃលើកចុងក្រោយនេះ វាយចាញ់ Chhuok Chhai ក្នុងទឹកទី៤ កាលពីថ្ងៃទី១០មិថុនា២០១៨ ។
ជាលើកទី២៦របស់ចាន់ ប៊ុនលាភ ដែលឡើងប្រកួតជាមួយថៃ ។ គេមិនហ៊ានអះអាងមុនថា ប៊ុនលាភឈ្នះក្នុងការប្រកួតនេះទេ ។ ចាំមើល តើប៊ុនលាភ អាចយកឈ្នះផាសិង្ហ ខេនដា បានឬអត់ ?សម្រាប់ការជួបគ្នាលើកទី១នេះ ។
ដោយឡែក សម្រាប់ការប្រកួតជម្រុះរកអ្នកខ្លាំង ដើម្បីឈានទៅប្រកួតដណ្តើមខ្សែក្រវាត់គូបូតាទម្ងន់៥៤គីឡូក្រាមនោះ ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងជួបប្រកួតជាមួយរិទ្ធ អាទិត្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ។ចំណែកប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបជាមួយផាន ផាត់យុទ្ធ ៕
Source: Kampuchea Thmey Daily
0 Comments