កណ្ដាល ៖ ក្រោយពី មើលមុខឌឺដង ក៏កើតជាទំនាស់ ទាស់សម្តីផ្ទុះកំហឹងវាយតប់ចាក់គ្នាបណ្តាលអោយរបួសទាំងសងខាង។ លទ្ធផលអ្នករបួសធ្ងន់ចូលដេកពេទ្យ រីឯអ្នករបួសស្រាលត្រូវជាប់ខ្នោះចូលដេកគុក។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទីល្ងាច នៅចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលអធិការក្រុងតាខ្មៅបានអោយដឹងថា ជនរងគ្រោះឈ្មោះ វណ្ណ មករា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ:ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:នៅផ្ទះ(របួសធ្ងន់ ត្រង់ខ្នង)។ រីឯជនល្មើសឈ្មោះ ប៊ុន ជាសុវណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ:ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ:បើកបររថយន្តរបួសស្រាល(ឃាត់ខ្លួន)។
នគរបាលបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ជនល្មើស បានជិះម៉ូតូចេញពីផឹកស៊ីជាមួយមិត្តភក្ដិ ត្រឡប់មកផ្ទះវិញដល់ផ្លូវចូលផ្ទះ ក៏ជួបនឹងជនរងគ្រោះ ហើយក៏បានសម្លឹងមុខគ្នាទៅវិញទៅមក រួចក៏បានទាក់ពាក្យសំដីគ្នា។
បន្ទាប់មក ជនរងគ្រោះក៏បានវាយជនល្មើសបួនប្រាំដៃ ទើបជនល្មើសខឹងក៏បានទៅយកកូនកាំបិតចុងស្រួចយកមកចាក់ជនល្មើសចំខ្នងពីក្រោយបណ្ដាលអោយមានរបួសស្នាមហូរឈាម ហើយក៏បានប្រតាយប្រតប់គ្នាបណ្តាលអោយកាំបិតមុតភ្លៅជនល្មើសខ្លួនឯងមានរបួសស្នាម បន្ទាប់មកជនល្មើស ក៏បានបោះកូនកាំបិតចោល។
បើតាមសាក្សី និយាយថា ក្រោយកើតមានអំពើហិង្សា ភាគីទាំងសងខាង រងរបួសដូចគ្នា និងត្រូវបានសាច់ញាតិចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យរៀងៗខ្លួន ក្នុងនោះ មានម្នាក់របួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់ពេទ្យរុស្សី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីព្យាបាលរបួសហើយ ក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments