ភ្នំពេញ ៖ តារាចម្រៀងប្រុសកូនកាត់ប្រចាំផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ ថ្មីៗនេះ បានចេញមុខអំពាវនាវដល់មហាជនដែលចូលចិត្តធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទឹកធ្លាក់ឬកន្លែងដែលមានទឹកជ្រោះធ្លាក់ពីលើភ្នំ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ខណៈដែលកាលពីប៉ុន្មានថ្ងៃមុននេះមានករណីដ៏គួរឲ្យរន្ធត់មួយដោយបុរស២នាក់ត្រូវស្លាប់បាត់បង់ជីវិតដោយសារតែទឹកហូរកួចទម្លាក់ពីជ្រលងភ្នំ។
លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបមេត្តាបង្កើនការប្រុងប្រយ័ត្ន ក្នុងដំណើរកម្សាន្តយើងប៉ងចង់ទៅសប្បាយក៏មិនមានអ្នកណាដឹងមុនពីហេតុការណ៍ ដែលអាចកើតឡើងភ្លាមៗដែរ។ ប៉ុន្តែប្រសិនបើសភាពការណ៍មិនល្អទេ ដូចជាក្នុងវីដេអូនេះជាឧទាហរណ៍គួរតែកុំចុះទឹក។
តារាចម្រៀងប្រុសរូបសង្ហាលោក ណុប បាយ៉ារិទ្ធ និយាយទៀតថា ប្រសិនបើអាចត្រូវតែបញ្ឈប់ដំណើរកម្សាន្តភ្លាមៗ ហើយវិលត្រឡប់មកផ្ទះភ្លាម ឬផ្លាស់ប្តូរទីតាំងកម្សាន្តថ្មីផ្សេងទៀត កុំស្តាយពេលមក កុំតស៊ូជាមួយហេតុការណ៍ ដែលយើងមើលមិនឃើញទើបសប្បាយមិនក្លាយជាទុក្ខ ព្រោះពេលវេលាសប្បាយវាដិតដាមឆាប់បាត់ ជាងពេលវេលាទុក្ខសោកសូមជ្រើសរើសតំបន់រមណីយដ្ឋាន ដែលមានផាសុកភាព និងសុវត្ថិភាព។
លោក ណុប បាយ៉ារិទ្ធ បន្ថែមថា ជាក់ស្តែងដូចក្នុងវីដេអូនេះបើទោះជាព្យាយាមជួយសង្គ្រោះក៏ពិបាកនឹងរកវិធី ដោយទឹកហូរកួចខ្លាំង ខ្វះសម្ភារៈ ខ្វះអ្នកមានបទពិសោធន៍មកជួយ ចឹងហើយពិបាកនឹងរកមនុស្ស ដែលលះបង់ជីវិតប្រថុយប្រថានទៅជួយណាស់ ចូលរួមរំលែកទុក្ខគ្រួសារ ដែលបាត់បង់សមាជិកជាទីស្រឡាញ់។
គួររម្លឹកថា ការអំពាវនាវរបស់លោក ណុប បាយ៉ារិទ្ធ នេះបានធ្វើឡើង បន្ទាប់ពីឃើញវីដេអូបង្ហាញពីសកម្មភាពនៃបុរស២នាក់ ដែលត្រូវបានទឹកជ្រោះជ្រលងភ្នំស្ថិតនៅទីតាំងរមណីយដ្ឋានទឹកជ្រោះជ្រៀវលើភ្នំឱរ៉ាល់ ក្នុងឃុំថ្ពង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កួចទម្លាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ ដែលម្នាក់ជាមន្ត្រីពន្ធដារ និងម្នាក់ទៀតជាម្ចាស់តូបលក់ដូរនៅតំបន់នេះ៕
Source: Kampuchea Thmey Daily
0 Comments