ភ្នំពេញ ៖ នៅវេលាម៉ោង ៨និង ៣០ព្រឹកថ្ងៃ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសគោរមងារវិទ្យា សាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យ សភាកម្ពុជាជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៨រូប។ពិធីនេះ ឡើងនៅវិមានសន្តិភាព។
មន្ត្រីជាន់ខ្ពស់ទាំង៨រូប ដែលព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និង កិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានេះរួមមាន៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត នេត បារ៉ុម , បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា, លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ប្រភពពីរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញ ថា ឥស្សរជននិងបញ្ញាជនជាន់ខ្ពស់របស់ជាតិ ដែលទទួលបានគោរមងារទាំង ០៨រូប ដែលបានជ្រើសរើសចេញពីការបោះឆ្នោតនិងការពិនិត្យវិនិច្ឆ័យដោយ ក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជានេះនឹងរួមចំណែកក្នុងការងារអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់រស់រវើក និងមានសន្ទុះទ្វេឡើង ព្រមទាំងខិតខំសម្រេចឱ្យបាននូវស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកជូនអ្នកជំនាន់ក្រោយ ហើយដើរតួនាទីជាគំរូទាំងស្នាដៃ និងកិត្តិស័ព្ទដល់ឥស្សរជននិងបញ្ញាជនដទៃទៀត៕
Source: Kampuchea Thmey Daily
0 Comments