តាកែវ ៖ បងប្អូនកម្មករកម្មការិនី ដែលបម្រើការងារក្នុងវិស័យរោងចក្រកាត់ដេររាប់ម៉ឺននាក់ ក្នុងទឹកដីខេត្តតាកែវ បាននាំគ្នាសម្តែងការត្រេកអរសាទរចំពោះវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកគ្រោងនឹងមកជួបសំណេះសំណាលជាមួយពួកគាត់នាថ្ងៃទី២០ ខែមិថុនាស្អែកនេះ។
តាមការឲ្យដឹងជាបឋមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នឹងមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីរោងចក្ររាប់ម៉ឺននាក់ នៅទីតាំងតារាងបាល់ទាត់វត្តឈើទាល សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ចំពោះដំណឹង ដែលសម្ដេច គ្រោងអញ្ជើញមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការពិសេសកម្មករកម្មការិនីរោងចក្រសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ទន្ទឹងរង់ចាំវត្តមានសម្តេចតេជោជាយូរមកហើយ ក្រោយពីឃើញសកម្មភាព តែងតែចុះជួបកម្មករកម្មការិនីជារឿយៗទូទាំងប្រទេសនាពេលកន្លងមក។
បន្ថែមលើការរីករាយចិត្តចំពោះវត្តមានសម្តេចតេជោ ពួកគាត់បានសន្យាបន្តការគាំទ្រសម្តេចក្នុងការដឹកនាំប្រទេសកម្ពុជាទៅមុខទៀតដើម្បីសុខសុវត្ថិភាព និងការរីកចម្រើនលើគ្រប់វិស័យ ពិសេសពួកគាត់សង្ឃឹមថា សម្តេចនឹងនៅតែស្នើទៅថៅកែរោងចក្រក្នុងការដំឡើងប្រាក់ខែដល់ពួកបន្ថែមទៀតដូចដែលលោកធ្លាប់ធ្វើ និងផ្តល់ក្តីសង្ឃឹមនាពេលកន្លងមក៕
Source: Kampuchea Thmey Daily
0 Comments