Ad Code

តំបន់​ទេសចរណ៍​បឹង​ឈូក​ ផលិតផល​ទេសចរណ៍​ថ្មី​របស់​ស្រុក​បន្ទាយស្រី​ កំពុង​ទាក់ទាញ​ការ ចាប់អារម្មណ៍



សៀមរាប​ ៖​ តំបន់​ទេសចរណ៍​សហគមន៍​បឹង​ឈូក ឬ​ហៅថា ចំបក់​ធំ ជា​រមណីយដ្ឋាន​ថ្មី​មួយ ​របស់ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ដែល​ទើបតែ​បង្កើត​បាន​ប្រមាណ​ជា​បី​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​តំបន់​នេះ ​មាន​លក្ខណៈ​អំណោយផល​សម្រាប់​អ្នក​ចូលចិត្ត​ខ្យល់អាកាស​បរិសុទ្ធ​នោះ ​ហើយ​តំបន់​នេះ​ បាន​ទាក់ទាញ​ឲ្យ​អ្នក​ទេសចរ​​ក្នុងស្រុក​ចូល​ទៅ​កម្សាន្ត ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​ជិត​៨០០​នាក់។

អ្នកស្រី អ៊ឹង ម៉ី​លីង​ ជា​អ្នក​ទេសចរ​​ម្នាក់ បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​យើង​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​អ្នកនាង​បានមក​កាន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​។ អ្នកស្រី​បន្តថា រមណីយដ្ឋាន​បឹង​ឈូក​នេះ ពិត​ជា​មាន​លក្ខណៈ​ល្អ ខ្យល់អាកាស​បរិសុទ្ធ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ។

ចំណែក​អ្នក​ទេសចរ​​​ម្នាក់ទៀត ដែល​ជា​អ្នក​រស់នៅ​ក្នុង​ក្រុង​សៀមរាប គឺ​លោក​ខាន់ វណ្ណ​ឆាយ លោក​ក៏បាន​ឲ្យ​ដឹងថា ក្រៅពី​មាន​ទេសភាព​ស្អាត ខ្យល់អាកាស​បរិសុទ្ធ នៅ​តំបន់​ទេសចរណ៍​សហគមន៍​បឹង​ឈូក​នេះ អ្នក​លក់ដូរ​ក៏​រួសរាយ​រាក់ទាក់ ហើយ​តម្លៃ​ម្ហូបអាហារ​ក៏​មាន​តម្លៃ​សមរម្យ​។​
ការ​បង្កើត​រមណីយដ្ឋាន​តំបន់​ទេសចរណ៍​បឹង​ឈូក​នេះ គឺ​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍ នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍។

ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ស្រុក​បន្ទាយស្រី​ លោក​ថាប់​សារ៉ន​ បាន​មានប្រសាសន៍ថា ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​នោះ​ មាន​ទំហំ​១៤​ហិកតា និង​មាន​ព្រៃកោងកាង​ទឹកសាប​៤​ហិកតា​បន្ថែមទៀត ដោយមាន​ឈ្មោះ​ដើម​ជា​ទំនប់​ចំបក់​ធំ ប៉ុន្ដែ​នៅពេល​បាត់បង់​ដើម​ចំបក់ បាន​ប្រើ​ឈ្មោះ​តំបន់​ទេសចរណ៍​បឹង​ឈូក។ លោក​បាន​បន្ដថា កាលពី​ចុងឆ្នាំ​២០១៧ អាជ្ញាធរ​បានរៀបចំ​ក​ន្លែ​ង​ពិធី​ប្រណាំងទូក​ម្ដង​រួចមកហើយ ដោយមាន​ពលរដ្ឋ​ចូលរួម​ទស្សនា​រាប់ពាន់នាក់​។​ លោក​បាន​បន្ដថា លោក​មាន​គម្រោង​អោយ​ក្រុម​សហគមន៍​រៀបចំ​កន្លែង​ធ្វើ​យ៉ាង​អោយ​ទាក់ទាញ​អ្នក​ទៅ​កំសាក​ជាច្រើន​ទៀត ដោយមាន​បរិស្ថាន​ល្អ និង​តម្លៃ​ម្ហូបអាហារ​សមរម្យ​។

ជាមួយគ្នា​នោះ​ក៏បាន​រៀបចំ​ការពារ​ និង​អភិរក្ស​សត្វ​ស្លាប​និង​ព្រៃកោងកាង​ដោយ​សហការ​ជាមួយ​អង្គការ​ដៃគូ​​នានា​ផងដែរ​។

បើ​តាម​ប្រធាន​សហគមន៍​រមណីយដ្ឋាន​ទេសចរណ៍​បឹង​ឈូក លោក​ម៉​ង់ សុឃឿន អោយដឹងថា តំបន់​ទេសចរណ៍​បឹង​ឈូក​នោះ ​កំពុង​ទាក់ទាញ​​​ និង​មានការ​ចាប់អារម្មណ៍​ពី​អ្នក​ទេសចរ​​ខ្មែរ​យ៉ាង​ខ្លាំង ដោយសារ​តំបន់​នោះ​វា​បាន​អភិរក្ស​ជា​លក្ខណៈ​ធម្មជាតិ ជិះ​ទូក​មើល​សត្វ​ស្លាប កំសាក​តាម​ដងព្រៃ និង​ជិះ​ទូក​ទៅ​ទស្សនា​នៅ​តាម​ដង​ព្រៃ​កោងកាង​ទឹកសាប​ផងដែរ ​ដែលមាន​ទំហំ​ព្រៃ​ប្រមាណ​៤​ហិកតា​ផងដែរ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu