ភ្នំពេញ ៖ បុរសជាសន្តិសុខឯកជនម្នាក់មានវ័យ៦០ឆ្នាំទៅហើយ ត្រូវបានយុវជនជាសន្តិសុខដូចគ្នាធ្វើការជាមួយគ្នា ដាល់១ដៃដួលសន្លប់ឈឹងមួយរំពេច ដោយសារខឹងជនរងគ្រោះជេរម្រាយអត់ដឹងមូលហេតុ តែជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងជនរងគ្រោះសន្លប់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ប៊ីរីនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កឈ្មោះ ទេព វណ្ណរ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុន7YHPS solutionយាមក្នុងរោងចក្រប៊ីរីស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកំពង់សិលា ខេត្តកោះកុង។ ជនរងគ្រោះឈ្មោះ ចាន់ វ៉ាន់ជុក ភេទប្រុសអាយុ៦០ឆ្នាំមុខរបរសន្តិសុខ យាមនៅក្រុមហ៊ុនជាមួយគ្នាស្នាក់នៅក្នុងបុរីសែនមនោរម្យ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តបាត់ដំបង។
តាមជនបង្កបានសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ទើបនឹងចាប់ផ្ដើមស្រវឹង ហើយរូបគាត់បានចេញទៅល្បាតនៅក្នុងរោងចក្រខាងលើ។ បន្ទាប់មករូបគាត់បានហៅតាមអាយកូម(វិទ្យុទាក់ទង) ហើយសួរគាត់នៅឯណា ដោយសួរពីរបីដង ពេលនោះស្រាប់តែ ជនរងគ្រោះបានជេរម្តាយគាត់ដោយពោលថា អស្ចារ្យប៉ុន្មានទៅហ៎ា។ គាត់បាននិយាយថា ម៉េចបានជេរដល់ម៉ែខ្ញុំចឹងគាត់មិនបានមកលេងជាមួយពូទេ ហើយខ្លួនគំរាមជនរងគ្រោះថាតិចទ្រាំមិនបាន មិនស្គាល់ចាស់ទុំ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលជនរងគ្រោះ បានជួបមុខគ្នា ដោយជនរងគ្រោះដែលជាសន្តិសុខ បានយកខ្នោះមកវាយរូបគាត់មុន ហើយខ្លួនបានក្រវាត់ដៃទៅខ្នោះនោះបោកចំសៀតផ្កាបណ្តាលអោយរយះយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកជនរងគ្រោះខាងលើ បានស្ទុះហក់មកវាយម្តងទៀត ហើយរូបគាត់បានវាយមួយដៃទៀត បណ្ដាលអោយដួលសន្លប់ស្តូកស្តឹង។ បន្ទាប់មកសន្តិសុខនៅក្នុងរោងចក្រខាងលើ បាននាំជនរងគ្រោះទៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ តែដោយសារតែជនរងគ្រោះរបួសធ្ងន់ធ្ងរពេក ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។ នេះគ្រាន់តែជាបកស្រាយរបស់ភាគីម្ខាងប៉ុណ្ណោះ ឯភាគីម្ខាងទៀតសន្លប់នៅពេទ្យមិនបានបកស្រាយអ្វីនោះទេ តែបើតាមក្រុមសន្ដិសុខធ្វើការជាមួយគ្នាបានបង្ហើបឲ្យដឹងថាជនដៃដល់ច្រើននិយាយលេងសើចជាមួយជនរងគ្រោះជាមនុស្សចាស់ជ្រុលបន្ដិចដែរ ទើបជនរងគ្រោះខឹង ក៏កើតជាទំនាស់បែបនេះទៅ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរហើយបានឃាត់ជនបង្កមកប៉ុស្តិ៍មួយយប់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាត់ការបន្ដ ឯជនរងគ្រោះសន្លប់មិនទាន់ដឹងខ្លួននៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments