ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ដែលកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមនៅប្រទេសយេមែនបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានសម្លាប់សមាជិកនៃក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីត Hezbollah របស់ប្រទេសលីបង់ចំនួន៨នាក់នៅក្នុងការវាយប្រហារអាកាសមួយនៅភាគខាងជើងប្រទេសយេមែន ដែលស្ថិតនៅក្បែរព្រំដែនអារ៉ាប៊ីសាអ៊ូឌីត។
អ្នកនាំពាក្យក្រុមចម្រុះលោកវរសេនីយ៍ឯក Turki al-Maliki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមចម្រុះបានសម្លាប់ភេរវករចំនួន៤១នាក់នៅក្នុងទីក្រុង Maran ហើយបានបំផ្លាញយានយន្តនិងគ្រឿងបរិក្ខារបស់ពួកគេ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានសមាជិករបស់ក្រុម Hezbollah លីបង់ចំនួន៨នាក់រួមទាំងមេបញ្ជាការម្នាក់ផងដែរ”។
ទីក្រុង Maran គឺស្ថិតនៅក្នុងខេត្ត Saada ដែលជាមូលដ្ឋានរបស់ពួកឧទ្ទាមនិកាយស៊ីអ៊ីត Huthi របស់ប្រទេសយេមែនដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់។
វាជាការប្រកាសជាផ្លូវការលើកដំបូងដោយក្រុមចម្រុះដែលថា ពួកយុទ្ធជន Hezbollah របស់លីបង់ត្រូវបានសម្លាប់នៅក្នុងប្រទេសយេមែន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Hezbollah មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ AFP ចំពោះការអះអាងនោះទេ។
ជាញឹកញយ ក្រុមចម្រុះនេះតែងតែចោទប្រកាន់អ៊ីរ៉ង់ថាបានផ្តល់អាវុធទៅឲ្យពួក Huthi ដូចជាមីស៊ីលផ្លោងជាដើមដែលបានតម្រង់គោលដៅលើអារ៉ាប៊ីសាអ៊ូឌីត។
នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Riyadh, លោក Maliki បាននិយាយថា ពួកយុទ្ធជន Hezbollah គឺជាផ្នែកមួយនៃក្រុមមួយដែលកំពុងធ្វើដំណើរទៅកាន់ព្រំដែនអារ៉ាប៊ីសាអ៊ូឌីតនៅពេលដែលពួកគេត្រូវបានប្រទះឃើញដោយបណ្តាញឃ្លាំមើល។
ការប្រកាសកាលពីថ្ងៃចន្ទនេះបានកើតឡើងនៅពេលកងកម្លាំងគាំទ្ររដ្ឋាភិបាលយេមែនកំពុងជាប់ក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយពួកឧទ្ទាម Huthi ខណៈពួកគេជំរុញការវាយលុកមួយដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតនិងអារ៉ាប់រួមដើម្បីដណ្តើមយកមជ្ឈមណ្ឌលជំនួយសំខាន់នៃទីក្រុង Hodeida មកវិញ៕ AFP
[caption id="attachment_936432" align="aligncenter" width="700"]
Source: Kampuchea Thmey Daily
0 Comments