កំពត ៖ ដោយសារតែជីវភាពខ្វះខាត គ្រួសារមួយមានកូនក្នុងបន្ទុក៤នាក់ស្រី២ នាក់ប្រុស២នាក់ បានចាប់មុខរបរច្រូតស្បូវដើម្បីក្រងលក់ គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ តែខណៈដើរច្រូតស្បូវក៏ត្រូវពស់ពភ្លាក់ចឹកចំមេជើងខាងឆ្វេងបណ្តាលឲ្យមានការឈឺចុកចាប់ ហើយត្រូវប្តីដឹកមកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត។
ករណីនេះ បានកើតឡើងនៅពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨បណ្តាលឲ្យពិសជ្រាបចូលហើម ហើយឈឺចុកចាប់យ៉ាងខ្លាំង។ ក្រោយពីពស់ចឹកនៅកណ្តាលព្រៃក្បែរជើងភ្នំឆ្ងាយពីផ្ទះអ្នកស្រុកផង ស្ត្រីជាប្រពន្ធ បានឲ្យដឹងថា ពស់ដែលចឹកគាត់គឺខ្លួនវាប៉ុនចង្អុលដៃតែប៉ុណ្ណោះ ហើយក្រោយពេលចឹកស្ត្រីជាប្រពន្ឋ ពស់នេះត្រូវបានប្តីស្ត្រីរងគ្រោះវាយងាប់ដែរ។
ដោយសារតែឈឺខ្លាំងពេកក៏បានបោចស្បូវមួយសរសៃមកចងចំមុខរបួសដើម្បីកុំឲ្យពិសជ្រាបចូលក្នុងសរសៃឈាមបេះដូងរួច ហើយបានប្រើប្តីឲ្យដកដើមទន្ទ្រាំងខេត្ត ទាំងឫសបោចតែដីចេញ រួចយកមកទំពារ ទាំងឫសរួចលេបទឹកវា ទើបអន់ចុកចាប់ ដោយភ្លាមៗនោះប្តីក៏បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពតតែម្តង។ ស្ត្រីរងគ្រោះ បានឲ្យដឹងទៀតថា នាងឈ្មោះខាន់ ចាន់ណារ៉ា អាយុ ៣៧ ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ប្តីឈ្មោះស៊ិន ចិន អាយុ ៣៣ឆ្នាំ មានកូនក្នុងបន្ទុក៤នាក់ ប្រុស ២នាក់ ស្រី២ នាក់ សរុបទាំងឪពុកម្តាយ ៦នាក់កូនបងមានអាយុ១៦ឆ្នាំ(ស្រី) ។ ស្ត្រីរងគ្រោះបន្តទៀតថា ដោយសារតែជីវភាពខ្វះខាតពេកកូនៗទាំងអស់មិនបានរៀនសូត្រនឹងគេទេ។ សព្វថ្ងៃនេះគ្រួសារគាត់មានប័ណ្ណក្រីក្រ ហើយរូបគាត់មកព្យាបាលនេះមិនត្រូវបានក្រុមគ្រូពេទ្យឲ្យបង់ថ្លៃសេវាព្យាបាលនោះឡើយ ថែមទាំងយកចិត្តទុកដាក់ក្នុងការពិនិត្យនិងតាមដានជំងឺថែមទៀតផង។
ជាមួយនេះ ក្រុមគ្រូពេទ្យបានប្រាប់អ្នកព័ត៌មានយើងថា ជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយគឺ ដោយក្រុមគ្រូពេទ្យបានចាក់ថ្នាំបន្សាបពិសពស់បានទាន់ពេលវេលា ហើយជនរងគ្រោះក៏បានធូរស្រាលពីការចុកចាប់ផងដែរ។
បន្ទាប់ពីមានករណីបែបនេះកើតឡើង គ្រួសារដែលរងគ្រោះដោយពស់ចឹកខាងលើ សូមអំពាវនាវតាមរយៈសារព័ត៌មាន សូមសប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកាឬជាគ្រឿងឧបភោគ បរិភោគដើម្បីជួយសម្រួលក្នុងជីវភាពគ្រួសារដែលកំពុងតែជួបការលំបាកនេះផង៕
Source: Kampuchea Thmey Daily
0 Comments