យោងតាមការស្ទង់មតិរបស់អ្នកជំនាញសកលលោក ដែលចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ឥណ្ឌាគឺជាប្រទេសដែលមានគ្រោះថ្នាក់ជាងគេបំផុតលើពិភពលោក ចំពោះស្ត្រី ដោយសារតែមានហានិភ័យខ្ពស់នៃអំពើហិង្សាផ្លូវភេទ និងត្រូវបង្ខំឲ្យធ្លាក់ចូលក្នុងពលកម្មទាសករ។
ប្រទេសអាហ្វហ្គានីស្ថាននិងស៊ីរីដែលញាំញីដោយសង្គ្រាមគឺជាប់ចំណាត់ថ្នាក់លេខ២និងលេខ៣នៅក្នុងការស្ទង់មតិរបស់មូលនិធិ Thomson Reuters Foundation ដែលបានស្ទង់មតិអ្នកជំនាញលើបញ្ហាស្ត្រីប្រហែល៥០០នាក់។ ប្រទេសជាប់លេខ៤គឺសូម៉ាលីនិងអារ៉ាប៊ីសាអ៊ូឌីតជាប់លេខ៥។
ប្រទេសលោកខាងលិចតែមួយគត់ដែលស្ថិតក្នុងប្រទេសកំពូលទាំង១០គឺសហរដ្ឋអាមេរិក។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងម្តងទៀតពីការស្ទង់មតិក្នុងឆ្នាំ២០១១ដែលបានរកឃើញថា អ្នកជំនាញបានមើលឃើញថាប្រទេសអាហ្វហ្គានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ាគីស្ថាន ឥណ្ឌានិងសូម៉ាលីគឺជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី។
ក្រុមអ្នកជំនាញបាននិយាយថា ឥណ្ឌាកំពុងរំកិលខ្លួនមកកាន់ទីកំពូលគេនៃការស្ទង់មតិដែលបានបង្ហាញថា ប្រទេសនេះមិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះស្រាយគ្រោះថ្នាក់ដែលស្ត្រីប្រឈមមុខបន្ទាប់ពីការចាប់រំលោភនិងការសម្លាប់សិស្សម្នាក់នៅលើឡានក្រុងក្នុងទីក្រុង Delhi កាលពីជាងប្រាំឆ្នាំមុនបានធ្វើឲ្យអំពើហិង្សាលើស្ត្រីក្លាយជាអាទិភាពរបស់ជាតិ។
លោក Manjunath Gangadhara មន្ត្រីម្នាក់នៅរដ្ឋាភិបាលរដ្ឋ Karnataka បាននិយាយថា “ប្រទេសឥណ្ឌាបានបង្ហាញពីការមិនសោកស្តាយនិងមិនគោរពចំពោះការរំលោភសេពសន្ថវៈ ការវាយប្រហារនិងការរំលោភបំពានផ្លូវភេទ”។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ករណីឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីបានកើនឡើង៨៣ភាគរយនៅចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១៦នៅពេលដែលមានករណីរំលោភចំនួនបួនលើកត្រូវបានរាយការណ៍ជារៀងរាល់ម៉ោង។
អ្នកឆ្លើយតបចំពោះការស្ទង់មតិក៏បានចាត់ចំណាត់ថ្នាក់ប្រទេសឥណ្ឌាថាជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រីក្នុងការជួញដូរមនុស្សរួមទាំងទាសករផ្លូវភេទនិងសម្រាប់ការអនុវត្តតាមទំនៀមទម្លាប់ដូចជាការរៀបការដោយបង្ខំ ការគប់ដុំថ្មនិងការសម្លាប់ទារិកាផងដែរ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments