ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការថ្លែងអបអរសាទររបស់អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ លោកស្រី Pauline Tamesis បញ្ជាក់ច្បាស់ពីការទទួលស្គាល់លទ្ធផលនៃស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបទពិសោធន៍ដ៏ជ្រាលជ្រៅ ក្នុងការដឹកនាំប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។
លោក សុខ ឥសាន លើកឡើងថា មន្ត្រីជាន់ខ្ពស់នៃ អសប លោកស្រី Pauline Tamesis បានវាយតម្លៃខ្ពស់ និងការប្តេជ្ញាខ្ពស់របស់ អសប និងគាំទ្រ ចំពោះកម្ពុជា និងភាគីពាក់ព័ន្ធ ដែលសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។ លោកស្រីក៏បានថ្លែងពីជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានជ្រើសតាំងជាអនុប្រធាននៃមហាសន្និបាតលើកទី៧៣ នៃអសប និងត្រូវបានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម នៃអសប នាពេលថ្មីៗកន្លងមកនេះដែរ។
តាមលោក សុខ ឥសាន “ការថ្លែងអបអរសាទរចំពោះជោគជ័យដ៏ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់នេះ បញ្ជាក់ច្បាស់ពីការទទួលស្គាល់លទ្ធផលនៃស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានបទពិសោធន៍ដ៏ជ្រាលជ្រៅក្នុងការដឹកនាំប្រទេសពីបាតដៃទទេរហូតមានការអភិវឌ្ឈរីកចម្រើនដូចសព្វថ្ងៃនេះ ព្រមទាំងនាំប្រជាជនកម្ពុជា ឲ្យមានក្តីសង្ឃឹមតទៅអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ការវាយតម្លៃប្រកបដោយសត្យានុម័តនេះ គឺប្រៀបបាននឹងវាយសំពងទៅលើពួកមជ្ឈដ្ឋានប្រឆាំងយ៉ាងដំណំ ដែលពួកគេតែងតែនិយាយឃោសនាមួលបង្កាច់សភាពការណ៍ពិតនៅកម្ពុជា មើលទៅហាក់ដូចជាកំពុងស្ថិតនៅក្រោមភ្នក់ភ្លើងសង្គ្រាម ប្រជាជនកំពុងរត់លូនចេញពីដំបូលសន្តិភាព ដែលផ្ទុយពីការពិតទាំងស្រុង”។
លោក សុខ ឥសាន លើកឡើងបែបនេះ បន្ទាប់ពីអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិលោកស្រី Pauline TAMESIS បានអបអរសាទរកម្ពុជា ដែលត្រូវបានជ្រើសតាំងជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាត និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមរបស់អង្គការសហប្រជាជាតិ (UN) ពីព្រោះតំណែងនេះ បានបង្ហាញឲ្យឃើញពីការដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍជាតិ។
នៅក្នុងលិខិតចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី Pauline TAMESIS បានលើកឡើងថា ក្នុងឋានៈជាតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា សូមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុត សម្រាប់ការជ្រើសតាំងកម្ពុជាជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងសម្រាប់តួនាទីជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ មានអាណត្តិមួយឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៩។
លោកស្រី Pauline TAMESIS បានបញ្ជាក់ថា “យើងខ្ញុំចាត់ទុកឱកាសទាំងពីរនេះ ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបង្ហាញឲ្យឃើញពីការដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវគោលដៅអាទិភាពនៃកិច្ចអភិវឌ្ឍជាតិ និងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល”។ ជាមួយគ្នានោះ លោកស្រី Pauline TAMESIS បានសំដែងនូវការប្តេជ្ញារបស់អង្គការសហប្រជាជាតិនៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសំរាប់ទាំងអស់គ្នា។
ព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយសំឡេងគាំទ្រ១៨៣ លើ១៨៨៕
Source: Kampuchea Thmey Daily
0 Comments