កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានទៅដល់ទីក្រុងប៉េកាំងក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់គាត់ទៅកាន់ប្រទេសចិន ដើម្បីស្វែងរកកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការយោធា ខណៈភាពតានតឹងផ្នែកសន្តិសុខរវាងប្រទេសមហាអំណាចទាំងពីរនេះកំពុងកើនឡើងខ្ពស់។
ស្របពេលដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកំពុងជាប់នៅក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងខ្លាំងក្លាហើយមន្ទីរបញ្ចកោណមានកង្វល់អំពីការដាក់អាវុធរបស់ចិនលើកោះមានជម្លោះនៅសមុទ្រចិនខាងត្បូងនោះ, លោក Mattis បាននិយាយថា គាត់នឹងស្វែងរកតំបន់នានាដែលភាគីទាំងពីរចែករំលែកផលប្រយោជន៍រួមទាំងការបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើងបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
លោក Mattis គ្រោងនឹងជួបសមភាគីចិនរបស់គាត់គឺលោក Wei Fenghe ជាលើកដំបូងព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀតផងដែរដើម្បីមើលទស្សនៈរបស់ពួកគេ។
លោក Mattis បាននិយាយថា ពេលវេលាចុងក្រោយបំផុតដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកធ្វើទស្សនកិច្ចនៅប្រទេសចិនគឺកាលពី៤ឆ្នាំមុនហើយទំនាក់ទំនងរវាងកងទ័ពទាំងពីរចាំបាច់ត្រូវតែពង្រឹង។ លោកបន្តថា “ខ្ញុំគិតថា វិធីដោះស្រាយបញ្ហារវាងប្រទេសរបស់យើងទាំងពីរគឺដំបូងត្រូវតែបង្កើតកិច្ចសន្ទនាជាយុទ្ធសាស្ត្រមួយប្រកបដោយតម្លាភាពជាមុនសិន”។
ប៉ុន្តែកាសែតរដ្ឋរបស់ចិន Global Times បានព្រមាននៅក្នុងអត្ថបទវិចារណកថាមួយកាលពីថ្ងៃអង្គារថា “លោក Mattis គួរតែស្តាប់ជាជាងរិះគន់”។
កាសែតនេះបានសរសេរថា “ប្រសិនបើសហរដ្ឋអាមេរិកមិនយល់ពីអារម្មណ៍អសន្តិសុខរបស់ប្រទេសចិនឬបកស្រាយខុសអំពីភាពចាំបាច់នៃសកម្មភាពដែលចិនបានធ្វើដើម្បីកាត់បន្ថយអារម្មណ៍អសន្តិសុខទេនោះ ភាពតានតឹងនឹងមិនអាចជៀសរួចទេក្នុងទំនាក់ទំនងចិន-អាមេរិក”។
គួរបញ្ជាក់ថា ប្រមុខមន្ទីរបញ្ចកោណរូបនេះក៏នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនិងជប៉ុនផងដែរក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់តំបន់នេះ។ ដំណើរទស្សនកិច្ចនេះបានកើតឡើងខណៈការគំរាមកំហែងផ្នែកពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំងកាន់តែខ្លាំងក្លា៕ AFP
Source: Kampuchea Thmey Daily
0 Comments