Ad Code

ស្ត្រី​ម្នាក់ ​ដែល​យក​កាំភ្លើង​បាញ់​ខ្លួន​ឯង​ ប៉ង ​សម្លាប់​ខ្លួន​​ សង្ស័យ​មាន​វិបត្តិ​ផ្ទៃក្នុង​គ្រួសារ​ធ្ងន់ធ្ងរ



ភ្នំពេញ ​៖​ ស្ត្រី​ម្នាក់​ ​​សង្ស័យ​​មាន​វិបត្តិ​ផ្ទៃក្នុង​គ្រួសារ​ធ្ងន់ធ្ងរ​ បាន​ដាច់ចិត្ត​យក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់ ត្រូវ​បាន​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេល។ អំពើ​ធ្វើ​អត្តឃាត​នេះ ​បាន​កើតឡើង​ កាលពី​ព្រលប់​ ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​តាមផ្លូវ​លេខ​២៣៦ កែង​នឹង​ផ្លូវ​១៤៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី ​ដែល​បាញ់សម្លាប់​ខ្លួនឯង ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា​ ជា​ភរិយា​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ អាច​ពាក់​ដល់​ផ្កាយ​ទៀត​ផង ប៉ុន្តែ​សមត្ថកិច្ច​បាន និង​កំពុង​បន្ដ​ស្រាវជ្រាវ​បន្ថែមទៀត ទៅលើ​អត្តសញ្ញាណ​ពិតប្រាកដ និង​មូលហេតុ នៃ​អំពើ​អត្តឃាត​មិនបាន​សម្រេច​មួយ​នេះ​។​ ដោយសារ សាច់ញាតិ និង​ក្រុមគ្រួសារ​ស្ដ្រី​រងគ្រោះ មិន​ផ្ដល់​កិច្ចសហការ ដល់អ្នក​​ព័ត៌មាន​ជូន​សមត្ថកិច្ច ដែល​ចុះទៅ​សួរនាំ​នោះ​ឡើយ ពោល​ថែមទាំង​បង្វែងដាន និង​បញ្ជូន​ស្ដ្រី​រងគ្រោះ​ម្ដង​ទៅនេះ​ម្ដង​ទៅនោះ ទំនង​ខ្លាច​បែក​រឿង និង​ដឹង​ពី​អត្តសញ្ញាណ​របស់​ខ្លួន។

ប្រភព​ដដែល​បញ្ជាក់​ថា​ ករណី​បាញ់សម្លាប់​ខ្លួនឯង នេះ ត្រូវ​បាន​ប្រភព​ខ្លះ​បង្ហាញ​ថា ស្ត្រី​រងគ្រោះ មាន​បញ្ហា ជាមួយ​ប្តី ដែល​មាន​តួនាទី ធំ​នៅក្នុង​យោធា តែ​ទោះបីយ៉ាងណា​គេ​ពុំ​ដឹងថា ផ្តើមឡើង​ដោយ​រឿង​អ្វី​ឡើយ លុះដល់​ថ្ងៃ​កើត​ហេតុ គេ​បានឮ​សំឡេង​ផ្ទុះអាវុធ នៅ​ទីតាំង​ខាងលើ បន្ទាប់មក ក៏មាន​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ហើយ​នារី​រងគ្រោះ​ត្រូវបាន ក្រុមគ្រួសារ ​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ ជី​វិត។ ​អ្នក​នៅក្បែរ​កន្លែងកើតហេតុ បានអោយដឹងថា ស្ត្រី​រងគ្រោះ​បាន​បាញ់​ត្រូវ​ពោះ​ខ្លួនឯង មួយ​គ្រាប់​បណ្តាល​ឲ្យ​របួសធ្ងន់។ មូលហេតុ​យ៉ាងណា​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ។

ប្រភពពី មន្ដ្រីនគរបាល​រូបនេះ ក៏​បញ្ជាក់​បន្ថែមថា គិត​ត្រឹម​វេលា​ម៉ោង​ជិត​១២​រសៀល​ថ្ងៃ​ត្រង់នេះ ស្ដ្រី​រងគ្រោះ​បាន និង​កំពុង​បន្ដ​ជួយសង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ​កាល់ម៉ែត ប៉ុន្ដែ​បាន​ឆ្លង​ផុត​មាត់​មច្ចុរាជ ដោយ​របួសធ្ងន់​តែប៉ុណ្ណោះ​។ តាម​សេចក្ដីរាយការណ៍​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ស្ដ្រី​រងគ្រោះ​មាន​អាយុ​ជាង​២០​ឆ្នាំ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​ករណី​ស្ត្រី​ម្នាក់ បាន​បាញ់​ប៉ុនប៉ង​ស្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​បណ្តាល​ឲ្យ​របួសធ្ងន់ នៅក្នុង​ផ្ទះ​វីឡារ​ជួល​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​លេខ​២៣៦ កែង​នឹង​ផ្លូវ​១៤៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​៕ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu