អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ម៉ា​ល់តា​ហាក់ដូចជា​ត្រៀមខ្លួន​ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​សង្គ្រោះ​ឈ្មោះ Lifeline ចូលក្នុង​កំពង់ផែ​របស់ខ្លួន ​បន្ទា​ប់​ពី​អ៊ីតាលី​បដិសេធ​។ នាវា​នេះ​បាន​ជាប់​ក្នុង​ដែនទឹក​អន្តរជាតិ​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ជាមួយ​ជន​អន្តោ​ប្រវេសន៍​ជាង​២៣០​នាក់​ជិះ​នៅលើ​នោះ​។​

អ្នកនាំពាក្យ​ឈ្មោះ Benjamin Griveaux បាន​និយាយថា ដំណោះស្រាយ​ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ​រវាង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​នាយករដ្ឋមន្ត្រី​ម៉ា​ល់តា​លោក Joseph Muscat ។​

លោក Griveaux បាន​ប្រាប់​វិទ្យុ RTL ដោយ​មិន​លម្អិត​ថា “​ដំណោះស្រាយ​អ៊ឺរ៉ុប​មួយ​អាចធ្វើ​ឲ្យ​នាវា​នេះ​ចូល​ចត​ក្នុងប្រទេស​ម៉ា​ល់តា​។ វា​គឺជា​ដំណោះស្រាយ​ដែល​ហាក់ដូចជា​កំពុង​លេចឡើង​នៅពេលនេះ​”​។​

លោក​បាន​និយាយថា “​បន្ទាប់មក​ប្រទេស​បារាំង​នឹង​ត្រៀម​បញ្ជូន​ក្រុម​មួយ​ទៅ​ទីនោះ​ដើម្បី​សិក្សា​អំពី​សំណើសុំ​សិទ្ធិ​ជ្រកកោន​”​។​

Lifeline គឺជា​នាវា​ជួយសង្គ្រោះ​ទី​ពីរ​ហើយ​នៅក្នុង​សប្តាហ៍​នេះ​ដែល​បង្ហាញ​ពី​ការបែងចែក​យ៉ាងជ្រៅ​របស់​អឺរ៉ុប​អំពី​របៀប​ចែករំលែក​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​សេដ្ឋកិច្ច​។​

កាលពី​ថ្ងៃអាទិត្យ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​បរាជ័យ​ដើម្បី​បង្កើតឡើង​នូវ​ជំហរ​រួមគ្នា​មួយ​ដើម្បី​ដោះស្រាយ​ការធ្វើ​ចំណាកស្រុក​ហើយនឹង​ព្យាយាម​ម្តងទៀត​នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ចុង​សប្តាហ៍​នេះ​។​

កាលពី​ដើមខែ​នេះ នាវា​មួយគ្រឿង​ដែល​ដឹក​ជនអន្តោប្រវេសន៍​ជាង​៦០០​នាក់​ឈ្មោះ Aquarius ត្រូវបាន​រារាំង​ដូចគ្នា​មុនពេល​វា​ត្រូវបាន​ទទួល​ដោយ​ប្រទេស​អេ​ស្ប៉ា​ញ​៕ REUTERS



Source: Kampuchea Thmey Daily