Ad Code

អង្គ​រថា​យ​ហ្គឺ​រ ផ្តាច់​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​ម្នាក់ តែ​បន្ថែម​កីឡាករ​យុវជន​ម្នាក់​នៅ​ខេត្តសៀមរាប



ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 បាន​ប្រកាស​ផ្តាច់​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​របស់​ខ្លួន​ម្នាក់ តែ​សម្រេច​បន្ថែម​កីឡាករ​យុវជន​ម្ចាស់​ស្រុកលើ​ទឹកដី​ខេត្តសៀមរាប ម្នាក់​វិញ កាលពី​ពេល​ថ្មីៗ ដើម្បី​ត្រៀមខ្លួន​នៅ​ជើង​ទី​២​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ​របស់​ក្លិប​កាលពី​ពេល​ថ្មី បាន​បញ្ជាក់​ថា ​ខ្សែប្រយុទ្ធ​ជនជាតិ​កា​ម៉េ​រ៉ូ​ន​Baldwin Ngwa ត្រូវបាន​ក្លិប​បញ្ចប់​កិច្ចសន្យា​ហើយ​។ កីឡាករ​រូបនេះ​ធ្លាប់​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​, អាស៊ី​អឺរ៉ុប​, ណាហ្គា​វើ​ល និង​អង្គ​រថា​យ​ហ្គឺ​រ​។ ចំណែក​កីឡាករ​ចំណូល​ថ្មី​វិញ​មាន​ឈ្មោះថា ដោ រ៉ូ​ហ្សា​ន់ កើត​នៅ​ថ្ងៃទី​១៨ មីនា ឆ្នាំ​២០០១ នៅ​ភូមិ​គ្រួស​, ឃុំ ស្វាយដង្គំ​, ស្រុក សៀមរាប​, ខេត្ត សៀមរាប​។ រូបគេ​លេង​ជា​ខ្សែប្រយុទ្ធ​។ យុវជន​រូប​នេះ ធា្ល​ប់​លេង​នៅ​ក្លិប​យុវជន​គី​រី​ដងរែក (​តាំងពី​ឆ្នាំ ២០១៥) និង​ជម្រើស​ខេត្តសៀមរាប (​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ២០១៨ និង កីឡា​ជាតិ​លើក​ទី​២)​។



ក្រុម​អង្គ​រថា​យ​ហ្គឺ​រ កាលពីដើមឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​នាំចូល​កីឡាករ​វ័យ​១៤​ឆ្នាំ​ចំនួន​២​រូប​ជា​ខ្សែការពារ​ក្នុង​នោះ​មាន​កីឡាករ សុវណ្ណ ដូ​ណា និង ចិន ណា​រក្ស រយៈពេល​៣​ឆ្នាំ ខណៈ​ក្លិប​ធ្លាប់​បាន​ផ្ដល់​កិច្ចសន្យា​អាជីព​រយៈពេល​១០​ឆ្នាំ​ដល់​កីឡាករ​វ័យ​១៤​ឆ្នាំ ភាព ចាន់​ដេវីត កាលពី​ឆ្នាំមុន​។ កីឡាករ​ទាំង​៣​ជា​យុវជន​នៅ​ខេត្តសៀមរាប ដែលជា​ទឹកដី​របស់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ផ្ទាល់​តែម្តង​។ កន្លងមក​ក្លិប​ក៏​ធ្លាប់​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​ជើងចាស់​ចំនួន​៧​នាក់​រួម​មក​ក្នុង​ក្រុម​ធំ​ដូចជា​កីឡាករ តាំង ពិសី​, ហម បញ្ញា​, ឆុង ប៊ុណ្ណា​ត​, ថន សីហា​, ពេជ្រ សុវណ្ណ​ខេមរិន្ទ​, ស៊ឹង ណា​រិ​ទ្ធ និង គង់ ឧត្ដម ជាដើម​។

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោល​គឺ អាច​ឡើងដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពីរដូវកាល​ ឆ្នាំ២០១៧ កន្លងមក ធ្វើជា​ទឹកដី​ របស់ខ្លួន​រាល់​ការ​ប្រកួតនានា​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu